រដ្ឋមន្ត្រីការបរទេស​អាស៊ាន ឯកភាព​បង្កើត​មូលនិធិ​អាស៊ាន ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

ភ្នំពេញ ៖ ការ​ឯកភាព​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៥ ស្តីពី​ជំងឺ​កូ​វីដ​១៩ តាមរយៈ Video Conference កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២០ ដែល​កិច្ចប្រជុំ​នេះ នៅ​កម្ពុជា​ចូលរួម​ដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​។

​តើ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​កិច្ចប្រជុំ​បាន​ឲ្យ​ដឹង​ថា នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់ ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន លើ​វិធានការ​ឆ្លើយតប​រួមគ្នា ទៅនឹង​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​កូ​រូ​ណា ឆ្នាំ​២០១៩​។

​បើ​តាម​ក្រសួងការបរទេស នៅក្នុង​កិច្ចប្រជុំ​នោះ ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្លា ក្នុង​ការជំរុញ​បន្ថែម​ទៀត​នូវ​វិធានការ​រួមគ្នា ដើម្បី​ដោះស្រាយ​នឹង​ជំងឺ​កូ​វីដ​១៩ និង​ផលប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម ដែល​បណ្តាល​មក​ពី​វីរុស​នេះ ជាពិសេស​ផល​ប៉ះពាល់​ទៅលើ​ដំណើរការ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន តាមរយៈ ការ​លើកកម្ពស់​ការ​សម្របសម្រួល​គោលនយោបាយ ការ​ចែក​រំលែក​នូវ បទពិសោធន៍ និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ ក៏ដូចជា​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់ជំនួយ​ដល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​សមាជិក​អាស៊ាន​។

​ជាមួយគ្នា​នោះ បាន​ឯកភាព​បង្កើត​មូលនិធិ​អាស៊ាន​សម្រាប់​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វីដ​១៩ ក្នុង​គោលបំណង ដើម្បី​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះខាត​ឧបករណ៍​វេជ្ជសាស្ត្រ ផ្តល់​ការគាំទ្រ​ដល់​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ឱសថ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ និង​ប្រើប្រាស់​សម្រាប់​ការ​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​បន្ទាន់​នានា​ក្នុង​ពេលអនាគត​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញាចិត្ត​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​សង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​ការ​បើកចំហរ​ទីផ្សារ ព្រមទាំង​ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បី​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​តំបន់ និង​សាកលលោក ព្រមទាំង​ស្តារ​ឡើងវិញ​នូវ​ទំនុកចិត្ត​របស់​អតិថិជន និង​សហគមន៍​ធុរកិច្ច និង​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​សង្គម​-​វប្បធម៌ និង​បាន​ទទួល​ស្គាល់​នូវ​សារៈសំខាន់ នៃ​កិច្ចសហការ​ប្រកបដោយ​ភាព​ស្ថាបនា ជាមួយ​ប្រទេស​ដៃគូ​ខាងក្រៅ រួមទាំង​ដៃគូ​សន្ទនា​អាស៊ាន និង​ស្ថាប័ន​អន្តរជាតិ ដើម្បី​ពង្រីក​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា នៅក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជា​សាកល ទៅនឹង​ជំងឺ​កូ​វីដ​១៩​។

នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាប​ជូន​អង្គប្រជុំ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​វីរុស​កូ​វីដ​១៩ និង​កាត់បន្ថយ​បញ្ហា​ប្រឈម ខាង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម និង​បាន​អះអាង​សាជាថ្មី​នូវ​ការ​ប្តេជ្ញា​យ៉ាង​មុតមាំ​ដើម្បី​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​សាកល​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទី​១, អាស៊ាន​គួរ​ផ្តោត​ជា​សំខាន់​លើ​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​តំបន់ លើកកម្ពស់​ការ​ត្រៀមខ្លួន​ជាស្រេច និង​វិធានការ​ឆ្លើយតប ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ផល​ប៉ះពាល់​នានា ដែល​បណ្តាល​មក​ពី​វីរុស​កូ​វីដ​១៩ តាមរយៈ​ការ​លើក​កម្ពស់​ការ​សម្របសម្រួល គោលនយោបាយ​រវាង​ប្រទេស​សមាជិក​អាស៊ាន​។ ទី​២, ធ្វើការ​រួមគ្នា ដើម្បី​ពង្រឹងសមត្ថភាព ក្នុង​ការ​ដោះស្រាយ​ជម្ងឺ​រាតត្បាត​តាមរយៈ​ការ​ផ្លាស់ប្តូរ​ជំនាញ​បច្ចេកទេស និង​បទពិសោធន៍​នានា ធ្វើការ​ចែករំលែក​នៃ​វិធីសាស្ត្រ​ព្យាបាល និង​ការធ្វើ​តេស្ត​ស្វែងរក​រោគសញ្ញា និង​ការពិនិត្យ​លទ្ធភាព​ឲ្យ​មាន​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​រួមគ្នា នូវ​ឱសថ និង​វ៉ាក់សាំង​សម្រាប់​ប្រឆាំងនឹង​ជំងឺ​នេះ​,​ ​បន្ត​ផ្តល់ជំនួយ និង​ការគាំទ្រ​ចាំ បាច់​នានា ដល់​ប្រជាពលរដ្ឋ​អាស៊ាន ជាពិសេស​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រឈមមុខ​នឹង​ការលំបាក ដែល​បណ្តាលមកពី​ការដាក់​កម្រិត​ការធ្វើដំណើរ ការ​បិទ​រោងចក្រ និង​ព្រំដែន​បណ្តោះអាសន្ន ព្រម ទាំង​ប្រជាពលរដ្ឋ​អាស៊ាន ដែល​ពុំ​អាច​ស្វែងរក​ជំនួយ និង​ការ​គាំទ្រ​ខាង​ផ្នែក​កុងស៊ុល ពី​បណ្តា​ស្ថាន​តំណាង​នៃ​ប្រទេស​ខ្លួន ប្រចាំ​នៅ​ប្រទេស​ទី​៣​។ ទី​៣,​លើក កម្ពស់​ការពិគ្រោះ​យោបល់​ឱ្យ​កាន់តែ​ជិតស្និទ្ធ ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អប្បបរមា​នូវ​ឧបសគ្គ​នានា​ចំពោះ​សង្វាក់​នៃ​សកម្មភាព​ពាណិជ្ជកម្ម និង​ការ​ផ្គត់ផ្គង់​ទំនិញ​ក្នុង​តំបន់ តាមរយៈ​ការបន្ត​បើក​ចំហ​នូវ​ទីផ្សារ​អាស៊ាន ដើម្បី​ធានា​ឲ្យ​បាន​នូវ​លំហូរ​នៃ​ការ​ផ្គត់​ផ្គត់​ទំនិញ​ចាំបាច់​នានា ជាពិសេស​ស្បៀងអាហារ និង​សម្ភារៈ​វេជ្ជសាស្ត្រ​។ ទី​៤,​ធ្វើការ​ដោយ​ជិតស្និទ្ធ និង​ទាន់ ពេលវេលា​ជាមួយនឹង​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន និង​អង្គការ​អន្តរជាតិ ព្រមទាំង​ធនាគារ​អភិវឌ្ឍន៍​ទាំង​ថ្នាក់​តំបន់ និង​ពហុភាគី ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មិន​ត្រឹមតែ​ផ្នែក​សុខាភិបាល​សាធារណៈ​នេះ ក៏ដូចជា​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ជា​កញ្ចប់​ហិរញ្ញវត្ថុ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ ប្រកបដោយ​ភាពរឹងមាំ ច្បាស់លាស់ និង​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​នូវ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម។

ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំងអស់ មានប្រសាសន៍​បង្ហាញ​អំពី​សាមគ្គីភាព ជា​ភាសាជាតិ​រៀងៗ​ខ្លួន ដែល​មាន​អត្ថន័យ​ថា “​យើង​រួបរួម​គ្នា ជាមួយនឹង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩”​ ​ហើយ​កិច្ចប្រជុំ សង្ឃឹមថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​ស្តីពី​ជំងឺ​កូ​វីដ​១៩ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស ស្តីពី​ជំងឺ​កូ​វីដ​១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ Video Conference នឹង​ប្រព្រឹត្តទៅ​ប្រកប ដោយ​លទ្ធផល​ជា​ផ្លែផ្កា​៕
កោះ​កែវ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114