រដ្ឋមន្ត្រី​កសិកម្ម ចុះ​ពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​ឈើ​ដាំ​លើដី​សម្បទាន​សេដ្ឋកិច្ច

ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី វេ​ង សាខុន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ២​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ នេះ បាន​អញ្ជើញ​ទៅពិនិត្យ និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ឈើ​ដាំ​លើដី​ព្រៃរបស់​រដ្ឋ​ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​ខេ​ម៉ា​ហ្គ្រា អិន​វេ​មេន​គ្រុប នៅ​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​។

​លោក​សឹម ស៊ីនួន នាយក​បច្ចេកទេស បាន​រាយ​បាយ​ការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​ថា​ ក្រុម ហ៊ុន​ខេ​ម៉ា​ហ្គ្រា អិន​វេ​មេន​គ្រុប បា​ន​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍ​ឧស្សាហកម្ម​ឈើ​ដាំ​លើដី សម្បទាន​សេដ្ឋកិច្ច​ចំនួន ៨ ០០០​ហិត​តា ក្នុង​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តកំពត​។ បច្ចុប្បន្ន​ដាំ​បាន ៥០០០​ហ​ត ជា​ឈើ​អាកាស្យា​ដោយ​ប្រើ​ពលកម្ម​ចំនួន ៤៥០​នាក់​។ ការ​បង្កាត់​បន្ត​ពូជ​តាមរយៈ​ការ​កាត់​ត្រួយ​បណ្តុះ​ដាំ ដោយ​ក្នុង ១​ខែ​អាច​បណ្តុះ​កូន​បាន ៤៥០ ពាន់​កូន​។ ក្រុមហ៊ុន​ក៏​មាន​រោង​សិប្បកម្ម​កែច្នៃ​ក្ដារ​បន្ទះ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​។ ក្រៅពី​ការ​ដាំដុះ​ឈើ ក្រុមហ៊ុន​សហការ​ជាមួយ​គម្រោង​កម្មវិធី ផ្សព្វផ្សាយ​បច្ចេកទេស កសិកម្ម​ថ្មី​ដែល​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាស​កាស​ធាតុ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ផលិត​ផ្ទះ​សំណាញ់​ផ្តល់​ឲ្យ​សហគមន៍​ដាំ​បន្លែ​នៅ​ទូទាំងប្រទេស​។ បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​បណ្តុះ​កូនឈើ និង​រោង​សិប្បកម្ម​ច្រៀក​ឈើ​ជា​បន្ទះៗ និង​ផ្ទះ​សំណាញ់​រួចមក លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន និង​ជាពិសេស​បាន​នាំយក​បច្ចេកវិទ្យា​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ការប្រើ​ប្រព័ន្ធ​ដំណក់ ទឹក​។​ល​។ មក​ផ្សព្វផ្សាយ​ជូន​កសិករ ដែល​បច្ចេកវិទ្យា​នេះ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នាពេល​បច្ចុប្បន្ន​។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ព​ន្លឿ​ន​សកម្មភាព​លើ​ការងារ​ដាំ​ដុះ​ឲ្យ​គ្រប់​តាម​ផែន​ការដែល​បានគ្រោង​ទុក​។ គួរ​សិក្សា​ពី​ការប្តូរ ឬ​សាក​ពិសោធន៍​ពូជ​អាកាស្យា​ថ្មី​ដែលមាន​ទិន្នផល​ខ្ពស់ ប្រើពេល តិច និង​លូតលាស់​លឿន ក្នុងទិសដៅ​ធ្វើយ៉ាងណា​លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់​ផលិតផល​ឈើ​ដាំ​ឧស្សាហកម្ម​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ធ្វើការ​ប្រកួតប្រជែង ជំរុញ​ការប្រើប្រាស់​ផលិត ផល​ឈើ​ដាំ កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ជាពិសេស​បង្កើត និង​រក្សាបាន​នូវ​គម្រប​ព្រៃឈើ បង្កើត​ការងារ បង្កើន​ចំណូល រក្សា​បរិស្ថាន​ក្នុង​តំបន់​នេះ និង​និរន្តរភាព​សេដ្ឋកិច្ចជាតិ​។​

រដ្ឋបាល​ព្រៃឈើ​គួរ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ឧស្សាហកម្ម​ឈើ​ដាំ​ទូទាំង​ប្រទេស ដើម្បី​ស្វែង រក​ចំណុចខ្លាំង ចំណុច​ខ្វះខាត ធ្វើការ​កែលម្អ សិក្សា និង​ដកស្រង់​បទពិសោធន៍​នៃ​ការប្រើប្រាស់ ដី ពូជ បច្ចេកទេស​កែច្នៃ ធ្វើ​យ៉ាង​ណា​ប្រើប្រាស់​ធនធាន​ដីព្រៃ​របស់​រដ្ឋ​នេះ​ឲ្យ​អស់​សក្ដានុពល មាន​ប្រសិទ្ធភាព​ទាំង​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ប្រើប្រាស់​វត្ថុធាតុដើម​ឈើ​ឲ្យ​អស់​លទ្ធភាព បង្កើន​ការ​ផ្គត់ផ្គង់​បរិមាណ​ឈើ​ដាំ​ដល់​វិស័យ​សំណង់ និង​វិស័យ​កែច្នៃ​គ្រឿង​សង្ហា​រឹម​ដែល​បាននឹងកំពុង​មានការ​កើនឡើង​។ ចូលរួម​ទប់ស្កាត់​បទល្មើស​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​កាន់កាប់ និង​ការ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​នេះ៕
ឌួង​វិ​រះ​ជ័យ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114