រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ លើកទឹកចិត្ត​ឲ្យ​យុវជន​ងាក​មក​សិក្សា​ជំនាញ​សិល្បៈ​គំនូរ​បែប​សហ​សម័យ​ឲ្យ​បាន​ផុសផុល​បន្ថែម​ទៀត

ភ្នំពេញ​ ៖​ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​បំផុស​ឲ្យ​សិស្ស​និស្សិត​ងាក​មក​សិក្សា​លើ​មុខជំនាញ​សិល្បៈ​គំនូរ​បែប​សហ​សម័យ​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ចូលរួម​លើកស្ទួយ​ដល់​សិល្ប​និង​វប្បធម៌​ខ្មែរ​។

ថ្លែង​ក្រោយ​ចូលរួម​បើក​សម្ពោធ​ពិព័រណ៍​សិល្បៈ​គំនូរ​សហ​សម័យ​នៅ​សារមន្ទីរ​ជាតិ​ កាលពី​រាត្រី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩ លោកស្រី​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ការ​ជំរុញ​ឲ្យ​សិស្ស​និស្សិត​រៀន​លើ​ផ្នែក​សិល្បៈ​គំនូរ​បែប​សហ​សម័យនេះ​ ដោយសារ​បច្ចុប្បន្ននេះ​ជំនាញ​វិជ្ជាជីវៈ​នេះ​កំពុងតែ​ពេញ​និយម​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

លោកស្រី​រដ្ឋមន្ត្រី​បាន​បន្តទៀត​ថា ​នៅ​ពេល​ដែល​សិស្ស​និស្សិត​មាន​សមត្ថភាព​និង​ទេពកោសល្យ​ខ្ពស់​លើ​វិជ្ជាជីវៈ​ផ្នែក​សិល្បៈ​គំនូរ​ទាំង​បុរាណ​និង​សហ​សម័យនេះ​កាន់តែច្រើន​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដល់​ពិភពលោក​បាន​ស្គាល់​និង​ដឹង​នូវ​សិល្បៈ វប្បធម៌​ប្រពៃណី​និង​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ខ្មែរ​ពី​សម័យកាល​ក៏ដូចជា​បច្ចុប្បន្ន​។

លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​លើស​ពី​នេះ​ទៀត ​វា​មិន​ត្រឹមតែ​ជួយ​លើកស្ទួយ​ដល់​វប្បធម៌​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​បង្កើត​នូវ​ប្រាក់ចំណូល​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ដល់​សិល្បករ​ផង​ដែរ ​ដោយសារតែ​ទីផ្សារ​ផ្នែក​សិល្បៈ​គំនូរ​សហ​សម័យនេះ​កំពុងមាន​ទីផ្សារ​បណ្តើរៗ​នៅ​កម្ពុជា​និង​ខ្ពស់​នៅ​អន្តរជាតិ​។

លោកស្រី​រដ្ឋមន្ត្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​«​ក្នុងនាម​ក្រសួង​វប្បធម៌​ខ្ញុំ​ចង់​បំផុស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ចេះ​ស្វែង​រៀន​ស្វែងយល់​និង​ស្វែង​ដឹង​ពីអ្វី​ដែល​ជា​មរតក​ដូនតា​យើង​បាន​បន្សល់ទុក​ឲ្យ​និង​ស្វែងយល់​ពី​អ្វី​ដែល​ថ្មីៗ​ដែរ​ព្រោះថា​ ការ​ចេះ​រៀន​បញ្ចូល​គ្នា​រវាង​បុរាណ​កាល​និង​សម័យនេះ​នឹង​អាច​ឲ្យ​យុវជន​មានឱកាស​ស្វែងរក​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ផងដែរ​»​។

លោកស្រី ភឿង ស​កុ​ណា​បាន​បញ្ជាក់ថា​ កាលពី​ដំបូង​គំនូរ​បែបនេះ​ខ្មែរ​យើង​មិនសូវ​ជា​ស្គាល់​ប៉ុន្មាន​ទេ​ដោយ​ស្គាល់​តែ​គំនូរ​បែប​បុរាណ​និង​មាន​រូបភាព​ច្បាស់​ៗ​មើល​ទៅ​យល់​តែ​គំនូរ​បែប​សហ​សម័យនេះ​ ត្រូវ​ឲ្យ​អ្នកមើល​គិតពិចារណា​ទើប​យល់​ពី​អត្ថន័យ​នៃ​គំនូរ​នីមួយៗ​ដែល​ជា​គំនិត​ថ្មី​និង​និន្នាការ​ថ្មី​របស់​ពិភពលោក​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រទេស​ខ្មែរ​មាន​គំនូរ​បែបនេះ​ច្រើន​ ហើយ​ក៏​មាន​ការ​នាំ​ចេញទៅ​ក្រៅប្រទេស​ច្រើន​ដែរ​។

