BREAKING NEWS
Search

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បញ្ជា​ឲ្យ​បើកទ្វារ​ទឹក​ប្រព័ន្ធ​ធារាសាស្ត្រ ស្ទឹង​ស្រែង ដើម្បី​បញ្ជូន​ទឹក​ទៅ​រក្សាទុក​នៅ​អាង​ស្ពាន​ស្រែង

​ភ្នំពេញ ​៖ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​មន្ត្រី ជំនាញ បើកទ្វារ​ទឹក​ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​ស្រែង (​ជំហាន​ទី ១) ដើម្បី​បញ្ជូន​ទឹក​ទៅ​រក្សាទុក​នៅ​អាង​ស្ពាន​ស្រែង ស្ថិតក្នុង​ខេត្តសៀមរាប។

ក្រសួង​បាន​ ឲ្យ​ដឹង​កាលពី ថ្ងៃទី ២០ សីហា ថា បើទោះជា មួយ​រយៈ កន្លង​មក​នេះ ភ្លៀង បាន បន្ត​ធ្លាក់​ជា បន្តបន្ទាប់ ស្ទើរ​គ្រាប់​កន្លែង រហូត ដល់​តំបន់ ខ្លះ កើតជា ជំនន់ ទឹកភ្លៀង ផង​។​ប៉ុន្តែ ការធ្លាក់​ភ្លៀង​ច្រើន​ជា​បន្តបន្ទាប់ តែ​មិនបាន​រាយប៉ាយ​ស្មើ​ល្អ បានធ្វើ​ឲ្យ​តំបន់​មួយចំនួន​ជួប​គ្រោះទឹកជំនន់ និង​មួយចំនួនទៀត​បែរជា​ជួប​ការខ្វះខាត​ទឹក​ទៅវិញ។ ជា​បទបញ្ជា​របស់​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម គឺ​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ទាន់​ពេល​វេលា ក្នុងការ​បង្វែរ​ទឹក​ពី​តំបន់​ដែល​សម្បូរ​ហូរ ហៀរ ទៅកាន់​តំបន់​ដែល​ខ្វះខាត សម្រាប់​បម្រើ​ឲ្យ​ការស្រោចស្រព​ផង និង​បម្រុង​ទុក​សម្រាប់​បំពេញ​សេចក្តីត្រូវការ​នាពេលខាងមុខ​ផង។

​ទន្ទឹម​នឹង​ការ​បញ្ជូន​ទឹក​ទៅ​បំពេញ​អាង​ត្រពាំងថ្ម ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៨ នេះ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​បើកទ្វារ​ទឹក​ប្រព័ន្ធធារាសាស្ត្រ ស្ទឹង​ស្រែង (​ជំហាន​ទី ១) ស្ថិត​ក្នុង​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន ០១ ប្រឡោះ​បន្ថែម​ទៀត ដើម្បី​បញ្ជូន​ទឹក​ទៅ​រក្សាទុក​នៅ​អាង​ស្ពាន​ស្រែង ស្ថិតក្នុង​ខេត្តសៀមរាប។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្លាក់​ភ្លៀង​ច្រើន​ជា​បន្តបន្ទាប់ តែ​មិនបាន​រាយប៉ាយ​ស្មើ​ល្អ បាន​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​ជួប​គ្រោះទឹកជំនន់ និង​មួយចំនួនទៀត​បែរជា​ជួប​ការខ្វះខាត​ទឹក​ទៅវិញ៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114