រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តី​ពី​ជំងឺ​កូ​រ៉ូ​ណា​នៅ​ទីក្រុង​វៀងចន្ទន៍​

​ភ្នំពេញ ៖ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៥ ដោយមាន​ចូលរួម​ពី​រដ្ឋមន្ត្រី​ការ​បរ ទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​ចិន និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តី​ពី​ជំងឺឆ្លង​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា (COVID-19) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ រយៈពេល​២​ថ្ងៃ​។​

​បើ​តាម​ក្រសួង​ការ​ការបរទេស បាន​ឲ្យ​ដឹង​ថា ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ខាង​លើ​នេះ ធ្វើឡើង​តាម​លិខិតអញ្ជើញ​របស់ ឯកឧត្តម សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៥ នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរ ទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៤ ដែល​បាន​រៀបចំឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ពិភាក្សា​ពី​ទិសដៅ​អនាគត​របស់​កិច្ច​សហប្រតិបត្តិការ​នេះ ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​ចំណែក​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តី​ពី​ជំងឺឆ្លង​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា នឹង​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រិះរក​មធ្យោបាយ និង​របៀប​ថ្មីៗ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា​នេះ ហើយ​ដែល​នៅ​ក្នុង​ឱកាស​នោះ ឯក​ឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជម្រាប​អំពី​ព័ត៌មាន​ចុងក្រោយបង្អស់​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា ក៏ដូចជា វិធានការណ៍​ដែល​បាន​ដាក់​ចេញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​នេះ នៅ​កម្ពុជា​។​

​ការ​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​មិន​ត្រឹមតែ​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​គំរាមកំហែង​ដល់​សុខភាព​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​ពី​ការ​គាំទ្រ និង​ទំនុក​ចិត្ត​មុតមាំ​របស់​កម្ពុជា ចំពោះ​វិធានការណ៍​ចាំបាច់​នានា របស់​រដ្ឋាភិបាល​ចិន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា​នេះ​ផង​ដែរ​៕

អត្ថបទ៖ កោះ​កែវ​