រដ្ឋមន្ត្រី​កសិកម្ម​ស្នើសុំ​ប្រជាពលរដ្ឋ​ខំ​ប្រឹងប្រែង​លើ​ការងារ​ដាំ​ដុះ​បន្លែ ធានា​គុណភាព ដើម្បី​ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ
BREAKING NEWS
Search

រដ្ឋមន្ត្រី​កសិកម្ម​ស្នើសុំ​ប្រជាពលរដ្ឋ​ខំ​ប្រឹងប្រែង​លើ​ការងារ​ដាំ​ដុះ​បន្លែ ធានា​គុណភាព ដើម្បី​ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ

កំពង់ស្ពឺ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី កសិកម្ម បាន​ស្នើ​សុំ​ឲ្យ​ប្រជា ពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​លើ​ការងារ​ដាំ​ដុះ​បន្លែ ធ្វើ​យ៉ាង​ណា​បង្កើន​បរិមាណ​ផលិត ធានា​គុណភាព លើកកម្ពស់​សមត្ថភាព​កែច្នៃ​វេច​ខ្ចប់ ដើម្បី​ធ្វើការ​ប្រកួតប្រជែង ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ និង​ជាពិសេស​កាត់បន្ថយ​ការនាំ​ចូល​។

ការ​ស្នើ​សុំ​របស់ លោក​រដ្ឋមន្ត្រី​បានធ្វើ​ឡើង នា​ឪ​កាស​ដែល​លោក​បាន អញ្ជើញ ចុះ​ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព​នៃ​ការ អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) នៅ​ភូមិ ដូន​ទិព្វ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី​១៤​ឧសភា។

​តាម​ការ​រាយការណ៍​រប​ស់លោក ជួប ឃៀង ម្ចាស់​ចំការ បាន​ឲ្យ​ដឹង​ថា ​លោក និង ៣០​គ្រួសារ​ផ្សេងទៀត បាន​ចាប់​យក​អាជីព​ដាំ​បន្លែ​ជា​របរ​ស្នូល​ជាង ១០​ឆ្នាំ​មក​ហើយ​ តាំងពី​ទំនប់ទឹក​ប្រាំបី​មុម​បាន​កសាង​រួច​។

បច្ចុប្បន្ន ដោយ​ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ​បច្ចេកទេស​ពី​កម្មវិធី ASPIRE ធ្វើ​ឲ្យ​មុខរបរ​ដាំ​បន្លែ​មានការ​វិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់ ដោយ​ជា​មធ្យម​ក្នុង ១​ឆ្នាំ​គាត់​អាច​រក​ចំណូល​បាន​ជាង ២០​លាន​រៀន​។

បន្ទាប់ពី​បានឃើញ​សមិទ្ធផល​របស់​គម្រោង ជាពិសេស​លទ្ធ​ផលរប​ស់​កសិករ​ដែល​ទទួល​បាន​នា​ពេល​នេះ​គឺ​ចំណូល​ក្នុង​គ្រួសារ លោក​រដ្ឋមន្ត្រី​បានស្នើ​សុំ​ឲ្យ​ប្រជា ពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​លើ​ការងារ​ដាំ​ដុះ​បន្លែ ធ្វើយ៉ាងណា​បង្កើន​បរិមាណ​ផលិត ធានា​គុណភាព លើកកម្ពស់​សមត្ថភាព​កែច្នៃ​វេច​ខ្ចប់ ដើម្បី​ធ្វើការ​ប្រកួតប្រជែង ឆ្លើយតប​តាម​សេចក្តីត្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ និង​ជាពិសេស​កាត់បន្ថយ​ការនាំ​ចូល​។

លោក​បាន​ណែនាំ​ឲ្យ​មន្ទីរ​ជួយ​ធ្វើការ​បណ្តុះបណ្តាល​បច្ចេក​ទេស​បន្ថែម ដោយ​ផ្តោត​ជា​សំខាន់​លើ​ការប្រើប្រាស់​ផ្ទះ​សំណាញ់ និង​ប្រព័ន្ធ​ស្រោចស្រព​បន្លែ ការអនុវត្ត GAP ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធ្វើយ៉ាងណា​បង្កើន​ការ​ជឿទុកចិត្ត​ពី​អតិថិជន តាម​រយៈ​គុណភាព និង​សុវត្ថិភាព​។ ក្រៅ​ពី​នេះ មន្ទីរ​គួរ​សិក្សា​ពី​លទ្ធភាព​បង្កើត​កន្លែង​ប្រមូលផ្តុំ​បន្លែ​បន្ថែម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ ពង្រឹង​បច្ចេកទេស​វេច​ខ្ចប់ និង​ផ្តល់​ស្លាក​សញ្ញា​សម្គាល់​ច្បាស់លាស់ ចៀសវាង​ការបន្លំ ឬ​ក្លែងក្លាយ​ផលិតផល៕
ឌួង​វិ​រះ​ជ័យ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114