BREAKING NEWS
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចូលរួម​វេទិកា​ថ្នាក់​តំបន់ ​ស្ដីពី “​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​” ​នៅ​ក្រុង​សៀមរាប​

​សៀមរាប ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ កាលពី ថ្ងៃ​អង្គារ ១៣​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​អញ្ជើញ ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ថ្នាក់​តំបន់​ស្ដីពី “​កសិកម្ម​អេកូឡូស៊ី​នា​ពេល​អនាគត​” ដែល​បាន​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​មជ្ឈមណ្ឌល CIRAD និង​អង្គការ GRET​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការរៀបចំ​វេទិកា​នេះ​ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​វិសេស​វិសាល ដែល​រៀបចំឡើង ស្រប​ពេលដែល​កំណើន​សេដ្ឋកិច្ច ព្រមទាំង​ទំនើបកម្ម និង​នវានុវត្តន៍​សង្គម​ក្នុង​តំបន់​កំពុង​តែមាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​យ៉ាង​ល្អប្រសើរ ហើយក៏​ជា​សក្ខីកម្ម​មួយ​ដែល​យើង​រំពឹងថា នឹង​ផ្តល់នូវ​លទ្ធផល​ល្អ​នាពេលខាងមុខ សម្រាប់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ផ្សារភ្ជាប់ ជាមួយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថ្នាក់​តំបន់​មួយ​យ៉ាង​ល្អប្រសើរ​សម្រាប់​ជា​ចក្ខុវិស័យ​ក្នុង​ការ​បង្កើន​ផលិតភាព​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព ភាតរ​បរិស្ថាន និង​ភាព​រីកចម្រើន​របស់​ប្រជាជន​យើង​ទាំង​អស់​គ្នា​នៅក្នុង​តំបន់​នេះ​។​

​សូមបញ្ជាក់ថា ផ្សារភ្ជាប់​ទៅ​នឹង​វេទិកា​ក្នុងថ្ងៃនេះ គឺមាន​សម្ពន្ធភាព​សិក្សា​កសិកម្ម​អេកូឡូស៊ី (ALiSEA) ត្រូវបាន​បង្កើត​ឡើងជា​បណ្ដាញ​រួមគ្នា​ជាង​១០០​ស្ថាប័ន ដោយមាន​ការចូលរួម​ពី​អង្គការ​កសិករ​រហូត​ដល់​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ រួម​ទាំង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​វិស័យ​ឯកជន​។

លើសពីនេះ​ទៀត ​សម្ពន្ធភាព​សិក្សា​កសិកម្ម​អេកូឡូស៊ី មាន​គោលបំណង​លើកទឹកចិត្ត​ដល់​អ្នក​ពាក់​ព័ន្ធ​ផ្នែក​កសិកម្ម​អេកូឡូស៊ី​ទាំង​ក្នុងស្រុក និង​ក្នុង​តំបន់ ពិសេស​លើកកម្ពស់​ជំនាញ​ដល់​អ្នកដទៃ ដើម្បី​បង្កើត​ការសិក្សា​ផ្អែកលើ​ភស្តុតាង ហើយ​ចែករំលែក​យ៉ាង​ទូលំទូលាយ ដើម្បី​គាំទ្រ​ដល់​ការ​ផ្លាស់ប្ដូរ​ក្នុង​តំបន់​ឆ្ពោះទៅរក​ការ​ធ្វើ​កសិកម្ម​តាម​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ម្ហូប​អាហារ​នា​ពេល​អនាគត ដែល​ចាំបាច់​ត្រូវមាន​ការ​ផ្លាស់ប្ដូរ​ការ​ងារ​កសិកម្ម ដើម្បី​ផ្ដល់​សន្តិសុខ ​និង​សុវត្ថិភាព​ស្បៀង ស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច និង​ផ្តល់​នូវ​ឱកាស​កាន់​តែ​ច្រើន​សម្រាប់​កសិករ​ខ្នាត​តូច និង​យុវជន​។

ការសម្រេច​គោលដៅ​ទាំងនេះ នឹង​ទាមទារ​ឲ្យ​មាន​ការរៀបចំ និង​ការ​លើក​កម្ពស់​ប្រព័ន្ធ​កសិកម្ម​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត ដើម្បី​ស្វែងរក​វិធីសាស្ត្រ​អន្តរាគមន៍​ថ្មីៗ ក៏ដូចជា​យន្តការ ស្ថាប័ន និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​វៃ​ឆ្លាត​។​

