ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីក្រសួង​ការងារ​ជួបពិភាក្សា​ការងារ​ជាមួយ​តំណាង​សមាគម​ផ្តល់​សេវា​ការងារ​សាធារណៈ​ពិភពលោក

សៀមរាប ៖ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជួបពិភាក្សា​ការ ងារ​ជាមួយ លោកស្រី Eve-Marie Mosseray លេខា​ប្រតិបត្តិ​នៃ​សមាគម​ផ្ដល់​សេវា​ការងារ​សាធារណៈ​ពិភព​លោ ក​(WAPES) ដើម្បី​រឹត​បន្តឹង​កិច្ចសហប្រតិបត្តិការ រវាង​សមាគម និង​ទីភា្នក់​ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ។​
​ជំនួប​ពិភាក្សា​ការងារ​នេះ​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​លអ ង្គ​រ ភូ​គី​ត្រា​ខេត្តសៀមរាប​។

នៅក្នុង​ជំនួប​នោះ​លោក​បណ្ឌិត អ៊ិត សំហេង​បាន​សម្តែង​នូវ​អំណរគុណ​ជាថ្មី​ម្តងទៀត ដល់​អនុប្រធាន ទទួលបន្ទុក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក សមាជិក​ក្រុមប្រឹក្សាភិបាល លេខាធិការ​ប្រតិបត្តិ និង​សមាជិក​របស់ WAPES ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សហការ​សម្របសម្រួល​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ក្នុង​ការ​រៀបចំ​ឲ្យ​មាន​សន្និសីទ​ថ្នាក់​តំបន់​ដ៏​មាន​សារប្រយោជន៍​នេះ​ឡើង ព្រមទាំង​អរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​វាគ្មិន​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ​ដើម្បី​ចូលរួម​ចែករំលែក​នូវ​ចំណេះដឹង បទពិសោធន៍​ជោគជ័យ និង​ការអនុវត្ត​ល្អ​នៅក្នុង​សន្និសីទ​នេះ​។

ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​សមាជិក WAPES បន្ត​ជួយ​គាំទ្រ​ដល់​សេវា​ការងារ​របស់​កម្ពុជា​ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ បន្ថែមទៀត​។

នៅក្នុង​ជំនួប​នេះ​ដែរ លោកស្រី Eve-Marie Mosseray ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​សនិ្នសីទ​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​សមាគម​ផ្តល់​សេវា​ការងារ​សាធារណៈ​ពិភពលោក​បាន​យ៉ាង​ល្អ ព្រមទាំង​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​សន្និសីទ​នេះ​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ផងដែរ​។

លោក​បណ្ឌិត អ៊ិត សំហេង លើកឡើង​ថា ជា​ការ​ពិត​ណាស់ ជោគជ័យ​ដែល​NEA សម្រេច​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​លើ​នេះ មិនអាច កាត់​ផ្តាច់​បាន​ពី​ការ​ជួយ​គាំទ្រ​ជ្រោមជ្រែង​ជាប្រចាំ​ពី​សំណាក់​សមាជិក WAPES ក្នុង​ក្របខណ្ឌ​ពហុភាគី និង​ទ្វេភាគី ជាពិសេស ប្រទេស​កូរ៉េ ជប៉ុន និង​ស៊ុយអែត និង​ដៃគូរ​អភិវឌ្ឍន៍ ជាពិសេស​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)។

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​សមាជិក​ថ្មី​មួយ​ក្នុងចំណោម​សមាជិក​ចំនួន​១២ នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក របស់​សមាគម​ពិភពលោក​នៃ​សេវា​ការងារ​សាធារណៈ (WAPES) ដែលមាន​សមាជិក​សរុប​ចំនួន​៨២​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​សមាគម​ផ្តល់​សេវា​ការងារ​សាធារណៈ​ពិភពលោក (WAPES) ស្តីពី “​ឌីជីថល​នីយកម្ម​ក្នុង​សេវា​ការងារ​សាធារណៈ កាលពី​ថ្ងៃទី​២​និង​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​អង្គរ ភូ​គី​ត្រា ខេត្តសៀមរាប​។

​សន្និសីទ​នេះ គឺ​បេសកកម្ម​យ៉ាង​សំខាន់​មួយ​របស់ WAPES ក្នុង​គោលបំណង​បង្កើតជា​វេទិកា​សម្រាប់​ការដកស្រង់​បទពិសោធន៍​ពង្រីក​ចំណេះដឹង និង​ផ្តល់​ការគាំទ្រ​ដល់​រដ្ឋ​សមាជិក​ក្នុងការ​បង្កើន​ជំនាញ​ថ្មីៗ​ពាក់ព័ន្ធ​ការផ្តល់សេវា​ការងារ​សាធារណៈ​តាម​ប្រព័ន្ធ​ឌីជីថល​ឲ្យ​កាន់តែ​ប្រសើរឡើង​។

សន្និសីទ​នេះ ត្រូវបាន​រៀបចំឡើង ចំពេល​វេលា និង ក្នុង​បរិការណ៍​ដែល​ឌីជីថល​នីយកម្ម​ក្នុង​ការផ្តល់សេវា​គ្រប់​ប្រភេទ កាន់តែ​មាន​ភាព​សកម្ម​ខ្លាំងក្លា​ឡើង ដែល​តម្រូវ​ឲ្យ​មានការ​ត្រៀមខ្លួន និង​ស្រូបយក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​សម្រាប់ធ្វើ​ទំនើបកម្ម​សេវា​ការងារ​សាធារណៈ​នៅ​កម្ពុជា​។
ជាង​នេះ​ទៅ​ទៀត​សន្និសីទ​នេះ​ក៏​ជា​វេទិកា​ផ្តល់នូវ​កាលានុវត្តភាព​ក្នុង​ការ​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការអនុវត្ត​ល្អ​ពាក់ព័ន្ធ​ការផ្តល់សេវា​ការងារ​សាធារណៈ ក្នុងចំណោម​រដ្ឋ​សមាជិក​ដែលមាន​ការអភិវឌ្ឍន៍​ខ្លាំងក្លា​ផ្នែក​ការផ្តល់សេវា​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល ព្រមទាំង​ការ​បង្ហាញ​ពី​ករណី​សិក្សា​នៃ​ការចាប់ផ្តើម​ស្រូបយក​បច្ចេកវិទ្យា​ឌីជីថល​ចូលក្នុង​ការផ្តល់សេវា​ការងារ​របស់​រដ្ឋ​សមាជិក​ថ្មីៗ​ដូចជា ប្រទេស​កម្ពុជា​ជាដើម​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114