BREAKING NEWS
Search

រដ្ឋមន្ត្រីការបរទេស​កម្ពុជា លើកទឹកចិត្ត​ឲ្យ​ចាប់ផ្តើម​ចរចា​ឡើងវិញ ដើម្បី​សម្រេចបាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC)

ភ្នំពេញ ​៖ ការ​លើកទឹកចិត្ត​ទឹកចិត្ត​ឲ្យ​ចាប់ផ្តើម​ចរចា​ឡើងវិញ ដើម្បី​សម្រេច​បាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC)​នេះ ត្រូវបាន​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៧ តាម​ប្រព័ន្ធ​វីដេអូ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា កិច្ចប្រជុំ​នាពេលនេះ ធ្វើឡើង​នៅក្នុង​បរិបទ​នៃ​ការ​រួមបញ្ចូល​គ្នា នៃ​កម្លាំង​ចម្បង​ពីរ គឺ​ទីមួយ​, ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ដែល​ជា​កម្លាំង​ធម្មជាតិ ដែល​បាន​រាតត្បាត​ពាសពេញ​សកលលោក ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក បណ្ដាល​ឲ្យ​មាន​ចំនួន​អ្នកស្លាប់​កើនឡើង​គួរឱ្យ​រន្ធត់ និង​បង្កឱ្យមាន​ផលប៉ះពាល់​ផ្នែក​សុខភាព និង​ផ្នែក​សេដ្ឋកិច្ចសង្គម​យ៉ាងធ្ងន់ធ្ង​រ ទី​ពីរ​, កត្តា​មនុស្ស គឺ​ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច និង​ការដកខ្លួន​ជា​ឯកតោភាគី​គួរឱ្យ​សោកស្តាយ ពី​ការប្តេជ្ញា​ចិត្តជា​អន្តរជាតិ ក្នុងពេលដែល​ពិភពលោក​កំពុង​រំពឹង​អំពី​ការទទួលខុសត្រូវ​កាន់​តែ​ធំ​ឡើង ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​វិបត្តិ​ពិភពលោក​នេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ទៀត​ថា កាលពី​ខែ​មុន អាស៊ាន​បានចេញ​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ស្តីពី​សារៈសំខាន់​នៃ​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​បង្ហាញ​នូវ​បំណងប្រាថ្នា​ដ៏​មុតមាំ​របស់​យើង ដើម្បី​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​អព្យាក្រឹតភាព ក្នុង​តំបន់ ក៏ដូចជា ពង្រឹង​បទដ្ឋាន និង​គុណ​តម្លៃ​នៃ​ការប្រកាន់យក​សន្តិភាព​ជា​ស្នូល ដើម្បី​ធានាបាន​នូវ​វិបុលភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​។ លោក​បន្តថា សេចក្តីប្រាថ្នា និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​យើង គឺ​ដើម្បី​ចៀសវាង​ការ​កាន់ជើង​ភាគី​ណាមួយ ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច និង​ការធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​ប្រជែង​គ្នា​នេះ​។ អតីតកាល​នៃ​សោកនាដកម្ម​របស់​កម្ពុ​ជា​យើង បាន​ក្រើនរំលឹក​យើង​ជានិច្ច អំពី​រឿងរ៉ាវ​ដែល​កម្ពុជា​ធ្លាប់​ឆ្លងកាត់ នៅក្នុង​ស្ថានភាព​ដ៏​សែន​លំបាក និង​សោក​ដៅ​ជាទីបំផុត​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា វិបត្តិ​សកល និង​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ននេះ បាន​បង្វែរ​ការ​យកចិត្ត​ទុកដាក់ ធនធាន និង​ថាមពល​នយោបាយ​ទាំងអស់ ឱ្យ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។ ដំណើរការ​សន្តិភាព​អន្តរ​កូរ៉េ ក៏បាន​ឈានដល់​ភាពទាល់ច្រក​ផងដែរ​។ ជានិច្ចកាល កម្ពុជា​តែងតែ​គាំទ្រ​នូវ​កិច្ចខិតខំ​ប្រឹង​អន្តរជាតិ ដើម្បី​សម្រេចបាន​នូវ​ការរំសាយ​អាវុធ​នុយ​ក្លេ អ៊ែរ​ប្រកបដោយ​សន្តិភាព ភាព​ពេញលេញ ភាព​ដែល​អាច​ត្រួតពិនិត្យបាន និង​ភាព​មិនអាច​ត្រឡប់​ក្រោយ​វិញ​បាន នៅក្នុង​ឧបទ្វីប​កូរ៉េ ជាពិសេស តាមរយៈ​យន្តការ​នាំមុខ​របស់​អា​ស៊ាន គឺ​វេទិកា​តំបន់​អាស៊ាន​។ ការ​រក្សា​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឱ្យបាន​ល្អ ក៏​មាន​សារៈសំខាន់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាងលើ​ផងដែរ​។