​លោក ឈឹម សុធី ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន្យ​រូប​និង​សិប្បកម្ម​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក​ស្រី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ព្រោះថា ​សិល្បៈ​គំនូរ​បែប​សហ​សម័យនេះ​ គឺ​ផ្តោត​សំខាន់​ទៅលើ​គំនិត​ពោលគឺ​អ្នក​គូ​ត្រូវមាន​គំនិត​ចេះ​បង្កើត​ការច្នៃប្រឌិត ការបង្កើត​នូវ​អ្វី​ដែល​ថ្មី​និង​ប្លែក​មិន​ចំលង​ពី​គេ ដោយ​ប្រើ​អារម្មណ៍​និង​គំនិត​ដោយ​បញ្ចូល​ទស្សន​លាយឡំ​គ្នា​ពី​បញ្ហា​សង្គម បរិយាកាស ធម្មជាតិ​ក៏ដូចជា​ទៅលើ​បរិស្ថាន​និង​ការ​រីកចម្រើន​របស់​វិទ្យាសាស្ត្រ​នៃ​ពិភពលោក​នាពេល​បច្ចុប្បន្ន​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​ឈឹម សុធី បាន​ណែនាំ​ដល់​សិស្ស​និង​និស្សិត​ដែល​មាន​បំណង​ចង់​សិក្សា​លើ​ជំនាញ​សិល្ប​គំនូរ​សហ​សម័យនេះ​ចាំបាច់​ត្រូវតែ​ស្គាល់​ជា​មុន​សិន​នូវ​សិល្បៈ​ខ្មែរ​បែប​បុរាណ​ដែល​មាន​ទម្រង់​ជាច្រើន​ដូចជា​គំនូរ​និង​ចម្លាក់​ឲ្យ​អស់​ជា​មុន​សិន​មុននឹង​ឈាន​ចូលដល់​សិក្សា​សិល្បៈ​គំនូរ​បែប​សហ​សម័យ​។

ចំណែក​លោក ព្រហ្ម វិចិត្រ ប្រធាន​អង្គការ​វិចិត្រករ​ខ្មែរ​និង​ជា​សាស្ត្រាចារ្យ​និង​ជា​វិចិត្រករ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយរូប​បាន​មានប្រសាសន៍ថា ​សិល្ប​គំនូរ​សហ​សម័យនេះ​មុននឹង​គូ​វិចិត្រករ​ចាំបាច់​ត្រូវ​មាន​គំនិត​និង​ច្នៃប្រឌិត​ជា​មុន​សិន​ព្រោះថា ​គំនូរ​បែបនេះ​ចាំបាច់​ឲ្យ​អ្នក​គូ​ត្រូវ​រៀបរាប់​ពី​គោលបំណង​និង​គំនិត​របស់​ខ្លួន​ដល់​អ្នកទស្សនា​បាន​យល់​ដោយសារ​អ្នកមើល​មិន​អាច​យល់​ពី​រូបគំនូរ​ទាំងនេះ​ដូចជា​គំនូរ​ផ្សេងៗ​ទៀត​បានឡើយ​។

លោក​បាន​បន្ត​ថា ​គំនូរ​បែប​សហ​សម័យនេះ​ នៅ​ប្រទេស​គេ​មានការ​ពេញ​និយម​ខ្លាំង​ណាស់​ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ​ហាក់​នៅ​មិនទាន់​មានការ​ការ​ផុលផុស​នៅឡើយ​ទេ​ ដែល​ចាំបាច់​ឲ្យ​មានការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​។

​លោក​ឈឹម សុធី​បាន​សន្យា​ថា ​ទៅ​ថ្ងៃ​អនាគត​នាយកដ្ឋាន​នឹងធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ​គំនូរ​សហ​សម័យនេះ​ឲ្យ​បាន​ទូលំទូលាយ​ដល់​សិល្បករ​និង​សិស្ស​និស្សិត​ដែល​មាន​ចំណង់​ចំណូលចិត្ត​ចង់​សិក្សា​លើ​វិជ្ជាជីវៈ​បែប​សិល្បៈ​គំនូរ​សហ​សម័យនេះ​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​អ្វី​ទៅជា​សិល្បៈ​សហ​សម័យ​ដើម្បី​ចូលរួម​លើកស្ទួយ​ដល់​សិល្ប​គំនូរ​និង​វប្បធម៌​ជាតិ​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114