​យោងតាម​របាយការណ៍​កន្លងមក​បានបញ្ជាក់​ឲ្យ​ដឹងថា សកម្មភាព​កសិកម្ម​អេកូឡូស៊ី បាន​និង​កំពុង​អនុវត្ត​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​រួមមាន​ ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម​។ ការងារ​នេះ ត្រូវបាន​ផ្ដួចផ្ដើម​ពី​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ផ្នែក​កសិកម្ម​អេកូ​ឡូ​ស៊ី ហើយ​ត្រូវបាន​លើកកម្ពស់​ពី​កសិករ​ខ្នាតតូច ទៅដល់​អ្នកស្រាវជ្រាវ អ្នក​អភិវឌ្ឍន៍ និង​អ្នកអនុវត្ត ដោយមាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សមិទ្ធផល​នានា បាន​គ្របដណ្ដប់​លើ​វិធានការ​ផ្សេងៗ​គ្នា​ នៃ​ការ​ផ្លាស់ប្ដូរ​កសិកម្ម​អេកូឡូស៊ី​ដូចជា ការយល់ដឹង​អំពី​ដំណើរការ​អេកូឡូស៊ី​នៅក្នុង​ដី និង​ការគ្រប់គ្រង​សត្វល្អិត ការរៀបចំ និង​ការ​វាយ​តម្លៃ​អំពី​ការអនុវត្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ប្រព័ន្ធ​ដំណាំ​រួមផ្សំ រួមមាន កសិកម្ម ព្រៃឈើ ជលផល សមាហរណកម្ម​បសុសត្វ កសិកម្ម​អភិរក្ស គ្រឿងយន្ត​កសិកម្ម​សមស្រប ព្រមទាំង​ការ​កសាង​សមត្ថភាព​កសិករ ការអប់រំ​ថ្នាក់​ឧត្ដមសិក្សា ការអភិវឌ្ឍន៍​សម្ភារៈ​គរុកោសល្យ ការ​លើកកម្ពស់​ការ​ប្រើ​ប្រាស់​ភាព​ចម្រុះ​ នៃ​រុក្ខជាតិ ការ​គាំទ្រ​វិញ្ញាបនបត្រ ​នៃ​ផលិតផល​កសិកម្ម​អេកូឡូ​ស៊ី ការអនុវត្ត​ឧបករណ៍ និង​ទំនាក់ទំនង ដើម្បី​ចែករំលែក​ចំណេះដឹង និង​ចំណេះ​ធ្វើ​ជាដើម​។

ទន្ទឹម​នឹង​នេះ ការអភិវឌ្ឍន៍​សកម្មភាព​កសិកម្ម​អេកូឡូស៊ី នៅក្នុង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ចាំបាច់​ត្រូវមាន​ការ​តម្រង់​ទិស ​កា​រដោះ​ស្រាយ​លើ​បញ្ហា​លើ​ការ​រេចរឹល​ដី ការបាត់បង់​ជីជាតិ​ដី និង​ការ​គ្រប់​គ្រង​ទឹក​។ ជាមួយគ្នានេះដែរ ក៏​ត្រូវ​មានការ​ខិតខំ​ធ្វើការ​រួមគ្នា​ដើម្បី​រក​មធ្យោបាយ រក្សា​ដី​ឲ្យ​មាន​ជី​ជាតិ និង​ការពារ​កុំ​ឲ្យ​មាន​សំណឹក​ដី​។​

​សូម​បញ្ជាក់​ថា វេទិកា​ថ្នាក់​តំបន់​ស្ដីពី “​កសិកម្ម​អេកូឡូស៊ី​នា​ពេល​អនាគត​” មាន​ដៃគូ​ជាច្រើន​ផងដែរ​បាន​ចូលរួម​ដូចជា របស់លោក​ស្រី Naomi Noel តំណាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD), លោក​បណ្ឌិត Philippe Girard តំណាង​មជ្ឈមណ្ឌល CIRAD និង​ជានា​យក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​, លោក Dominique Violas តំណាង​អង្គការ GRET ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ ដែល​ជា​តំណាង​ នៃ​បណ្ដា​ប្រទេស​ជាច្រើន​នៅ​អាស៊ី និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​បារាំង​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (CIRAD) ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) អង្គការ GRET មជ្ឈមណ្ឌល​ គ្រឿង​យន្ត​ កសិកម្ម​ សមស្រប​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​(UN-ESCAP/CSAM)​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហរដ្ឋអាមេរិក (USAID) អង្គការ​ស្បៀង និង​កសិកម្ម​ នៃ​សហ​ប្រជា​ជាតិ​(FAO)​សម្ព័ន្ធ​គ្រឿងយន្ត​កសិកម្ម​សមស្រប​(ASMC) បណ្ដាញ​អភិរក្ស​កសិកម្ម​នៅ​អាស៊ី​អាគ្នេយ៍ (CANSEA) និង​អង្គការ Swisscontact ដើម្បី​ចូលរួម​ក្នុង​វេទិកា​នាពេលនោះ​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114