លោក​ថា​នៅពេល​ដែលមាន​ភាព​តានតឹង​ខ្ពស់ បញ្ញាញាណ​របស់​យើង​កំណត់ថា យើង​គួរ​ជះ​ទឹក​ដើម្បី​រំលត់ភ្លើង មិនមែន​ចាក់​ប្រេង​បន្ថែម​នោះ​ទេ​។ ក្នុងនាម​ជា​រដ្ឋ ដែល​មិន​ទាមទារ​អធិបតេយ្យ កម្ពុជា​ភ្ជាប់​ខ្លួន​ទៅនឹង សេចក្តីប្រាថ្នា​រួម ដែល​ប្រទេស​នានា​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ​ថា សមុទ្រ​ចិន​ខាងត្បូង​គឺជា​សមុទ្រ​នៃ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។ ដើម្បី​សម្រេចបាន​គោលបំណង​នេះ កម្ពុជា​លើកទឹកចិត្ត​គ្រប់ភាគី​ទាំងអស់​ជាពិសេស​ភាគី ដែល​ពាក់​ព័​ន្ធ​ផ្ទាល់​អនុវត្ត​សេ​ចក្តី​ថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ ចិន​ខាងត្បូង (DOC) ឱ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ដែលជា​មធ្យោបាយ​មួយ​ក្នុងការ​ធ្វើ​ឲ្យមាន​ទំនុកចិត្ត និង​ភាពជឿជាក់ ហើយ​កម្ពុជា​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការបន្ត​កិច្ចសន្ទនា​រវាង​ភាគី​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS 1982)​។

បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពេលនេះ​ក៏​ជា​ពេលវេលា ដើម្បី​បង្កើន​សកម្មភាព​របស់​យើង​ទៅលើ​ការបង្ការ​តាមផ្លូវ​ការទូត ខណៈពេលដែល​យើង​បន្ត​ពង្រឹង​វិធាន​ការកសាង​ទំនុកចិត្ត ដែលមាន​ស្រាប់​។ យើង​គួរតែ​បែងចែក​បញ្ហា​រវាង “​ការគ្រប់គ្រង​ដោយ​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​” ដែល​វេទិកា​តំបន់​អាស៊ាន​អាចធ្វើ​បាន​ក្នុង​អាណត្តិ​របស់​ខ្លួន ក្នុងនាម​ជា​វេទិកា​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ សន្តិសុខ​ពហុភាគី​ដ៏​សំខាន់​បំផុត និង​”​បញ្ហា​ជម្លោះទឹកដី​” ដែល​មិន​ស្ថិតនៅក្រោម​ដែន​សមត្ថកិច្ច​របស់​វេទិកា​តំបន់​អាស៊ាន​នោះទេ​។

លោក​បញ្ជាក់​ថា ក្នុង​ស្មារតី​នេះ កម្ពុជា​លើកទឹកចិត្ត​ឱ្យមាន​ចាប់ផ្តើម​ចរចា​ឡើងវិញ ដើម្បី​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) ឲ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធិភាព និង​ខ្លឹមសារ ស្របទៅតាម​ច្បាប់​អន្តរជាតិ និង​ដើម្បី​ទាញយក​មកវិញ​នូវ​ពេលវេលា ដែល​បាត់បង់​ដោយសារ​ការរំខាន​នៃ​ជំងឺ​កូ​វីដ​-១៩​។ កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​វិធានការណ៍​ជាក់ស្តែង​ផ្សេងទៀត ដែល​អាច​កាត់បន្ថយ​ភាព​តានតឹង និង​ហានិភ័យ​នៃ​គ្រោះថ្នាក់ ព្រមទាំង​ការយល់ច្រឡំ និង​ការវាយតម្លៃ​ខុស​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114