រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន​ដាក់ពាក្យ​សុំលាលែង​ពី​តំណែង

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ក្លាយជា​សមាជិក​គណៈ​រដ្ឋមន្ត្រី​ទី​២​ដែល​បាន​លាលែង​ពី​តំណែង​ក្នុង​រយៈពេល​ត្រឹម​មួយ​សប្តាហ៍​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា ភរិយា​របស់លោក​បាន​រំលោភច្បាប់​បោះឆ្នោត​ខណៈពេល​ឈរឈ្មោះ​សម្រាប់​អាសនៈ​សភា​។​

លោក Katsuyuki Kawai បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​បានដាក់​សំណើ​លាលែង​ពី​តំណែង​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

រឿងនេះ​បានកើត​ឡើង​បន្ទាប់ពី​ទស្សនា​វ​ដ្តី Shukan Bunshun បាន​រាយការណ៍​អំពី​ការចោទប្រកាន់​ដែលថា ភរិយា​របស់លោក​រដ្ឋ​មន្ត្រី​ឈ្មោះ Anri Kawai បានផ្តល់​ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ​ដល់​បុគ្គលិក​លើសពី​ចំនួន​ដែល​អនុញ្ញាត​ដោយ​ច្បាប់​។​

ការលាឈប់​នេះ​បានកើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក Isshu Sugawara បាន​លាឈប់​ពីមុខ​តំណែង​របស់លោក​បន្ទាប់ពី​របាយការណ៍​របស់​ទស្សនា​វ​ដ្តី​មួយ​បាន​ចោទប្រកាន់ថា លោក​បានផ្តល់​អំណោយ​មានតម្លៃ​ថ្លៃ​ដល់​អ្នកបោះឆ្នោត​រួមមាន​ដូចជា​ផ្លែ​ត្រសក់ស្រូវ​និង​ក្តាម​ជាដើម​។​

លោក Kawai បាន​បដិសេធ​រាល់​ការធ្វើ​ខុស​ប៉ុន្តែ​បាន​និយាយថា ការចុះ​ចេញពី​តំណែង​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏​ល្អ​បំផុត​ក្រោម​កាលៈទេសៈ​នេះ​។​

លោក​បាន​និយាយថា “​ទាំង​ភរិយា​របស់ខ្ញុំ​និង​ខ្ញុំ​មិនបាន​ដឹង​អំពី​បញ្ហា​នេះ​ទេ​ហើយ​ខ្ញុំ​ជឿជាក់ថា ខ្ញុំ​បានធ្វើ​សកម្មភាព​នយោបាយ​ស្របតាម​ច្បាប់​” ។​

លោក​បន្តថា “​ខ្ញុំ​នឹង​ស៊ើបអង្កេត​បញ្ហា​នេះហើយ​នឹង​ពន្យល់​ប៉ុន្តែ​ក្នុង​ពេលនេះ ការជឿជាក់​ជា​សាធារណៈ​ទៅលើ​ក្រសួងយុត្តិធម៌​បាន​បាត់បង់​ទៅហើយ​”​។​

លោក Abe បាន​និយាយថា លោក Masako Mori ដែលជា​អតីតរដ្ឋមន្ត្រី​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​អត្រាកំណើត​ទាប​នឹង​ជំនួស​លោក Kawai ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្មី​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114