ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ដាក់​ផែនការ ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឪ​វាទ​ក្រសួង ខិតខំ​បន្តទៀត លើ​បញ្ហា​ទឹក និង​ផលប៉ះពាល់ ដល់ កសិករ

ភ្នំពេញ​ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ណែនាំ​និង​ជំរុញ​ដាក់​ផែនការ​ឲ្យ មន្ត្រី​ថ្នាក់ដឹកនាំ ទទួលបន្ទុក​តាម​មុខព្រួញ​រាជធានី​-​ខេត្ត ឲ្យ​បន្ត​ចុះ​ពិនិត្យ​ជាប់​ជាប្រចាំ លើ​បញ្ហា​ទឹក ធ្វើយ៉ាងណា​ត្រូវ​អន្តរា​គម​ន៍ ការ​បូមទឹក សង្គ្រោះ​ស្រូវ ជួយ​ដល់​កសិករ ឲ្យ​បាន​ទាន់​ពេល​វេលា និង​ផល​ប៉ះពាល់ ដល់​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​កត្តា គ្រោះធម្មជាតិ ត្រួតពិនិត្យ​លំអិត ផែនទី ស្តីពី​ទឹកជំនន់ (Flood Mapping)។

ការ​ថ្លែង​របស់​លោក រដ្ឋមន្ត្រី​បានធ្វើ​ឡើង កាលពី ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅ​ក្នុង​កិច្ចប្រជុំ បូកសរុប វាយតម្លៃ និង​លើក​ទិសដៅ​ការងារ វិស័យ​ធនធាន​ទឹក និង​ឧតុនិយម ដោយមាន​ការ​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​គ្រប់​បណ្តា​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម និង​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​តាម​មុខព្រួញ​រាជធានី​-​ខេត្ត នៅ សាល​ប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម។ ក្រសួង​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ប្រព្រឹត្តទៅ​រយៈពេល ០២ ថ្ងៃ ពីថ្ងៃ​ទី ៣-៤ ខែធ្នូ ឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​-​ខេត្ត គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​អាជ្ញាធរ​ទន្លេសាប។

មាន ប្រសាសន៍​នាឱ​កាស​នោះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នាពេលនេះ មាន​សា​រះ​សំខាន់ និង​គោលបំណង ទី១- ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ទឹក ទាំង​ទឹកភ្លៀង និង​ទឹកទន្លេ ពី​បរិមាណ និង​ពេលវេលា ដោយ​ធ្វើការ​ប្រៀបធៀប​ឆ្នាំ​ចាស់ និង​មធ្យម​ភាគច្រើន​ឆ្នាំ​, ទី ២- ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ ២០១៩ តើ​មានការ​ខូចខាត និង​ប៉ះពាល់​ប៉ុន្មាន នៅ​ទីតាំង​ណាខ្លះ និង​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ឆ្នាំ ២០១៩-២០២០ ដោយ​ពិនិត្យ​លើ​ស្ថានភាព​ទឹក​ជាក់ស្តែង និង​មាន​វិធានការ​យ៉ាងណា​នៅ​ពេល​ជួប​ការខ្វះខាត​ទឹក​, ទី ៣- បណ្តា​វិធាន​ការដែល​ក្រសួង​បាន និង​កំពុង​អនុវត្ត​នាពេល​កន្លងមក​, ទី ៤- មូលហេតុ​អ្វី​បានជា​បណ្តា​រាជធានី ខេត្ត​មួយចំនួន​ផ្ទៃដី​បង្កបង្កើនផល ត្រូវ​បាន​បាត់បង់ ឬ​រួម​តូច បណ្តាលមកពី​អ្វី​? និង​ទី ៥- ការត្រួតពិនិត្យ​លំអិត​បន្ថែម​ពាក់ព័ន្ធ​នឹង​ការរៀបចំ​នូវ​ផែនទី ស្តីពី​ទឹកជំនន់ (Flood Mapping)៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114