BREAKING NEWS
Search

រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​គំរាមកំហែង​ពិភពលោក

ភ្នំពេញ​ ៖ មន្ត្រី​ជាន់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​១១ ខែសីហា នេះ​ថា រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ ខណៈដែល​គេ​មើល​ឃើញ​ថា ជំងឺ​កូ​វីដ​-១៩ កំពុង​វាយប្រហារ ក៏ដូចជា​រាតត្បាត​យ៉ាងខ្លាំង​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ហើយ​កម្ពុជា​ក៏​ទទួលរង​គ្រោះ​តិចតួច​ពី​ការ​រាតត្បាត​នេះ​ផងដែរ​។

បើ​តាម​ក្រសួងការបរទេស លោក MOTEGI Toshimitsu នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០​។ នៅក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នោះ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​នៅក្នុង​ជំនួប​នោះ នឹង​ពិភាក្សា​បញ្ហា​មួយចំនួន​ដូចជា បញ្ហា​ទ្វេភាគី និង​ពហុភាគី​និង​បញ្ហា​តំបន់​ជាដើម ដែលជា​ចំណាប់អារម្មណ៍​រួម​។

ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ​នេះដែរ លោក MOTEGI Toshimitsu នឹង​អញ្ជើញ​ទៅ​គោរព វិញ្ញាណក្ខន្ធ​នៅ​ចេតិយ​របស់​លោក អាត់​ស៊ូ​ហ៊ី​រ៉ូ ណា​កាតា អតីត​បុគ្គលិក​ស្ម័គ្រចិត្ត​ជប៉ុន​របស់​អង្គការសហប្រជាជាតិ និង​លោក ហា​រូ​យូគី តា​កាតា អតីតមន្ត្រី​ប៉ូលិស​ស៊ីវិល​របស់​អ៊ុនតាក់​ផងដែរ​។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង​ប្រទេស​ទាំងពីរ​នៅលើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ហើយក៏​ជាការ​បង្ហាញ​នូវ​សាមគ្គីភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩ ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114