BREAKING NEWS
Search

រដ្ឋមន្ត្រី​កសិកម្ម ជំរុញ​ឲ្យ​មន្ត្រីរាជការ​ និង​និស្សិត ​ចូលរួម​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ​កម្រិត​ខ្ពស់​ នៅ​ឆ្នាំ ២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០

កំពង់ចាម ៖ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​អំពាវនាវ ​និង​ជំរុញ​ឲ្យ​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង​ និស្សិត ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច អប់រំ​បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស​គ្រប់​កម្រិត​បម្រើ​ឲ្យ​វិស័យ​កសិកម្ម និង​អន្តរ​វិស័យ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ចំណែក​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

ការ​ថ្លែង​របស់ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ធ្វើឡើង​នៅ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​« សន្និ​សីទ​វិទ្យាសាស្ត្រ​ថ្នាក់ជាតិ​លើក​ទី​៦ ស្ដីពី​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ » នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម នា​ព្រឹក​ថ្ងៃ​សុក្រ ១១​រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការ​ចូលរួម​ពី លោក អ៊ុន ចាន់​ដា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​មានការ​ចូលរួម​ពី​សំណាក់​លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ជា​ថ្នាក់ដឹកនាំ​ក្រសួង លោក លោក លោកស្រី នាង​កញ្ញា ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី​រាជ​ការ និង​និស្សិត​ប្រមាណ​២៥០​នាក់។

បន្ទាប់ពី អ៊ុន ចាន់​ដា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម មានមតិ និង លោក សួន សេរី នា​យក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម ​បាន​អាន​របាយការណ៍​ដោយ​សង្ខេប​ជូន​អង្គ​ពិធី​ជ្រាប​អំពី​ស្ថានភាព​ទូទៅ​របស់​វិទ្យាស្ថាន និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ កម្មវិធីសិក្សា ការងារ​អប់រំ បណ្ដុះបណ្ដាល ស្រាវជ្រាវ ផ្សព្វផ្សាយ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​លទ្ធផល​សំខាន់ៗ​ដែល​វិទ្យាស្ថាន​សម្រេច​បាន​ក្នុង​រយៈពេលកន្លងមក។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម​បាន​ថ្លែង​ដោយ​កោតសរសើរ​ចំពោះ​សមិទ្ធផល​នានា​ដែល​វិទ្យា​ស្ថាន​ជាតិ​សម្រេចបាន​នាពេល​កន្លងមក ហើយ​ផ្លែផ្កា​នេះ​ ក្រសួង​ សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អាជ្ញាធរ​ខេត្ត ជាពិសេស​រាជ​រដ្ឋា​ភិ​បាល​ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ គាំទ្រ និង​ផ្តល់​អាទិភាព​ជូន​វិទ្យាស្ថាន​ជាតិ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​។ លោក​ក៏បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ ដោយ​បានមក​ចូលរួម​ក្នុង​ពិធី​បើក​សន្និសីទ​វិទ្យាសាស្ត្រ​ថ្នាក់​ជាតិ​លើក​ទី​៦ ស្ដីពី​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកបដោយ​និរន្តរភាព ភាព​ប្រកួតប្រជែង និង​បរិ​យា​ប័ន្ន​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា សន្និសីទ​នេះ គឺ​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ ជីវភាព​របស់​កសិក​រ ហើយ​បាន​ឆ្លុះបញ្ចាំង​ពី​សក្ដានុពល ​នៃ​ធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ក​សិ​កម្ម ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ជនបទ​ប្រកបដោយ​និរន្តរភាព ហើយ​ពិត​ណាស់​ថា​ គោលដៅ​នេះ​អាច​ឈានទៅ​សម្រេចបាន ល្គឹកណា​ប្រទេស​យើង​មាន​សុខ​សន្តិភាព ស្ថិរ​ភាព​នយោបាយ​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា​នាពេល​អនាគត។

ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​មាន​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម​ជា​សេនាធិការ​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម​តាមរយៈ​ការអប់រំ​បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស​គ្រប់​កម្រិត​បម្រើ​ឲ្យ​វិស័យ​កសិកម្ម និង​អន្តរ​វិស័យ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ជួយ​គាំទ្រ និង​ជំរុញ​វិស័យ​ទាំងនោះ​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន ចូលរួម​ចំណែក​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ជា​សក្ខីភាព ថ្ងៃនេះ ​មានការ​ជួបជុំ​អ្នកវិទ្យាសាស្ត្រ​កសិកម្ម​គ្រប់​វ័យ មកពី​គ្រប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា បាន​បង្ហាញ​អំពី​មូលធន​មនុស្ស​កម្ពុជា​ គឺ​ពិត​ជា​មាន​ចំណេះដឹង​ទូលំទូលាយ ច្នៃប្រឌិត និង​មាន​ជំនាញ​ច្បាស់លាស់​ដែល​រាជរដ្ឋាភិបាល​ចាត់ទុកជា អាទិភាព និង​ជា​កូនសោ​សម្រាប់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ធានា​បាន​នូវ​ភាពជោគជ័យ ​នៃ​ដំណើរការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច ក្នុង​បរិបទ​ នៃ​សកលភាវូបនីយកម្ម និង​ការលូតលាស់ ​នៃ​បច្ចេកវិទ្យា​កសិកម្ម​នាពេល​បច្ចុប្បន្ននេះ​។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍​នេះ បាន​ចូលរួម​លើកកម្ពស់​គុណភាព​បណ្ដុះបណ្ដាល សមត្ថភាព​ស្រាវជ្រាវ ការ​បង្កើន​សមត្ថភាព​សាស្ត្រាចារ្យ សំដៅ​ទៅ​នឹង​ការអនុវត្ត​កសិកម្ម​ប្រកបដោយ​ភាព​វៃឆ្លាត​ឆ្លើយតប​ទៅតាម​ការវិវឌ្ឍន៍​ នៃ​តម្រូវការ​ទីផ្សារ។

ដើម្បី​ធានា​ឲ្យ​ដំណើរការ​ នៃ​អង្គ​សន្និសីទ​វិទ្យាសាស្ត្រ​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ផ្លែផ្កា​ឆ្លើយតប ទៅ​នឹង​មុំ​ទី​១ ស្ដីពី​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា លោក​រដ្ឋមន្ត្រី​បាន​ផ្តល់នូវ​អនុសាសន៍​គន្លឹះ​មួយ​ចំនួន​ទាក់ទង​នឹង​ប្រធានបទ​ខាងលើ ជូន​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​អ្នកវិទ្យាសាស្ត្រ​គ្រប់​វ័យ ធ្វើយ៉ាងណា​ពង្រឹង និង​ពង្រីក​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​វិជ្ជាជីវៈ ទេពកោសល្យ គុណភាព សមត្ថភាព និង​សីលធម៌ ដើម្បី​ចូល​រួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែលជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ហើយ​ត្រូវ​រួមគ្នា​ដើរ​ឲ្យ​ទាន់​ទៅនឹង​បរិបទ ​នៃ​សកលភាវូបនីយកម្ម មាន​ជាអាទិ៍ ​៖ ទី​១. ត្រូវ​ពង្រឹង​ជំនាញ​បច្ចេកវិទ្យា​ជំនាញ​ឌីជីថល​នៅតាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​នីមួយៗ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។ ទី​២. ត្រូវ​ខិតខំ​បន្ត​ការធ្វើកំណែទម្រង់​ប្រព័ន្ធ​សិក្សា​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ជាង​មុន ដូចជា​ កម្មវិធីសិក្សា មធ្យោបាយ​សម្ភារៈ​បង្រៀន និង​ឯកសារ​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​នានា ក្នុង​យុគ​សម័យ​ឧស្សាហកម្ម​ជំនា​ន់ទី​៤ សម័យ​បច្ចេកវិទ្យា​ឌីជីថល និង​សម័យ​បញ្ញា​សិប្បនិម្មិត​។ ទី​៣.ពង្រឹង និង​ពង្រីក​កិច្ចសហការ​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​តាម​អភិក្រម រដ្ឋ – ឯកជន – ដៃគូ​អភិវឌ្ឍន៍ – និង​សហគមន៍ ឲ្យ​បាន​រឹងមាំ ដើម្បី​អភិវឌ្ឍន៍​កម្មវិធីសិក្សា ការ​ផ្លាស់ប្តូរ​បច្ចេកទេស​វិទ្យាសាស្ត្រ សាស្ត្រាចារ្យ និស្សិត និង​ការស្រាវជ្រាវ​។ ទី​៥. និស្សិត​ទាំងអស់​ត្រូវ​ខិតខំ​ពង្រឹង​វិន័យ​សិក្សា ស្វះស្វែង​រៀន​សូត្រ សិក្សា​ស្រាវជ្រាវ​ចំណេះដឹង​ថ្មីៗ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​បន្ថែម​លើ​ទ្រឹស្ដី​ដែល​បាន​សិក្សា​កន្លងមក​៕

​អត្ថបទ ៖ ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114