ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​ផ្តាំផ្ញើ​ឲ្យ​និស្សិត ដែល​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ដើរ​តួនាទី​​ជាមន្ត្រី​ការទូត ដើម្បី​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅកាន់​អន្តរជាតិ

​ភ្នំពេញ ៖ ការ​ផ្តាំផ្ញើ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នេះ បាន​ធ្វើឡើង​ខណៈ​ពេល​លោក​បាន​អនុញ្ញាត​ឲ្យ​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​៣៧​រូប ទៅ​សិក្សា​នៅ​អូស្ត្រាលី និង​នូ​វែ​ល​ហ្សេ​ឡង់​ចូលជួប​សម្តែង​ការគួរសម និង​ទទួលយក​អនុសាសន៍ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា ​នៅ​ក្នុង​កិច្ច​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​ បាន​ផ្តាំផ្ញើ​ដល់​និស្សិត​ទាំងអស់​ ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ ដូចជា​សិក្សា​ពី​អាកាសធាតុ និង​ប្រពៃណី​ទំនៀមទម្លាប់​ប្រទេស​គេ​ឲ្យ​បាន​ដឹង​ជាមុន ដើម្បី​ត្រៀមលក្ខណៈ ជាពិសេស​អាកាសធាតុ​។ ត្រូវ​ត្រៀម​សំលៀកបំពាក់​ទៅតាម​អាកាសធាតុ​នៅ​ប្រទេស​របស់​គេ និង​ថ្នាំ​ដង្កូវ​ផ្សេងៗ ដើម្បី​ស្រួល​ក្នុង​ការ​រស់នៅ​កុំ​ឲ្យ​មាន​ភាព​ឆ្គាំឆ្គង និង​ត្រូវ​ខិតខំ​ស្វែងយល់​ពី​ភាសា​របស់​គេ ពីព្រោះ​ការ​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​របស់​គេ​មិនមែន​ប្រើ​ភាសា​ខ្មែរ​នោះ​ទេ គឺ​គេ​ប្រើ​ភាសា​អង់គ្លេស​។

នៅ​ពេល​ទៅដល់ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ផ្ដាំផ្ញើ​ឲ្យ​និស្សិត​របស់​យើង ធ្វើ​យ៉ាង​ណា​ខិតខំ​រៀន​សូត្រ​ទទួលយក​ចំណេះដឹង ចំណេះ​ធ្វើ ក៏ដូចជា​បទពិសោធន៍​ល្អៗ​នៅ​ប្រទេស​របស់​គេ ដើម្បី​នាំ​យក​មក​បម្រើ​ប្រទេស​របស់​យើង​វិញ និង​ជាពិសេស​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឲ្យ​បាន​ល្អ ពីព្រោះ​នៅ​ប្រទេស​ខ្មែរ​យើង​មាន​ឪពុកម្ដាយ មាន​បងប្អូន សម្រាប់​គ្រប់គ្រង ប៉ុន្តែ​នៅ​ពេល​ចេញ​ក្រៅ​ប្រទេស​សំខាន់​ខ្លួនឯង គឺ​ត្រូវ​ចេះ​បែងចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់ មានការ​វិភាគ​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការសិក្សា ហើយ​ត្រឡប់មកវិញ​យកចំណេះ​វិជ្ជា​មក​កសាង​ប្រទេសជាតិ​។

ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ផ្ដាំផ្ញើ​និស្សិត​ទាំងអស់ ត្រូវ​តាំង​ខ្លួនឯង​ជា​ខ្មែរ នៅ​ពេល​ប្រតិបត្តិ​ខ្លួន​នៅ​ក្រៅ​ប្រទេស ត្រូវ​ដើរតួ​ខ្លួនឯង​ដូចជា​ឯកអគ្គរដ្ឋទូត​មួយ​រូប​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដូច្នេះ​ធ្វើ​យ៉ាង​ណា​រក្សា​តម្លៃ​ខ្មែរ​រក្សាខ្លួន និង​ប្រទេស​ខ្លួន​ជា​ខ្មែរ ហើយ​ផ្សព្វផ្សាយ​ភាព​រុង​រឿង​របស់​ខ្មែរ ទាំង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជា​វប្បធម៌ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ជាពិសេស​ប្រាសាទ​នានា​ពីព្រោះ​ជា​ការ​ល្អ​នៅ​ពេល​បរទេស​ទៅ​រៀន​ជាមួយ​យើង ហើយ​ឆ្ងល់​អំពី​បញ្ហា​អ្វីមួយ ហើយ​សួរ​មក​យើង យើង​អាច​បកស្រាយ​ប្រាប់​គេ​បាន​ច្បាស់លាស់ ដូច្នេះ​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ខ្មែរ​ហើយ​តំណាង​ឲ្យ​ខ្មែរ ហើយ​ត្រូវ​ស្វះស្វែង​យក​បទពិសោធន៍​ល្អៗ​មក​បម្រើ​ប្រទេសជាតិ​យើង​វិញ​។

​ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ថា ក្នុងនាម​ជា​អ្នកដឹកនាំ​ត្រូវ​កសាង​ខ្លួនឯង​ឲ្យ​បាន​ល្អ ធ្វើការ​ងារ​ដោយ​មិន​ខ្លាច​នឿយហត់ និង​តាំងចិត្ត​ស្រឡាញ់​ប្រទេសជាតិ​ឲ្យ​បាន​ច្រើន ឲ្យ​បាន​ខ្លាំង និង​កសាង​ខ្លួនឯង​ជា​មនុស្ស​ស្អាតស្អំ និង​មាន​ចំណេះដឹង​ច្បាស់លាស់​។

ទាក់ទង​បញ្ហា​អាហារ​រូបករណ៍​នេះ​ដែរ លោក កុយ គួ​ង បាន​បញ្ជាក់​ថា ប្រទេស​អូស្ត្រាលី បាន​ដល់​ផ្ដល់​អាហារូបករណ៍​មក​ឲ្យ​ប្រទេស​កម្ពុជា​យើង តាំងពី​ឆ្នាំ​១៩៩៤ ហើយ​ពីរ​ឆ្នាំ​១៩៩៤ មកដល់​២០០៩ ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​អាហារូបករណ៍​មក​ឲ្យ​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​២០រូប សម្រាប់​តែ​មន្ត្រីរាជការ​ប៉ុណ្ណោះ ហើយពី​ឆ្នាំ​២០១០ រហូតមកដល់​ពេលនេះ ប្រទេស​អូស្ត្រាលី​បាន​ពង្រីក​អាហារូបករណ៍​ចាប់ពី​៤០ ទៅ​៥០ នាក់ ដោយ​មិនបាន​កម្រិត​ថា មន្ត្រីរាជការ ឬ​និស្សិត​នោះទេ គឺ​បានផ្ដល់​ជាទូទៅ​តែម្ដង ហើយ​អាហារូបករណ៍​ដែល​ប្រទេស​អូស្ត្រាលី​ផ្ដល់​ពី​ឆ្នាំ​១៩៩៤ មកដល់ពេលនេះ គឺមាន​ចំនួន​៨៥៣ កន្លែង ហើយ​ក្នុងនោះ​មន្ត្រីរាជការ​ជាង​៥០០ កន្លែង​។

ចំណែក​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ បាន​ចាប់​ផ្ដើម​ផ្ដល់​អាហារូបករណ៍​មក​ឲ្យ​កម្ពុជា​កាលពី​ឆ្នាំ​២០០៥ មកដល់​២០១៩ នេះ​សរុប​មាន​ចំនួន​២៨៥ នាក់​។

​ជា​ការ​កត់សម្គាល់​កន្លង​មក​និស្សិត ដែល​បាន​ចេញទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​និង​នូ​វែ​ល​ហ្សេ​ឡង់​នេះ​ កន្លងមក​ភាគច្រើន​ទទួល​សញ្ញាប័ត្រ​ស្ទើរ​១០០​ភារ​យ ត្រឡប់មកវិញ បើ​ប្រៀបធៀប​ជាមួយ​ក្រុម​និស្សិត​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ ដែល​បាន​ចេញទៅ​សិក្សា​ដូចគ្នា គឺ​ភាព​ជោគជ័យ​មិន​ដូច​ខ្មែរ​យើង​ទេ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114