រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាច្បាប់មួយសំខាន់ ចាំបាច់ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយបណ្តាប្រទេសនានា
BREAKING NEWS
Search

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ ជាច្បាប់មួយសំខាន់ ចាំបាច់ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយបណ្តាប្រទេសនានា

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលជាច្បាប់មួយមានសារសំខាន់ និងចាំបាច់ ដែលមិនត្រឹមតែបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់ សម្រាប់ជំរុញបន្ថែមផ្នែកក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងការធានាដល់ការអនុវត្តសន្ធិសញ្ញានានាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានមូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយនឹងបណ្តាប្រទេសជាមិត្ត ដោយឈរលើគោលការណ៍ នៃការគោរពអធិបតេយ្យ និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ព្រមទាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។

ក្នុងនាមសហការីទាំងអស់ តាងនាមតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចប្រធានរដ្ឋសភា និងអង្គសភាទាំងអស់ ដែលបានផ្តល់សម្លេងគាំទ្រ និងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ។

លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ក៏បានលើកឡើងចំពោះអង្គសភាដែរថា ច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌដែលមាន ៦ជំពូក និង៤៤មាត្រានេះ ឆ្លងតាមការសិក្សាគណៈកម្មការជំនាញរបស់រដ្ឋសភាក៏យល់ឃើញថា ជាច្បាប់មានភាពចាំបាច់ និងសំខាន់ ហើយទម្រង់ច្បាប់ក៏ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រម្នាក់មកពីគណបក្សប្រជាជនក៏បានសម្តែងនូវការគាំទ្រសេចក្តីព្រាងច្បាប់ទាំងមូល ថាជាច្បាប់សំខាន់និងចាំបាច់សម្រាប់សង្គមជាតិកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាសកលលោកផងដែរ។

សូមបញ្ជាក់ថា សេចក្តីច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនេះ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្តល់សម្លេងគាំទ្រ និងអនុម័តដោយសម្លេង ១០៨សំឡេង នៃអង្គសភាទាំងមូល នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ។

នៅព្រឹកថ្ងៃដដែលនេះដែរសម័យប្រជុំពេញអង្គរបស់រដ្ឋសភាលើកទី៤ នីតិកាលទី៦ ក៏បានបន្តលើកយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមអោយព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ មកពិភាក្សា និងផ្តល់ការគាំទ្រអនុម័តដោយសម្លេង ១០៦សម្លេង នៃអង្គសភាទាំងមូល ជូនរាជរដ្ឋាភិបាលទុកជាការប្រញាប់ផងដែរ៕

អត្ថបទ៖ សុងយោ