BREAKING NEWS
Search

រដ្ឋបាល​រាជធានី​សោកស្តាយ ចំពោះ​សេចក្តី​ថ្លែងការណ៍​បំភ្លៃ​ការពិត របស់​គណបក្ស​ខ្មែរ​ឈ្នះ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សេចក្តី​ថ្លែងការណ៍​បំភ្លៃ​ការពិត របស់​គណបក្ស​ខ្មែរ​ឈ្នះ ដែល​របាយការណ៍​នេះ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន​។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ២០២០​នេះ សេចក្តី​ប្រកាស​ព័ត៌មាន​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សម្ដែង​នូវ​ការ​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​សេចក្ដីថ្លែងការណ៍​លេខ ១០៨/២០ គ​.​ខ​.​ឈ​. ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ របស់​គណបក្ស​ខ្មែរ​ឈ្នះ ដែល​មាន​ខ្លឹមសារ​ប្រាស់​ចាក​ពី​ស្មារតី​នៃ​កិច្ចប្រជុំ រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណបក្ស​ខ្មែរ​ឈ្នះ នា​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ការ​ចោទប្រកាន់​មក​លើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា បាន​ដាក់​បម្រាម ដោយ​ហាមឃាត់​ចំពោះ​ការប្រកាស ដឹកនាំ​ធ្វើបាតុកម្ម​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន និង​ថែមទាំង​លើកឡើង​ខុសពី​ការពិត​ទាំងស្រុង​ថា អាច​មាន​ការ ប៉ះទង្គិច និង​ឈានទៅដល់​ការចាប់ខ្លួន​បាតុករ ពាក់ព័ន្ធ​ការដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​នេះ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ជូន​សាធារណជន បណ្ដា​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​បណ្ដាញ​សង្គម ទាំងអស់​មេត្តា​ជ្រាប​ថា ក្រោយពី​ទទួល​បាន​លិខិត​ជូនដំណឹង នៃ​ការធ្វើ​បាតុកម្ម​របស់ គណបក្ស​ខ្មែរ​ឈ្នះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ និង​អ្នកពាក់ព័ន្ធ ដើម្បី​ជួបប្រជុំ​ពិភាក្សា​អំពី​គោលបំណង និង​ការថែរក្សា សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​កំឡុង ពេលធ្វើ​បាតុកម្ម​ខាងលើ​។

ក្នុង​កិច្ចពិភាក្សា​នេះ លោក យិន ជឿន តំណាង​គណបក្ស​ខ្មែរ​ឈ្នះ បាន​លើក​ឡើង​អំពី​គោលបំណង និង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​បាតុកម្ម ដោយមាន​អ្នកចូលរួម​ជាច្រើន​ពាន់​នាក់​។​ បន្ទាប់មក តំណាង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ជូន​ទៅ​តំណាង​គណបក្ស​ខ្មែរ​ឈ្នះ​ថា ការ​ជូន​ដំណឹង​ធ្វើ បាតុកម្ម​នេះ មាន​លក្ខណៈ​មិន​សមស្រប ទៅ​នឹង​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ ១៩ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នានា ដូចជា លិខិត​លេខ ០៩៧ សខល ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២០ របស់​ក្រសួងសុខាភិបាល ស្ដីពី​ការជំរុញ​អប់រំ​សុខភាព​ជូន​ប្រជាជន និង​ពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​រលក​ទី​២ នៃ​ការ​ចម្លង ជំងឺ​កូ​វីដ​១៩ មាត្រា​៩ នៃ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​គោលបំណង​នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យមាន​ការ ដោះលែង​ទៀតសោត មិន​ស្រប​មាត្រា ៥២២ មាត្រា ៥២៣ និង​មាត្រា ៦០៧ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ទាប់ពី​ធ្វើការ​ពិភាក្សា​គ្នា​អស់​រយៈពេល​ប្រមាណ​ជា ២​ម៉ោង តំណាង​គណបក្ស​ខ្មែរ​ឈ្នះ​បាន​ឯកភាព តាម​ការ​លើក​ឡើង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​យល់ព្រម​លើក​ពេល​នៃ​ការ​ធ្វើ​បាតុកម្ម និង​ជូនដំណឹង​ពី​ការ​ធ្វើ បាតុកម្ម​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាថ្មី​ម្ដងទៀត តាម​ពេលវេលា និង​ស្ថាន​ភាពសមស្រប​។

ក្នុង​ន័យ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ថ្កោលទោស​ចំពោះ​សេចក្ដីថ្លែងការណ៍ របស់​គណបក្ស​ខ្មែរ​ឈ្នះ​ខាងលើ ដែល​ជា​ទង្វើ​ឆ្លៀត​បោកប្រាស់​សាធារណមតិ ដើម្បី​ទទួលបាន​ការចាប់ អារម្មណ៍​ពី​សាធារណជន​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន គតិយុត្តិ​នានា មុន​នឹង​ធ្វើ​សេចក្ដីថ្លែងការណ៍ ហើយ​ត្រូវធ្វើ​ការ​កែប្រែ​ជាបន្ទាន់​នូវ​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃ ទី​១១ ខែសីហា ឆ្នាំ​២០២០ ឲ្យ​ស្របតាម​កំណត់ហេតុ​ប្រជុំ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ​ពី​សាធារណជន​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114