រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដែល​ប្រព្រឹត្ត​អំពើពុករលួយ
BREAKING NEWS
Search

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដែល​ប្រព្រឹត្ត​អំពើពុករលួយ

ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី លោក កើត រិ​ទ្ធ បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​ណា ដែល​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើពុករលួយ នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​សំណុំរឿង​កកស្ទះ​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​ការព្រមាន​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​។

លោក កើត រិ​ទ្ធ ថ្លែង​យ៉ាងនេះ​ថា “​នៅក្នុង​យុទ្ធនាការ​នេះ មិន​អនុញ្ញាត​ឲ្យ​មាន​ករណី​ត្រីងៀត​ឆ្លៀត​ពង​ទេ ភាសា​សាមញ្ញ មានន័យថា មិន​អនុញ្ញាត​ឆ្លៀតឱកាស​យក​យុទ្ធនាការ​នេះ ដើម្បី​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ឬ​ដើម្បី​អ្វីមួយ​ដែលជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។ អញ្ចឹង​អភិក្រម​នេះ ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ហើយ យើង​នឹង​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដែល​បាន​ប្រព្រឹត្ត​ខុស នឹង​ទទួល​បាន​មកវិញ​នូវ​ការឆ្លើយតប​យ៉ាង​ម៉ឺង​ម៉ាត់ ទាំង​ផ្នែក​ផ្លូវច្បាប់ ទាំង​ផ្នែក​វិជ្ជាជីវៈ​”​។

លោក​រដ្ឋមន្ត្រី​ថ្មី​បញ្ជាក់​ទៀត​ថា “​នេះ​គឺ​យើង​បាន​បញ្ជាក់​ច្បាស់​ហើយ ហើយ​ក្រសួងយុត្តិធម៌​ក៏​ធ្លាប់​បានបញ្ជាក់​ផង​ដែរ តាមរយៈ​ផេ​ក​របស់​ខ្លួន អំពី​ជំនួប​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ មានន័យថា ប្រសិនបើ​មាន​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​យុទ្ធនាការ​នេះ គឺ​ក្រសួងយុត្តិធម៌ ចាត់​នីតិវិធី​ឆ្លើយតប​យ៉ាង​ម៉ឺង​ម៉ាត់ ទី​១ ទី​២ ក្រសួងយុត្តិធម៌​ក៏បាន​ជួប​ជាមួយ​សាលា​ជម្រះក្តី​ជាន់ខ្ពស់​ផង​ដែរ ហើយ​បន្ត​ទៅ​ទៀត​នេះ នឹង​ជួប​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ធានា​ថា កំហុស​វិជ្ជាជីវៈ ក៏​ត្រូវតែ​ទទួលខុសត្រូវ​ផ្នែក​វិជ្ជាជីវៈ ហើយ​កំហុស​វិន័យ​ធំ​ជាង​គេ​ផ្នែក​វិជ្ជាជីវៈ គឺ​ការបណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​”​។

ជា​មួយ​គ្នា​នេះ លោក​រដ្ឋ​មន្ដ្រី​ថ្មី ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន ត្រូវ​ចូលរួម​ផ្ដល់​ព័ត៌មាន​មក​ក្រសួងយុត្តិធម៌ ក្នុងករណី​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​ដែល​បាន​កើតឡើង នៅក្នុង​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​នេះ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ជនរងគ្រោះ​។

លោក​រដ្ឋមន្ដ្រី​អះអាង​ថា កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ភាព​ជោគជ័យ​ធំ គឺ​ការចូលរួម​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ក្រប​ដោយ​ការទទួលខុសត្រូវ ដូច្នេះ​មានន័យថា ប្រសិនបើ​ចៅក្រម និង​ព្រះរាជអាជ្ញា ធ្វើការ​ងារ​នេះ​កាន់តែ​សកម្ម ការ​ដោះស្រាយ​ការ​កកស្ទះ បាន​លទ្ធផល​កាន់​តែ​ច្រើន​។ ដោយឡែក​សម្រាប់​ក្រសួងយុត្តិធម៌​ផ្ទាល់ បាន​កំណត់​ទិសដៅ​របស់​ខ្លួន​ថា ប្រសិនបើ​មានការ​ចូលរួម​សុ​ឆន្ទៈ​ពី​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​រយៈពេល​ពី​៦​ខែ​ទៅ​៩​ខែ នឹង​អាច​សម្រេច​លទ្ធផល​ប្រហែល​៥០​ទៅ​៧០​ភាគរយ​។

សូម​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ សំណុំរឿង​ដែល​កំពុង​ចាត់ការ​នៅ​តាម​សាលាដំបូង​រាជធានី​-​ខេត្ត មាន​ចំនួន​៣៩,១៥២ សំណុំរឿង (​គ្រឿងញៀន​មាន​ចំនួន ៦,២៦០​សំណុំរឿង​) និង​មាន​អ្នក​ជាប់ឃុំ​សរុប​មាន​ចំនួន ១២,៦៥១​នាក់ (​អ្នក​ជាប់ឃុំ​នៅក្នុង​សំណុំរឿង​គ្រឿងញៀន​មាន​ចំនួន ៦,៩០០​នាក់​)​។ ផ្អែក​តាម​ទិន្នន័យ​ដែល​ប្រមូលបាន គ្រាន់តែ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សំណុំរឿង​ដែល​នៅសល់​មិនទាន់​ចាត់ការ​រួច​ពី​ឆ្នាំ​២០១៩ មាន​រហូតដល់​១២,០០០​សំណុំរឿង ហើយ​សំណុំរឿង​ដែល​ចូល​ថ្មី មាន​ជា​មធ្យម​ប្រមាណ​ពី​៧០០​រឿង ទៅ​៩០០​រឿង ក្នុង​មួយខែ​ដែល​បាន​ធ្វើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងស្ថានភាព​បច្ចុប្បន្ន​មិនអាច​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​បាន​ដោយ​ខ្លួនឯង​នោះទេ​៕
កោះ​កែវ

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114