រដ្ឋបាល​រាជធានី សហការ​ជាមួយ​អង្គការ​ចៃ​កា ដំឡើង​ម៉ូ​ទ័​រកា​យ​សំរាម​ស្វ័យប្រវត្តិ មុខ​ចម្រឹង​ដែក​នៅ​ស្ថានីយ៍​បូមទឹក​៤​កន្លែង
BREAKING NEWS
Search

រដ្ឋបាល​រាជធានី សហការ​ជាមួយ​អង្គការ​ចៃ​កា ដំឡើង​ម៉ូ​ទ័​រកា​យ​សំរាម​ស្វ័យប្រវត្តិ មុខ​ចម្រឹង​ដែក​នៅ​ស្ថានីយ៍​បូមទឹក​៤​កន្លែង

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក្រោម​ការដឹកនាំ​របស់លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​ខណៈ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​ការស្តារ​ប្រឡាយ​លូ ការស្ថាបនា​លូ​ថ្មីៗ ដែលមាន​ទំហំ​មុខកាត់ ១​ម៉ែត្រ ១​ម៉ែត្រ​កន្លះ ២​ម៉ែត្រ​រហូតដល់ ២​ម៉ែត្រ​ខ្លះ​ជាដើម ដើម្បី​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា​នេះ​។

ជាក់ស្ដែង​សម្រាប់​ពេលនេះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្រោម​ការសហការ​ជាមួយ​អង្គការ​ចៃ​កា បាន​ដំឡើង​ម៉ូ​ទ័​រ​កាយ​សំរាម​ស្វ័យប្រវត្តិ​មុខ​ច​ម្រឹង​ដែក​នៅ​ស្ថានីយ​បូមទឹក​ចំនួន​៤​កន្លែង​នៅ​តាម​បណ្ដោយ​ទន្លេសាប​មុខ​ព្រះ​គ​ន្លុ​ង​ និង នៅមុខ​មហោស្រប​ចតុមុខ​ស្ថិតក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​២២​ឧសភា​នេះ​ថា ការ​ដំឡើង​ម៉ូ​ទ័​រកា​យ​សំរាម​ស្វ័យប្រវត្តិ​មុខ​ច​ម្រឹង​ដែក​នៅ ស្ថានីយ​បូមទឹក​ចំនួន​៤​កន្លែង​នេះ រួម​មាននៅ​ស្ថានីយ​បូមទឹក​ផ្សារ​ចាស់​១​កន្លែង នៅ​ស្ថានីយ​បូមទឹក​ព្រះ​គ​ន្ល​ង់​២​កន្លែង​ និង ​នៅ​ស្ថានីយ​បូមទឹក​មហា​ស្រប​ចតុមុខ​ចំនួន​១​កន្លែង ដែល​ការ​បំពាក់​នូវ​ម៉ាស៊ីន​ចាប់​សំរាម​ទំនើប​ទាំង​៤​កន្លែង​នេះ​គឺ​ស្ថិតនៅក្នុង​គម្រោង​ការពា​រ​ទឹកជំនន់​ជំហាន​ទី​៤​របស់​អង្គកា​ចៃ​ការ​។​

សូម​បញ្ជាក់​ថា គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៤ ក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ០៤​ខែ​មិនា​ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​០៤​របស់​ចៃ​កា​មាន​ទឹកប្រាក់ សរុប​ប្រមាណ​៣៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​គម្រោង​នេះ រួមមាន​ការសាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី ស្ថានីយ​បូមទឹក​របារ ត្រង់​សំរាម​មេកានិច​ប្រវត្តិ រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក ។ ក្នុងនោះ​ការសាងសង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​តំបន់​ខាងជើង​វត្តភ្នំ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​តំបន់ ខណ្ឌទួលគោក​៕
ស្រីរ័ត្ន

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114