រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​អះអាង​ថា ​ចលនា​ទេសចរ​ក្នុងស្រុក​បាន​បន្ត​កើនឡើង​បណ្ដើរៗ​វិញ​ហើយ

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើង​ថា ​ក្នុង​រយៈពេល​២​សប្ដាហ៍​ដើមខែ​ឧសភា ឆ្នាំ២០២០​នេះ ចលនា​ទេសចរ​ក្នុងស្រុក​បាន​បន្ត​កើនឡើង​បណ្ដើរៗ​វិញ​ហើយ​។

ជាក់ស្ដែង​ភ្ញៀវទេសចរណ៍​ប្រមាណ​ជាង ២៥ ម៉ឺន​នាក់​ បាន​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ដែលមាន​ការ​កើន​ឡើង​ជិត ៤៧% បើ​ធៀប​នឹង​ពីរ​សប្តាហ៍​ចុងខែ​មុន​។

បើ​តាម​លោក​បណ្ឌិត ថោង ​ខុន ​ដែល​បាន​លើក​ឡើង​នៅក្នុង​គេហទំព័រ​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឲ្យ​ដឹង​ថា «​សម្រាប់​រយៈពេល​ចាប់ពី​ថ្ងៃទី​០៤​ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវ​ទេសចរ​ដែល​បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ប្រទេស បាន​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ចំនួន​សរុប​ប្រមាណ ២៥៦,៥៤១​នាក់​កើនឡើង ៤៦.៧៦​ភាគរយ​ធៀប​នឹង​ពីរ​សប្តាហ៍​នៃ​ចុង​ខែមេសា​កន្លងមក​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ក្នុងចំណោម​ភ្ញៀវទេសចរ​ណ៍សរុប​ជាង ២៥​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២៥៣,២៥៦ នាក់​កើនឡើង ៤៦.៦៤ ភាគរយ និង​ភ្ញៀវ​បរទេស​មាន​ប្រមាណ ៤,២៨៥ នាក់​កើនឡើង ៧.៤៧ ភាគរយ​។

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បង្ហាញ​ការ​កត់សម្គាល់​ថា ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង ភាគច្រើន​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍​នា​ភូមិភាគ​ឦសាន ភាគ​និរតី និង​តំបន់ឆ្នេរ ពិសេស​ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប​។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ចំពោះមុខ​នៃ​ការ​កើនឡើង​ចលនា​ទេសចរ​ផ្ទៃ​ក្នុង​នេះ​ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​រៀបចំ​នូវ​វិធានការ (​ស្ដង់ដា​ពិសេស​) សម្រាប់​សុវត្ថិភាព​ទេសចរណ៍ ក្នុង​នោះ​រួមមាន​ក្រម​ប្រតិបត្តិការ គោលការណ៍​ណែនាំ​ចាំបាច់​មួយចំនួន​បន្ថែម​ពីលើ​វិធានការ​សុវត្ថិភាព និង​អនាម័យ​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ជាពិសេស​ការ​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​មួយចំនួន ចំពោះ​បុគ្គលិក ភ្ញៀវទេសចរ និង​ដៃគូ​សហប្រតិបត្តិការ​តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែល​នឹង​បញ្ចប់​ក្នុង​សប្តាហ៍​ក្រោយនេះ​៕
សំអឿន

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114