រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ជំរុញ​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួរមុខ​បង្កើន​ចំណេះដឹង​បន្ថែម​ទៀត ​ដើម្បី​តៀម​លក្ខណៈ​ឆ្លើយតប​ទៅ​នឹង​រលក​ទី​២​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩
BREAKING NEWS
Search

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ជំរុញ​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួរមុខ​បង្កើន​ចំណេះដឹង​បន្ថែម​ទៀត ​ដើម្បី​តៀម​លក្ខណៈ​ឆ្លើយតប​ទៅ​នឹង​រលក​ទី​២​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩

​ភ្នំពេញ ​៖ ​ខណៈ ពេល ដែល​កម្ពុជា​ បាន​ព្យាបាល​អ្នកជំងឺ​​កូ​វីដ-​១៩ទាំង​១២២​នាក់​ បានជា​សះស្បើយ​ទាំងអស់ ​និង​មិន​មាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​បាត់​បង់ជីវិត​នោះ​ លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ទាំងអស់ ​ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតប​ការ​ឆ្លង​ជំងឺ​​កូ​វីដ-​១៩​ជាយថាហេតុ​ណាមួយ​ ពិសេស​រលក​ទី​២​ នៃ​ការ​ឆ្លង​ជំងឺ​នេះ​។​

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ជួរមុខ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​ឧសភា ​ឆ្នាំ​២០២០ លោក​សាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង ​បាន​មានប្រសាសន៍ថា​«​ការដែល​ខ្ញុំ​មក​ទីនេះ​ គឺ​ដើម្បី​សំដែង​នូវ​អំណរ​គុណ ដល់​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាន ​ដែល​ជា​ក្រុម​គ្រូពេទ្យ​ជួរមុខ ​បាន​ខិតខំ​ព្យាបាល​ជូន​ដល់​អ្នកជំងឺ​កូ​វីដ-​១៩​ ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ពិសេស​អ្នកជំងឺ​កូ​វីដ-​១៩​​ចំនួន​២​នាក់​ចុងក្រោយ​ ដែល​ព្យាបាល​យូរ​ជាងគេ ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​មកពី​ខេត្ត​និង​លើកទឹកចិត្ត​ឲ្យ​ មានការ​សាមគ្គី​គ្នា​ជា​បន្ត​ទៀត​»​។

​លោក​រដ្ឋមន្ត្រី ​បាន​ប្រាប់​ដល់​ក្រុម​គ្រូពេទ្យ​ជួរមុខ​ថា​ នេះ​មិនមែន​បញ្ចប់​ទេ​ ហើយក៏​មិន​មែន​ជា​ពេលវេលា​វិស្សមកាល​នោះ​ដែរ​ពោល​គឺ​ ត្រូវ​រៀបចំខ្លួន​ ដើម្បី​បង្កើន​ចំណេះវិជ្ជា​ជា​បន្ត​ទៀត ​ដើម្បី​ត្រៀមលក្ខណៈ​ប្រសិនបើ​មាន​ជាយថាហេតុ​ណាមួយ​ មាន​រលក​ទី​២​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩​​ព្រោះថា​លើក​ទី​១​យើង​ធ្វើ​លំ​ហាត់​បាន​ល្អ​ ហើយ​ដោយ​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩​​ទាំង​១២២​នាក់​ បានជា​សះស្បើយ​ទាំងអស់​ ដោយ​មិន​មាន​អ្នកជំងឺ​ណា​ម្នាក់​ស្លាប់​បាត់​បង់ជីវិត​ឡើយ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​«​ក្រុម​គ្រូពេទ្យ​យើង​លោក​ពូកែ​ណាស់​ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពិត​មែន​ តែ​យើង​មិន​សម្បូរ​បច្ចេកវិទ្យា​និង​មាន​ឧបករណ៍​ទំនើប​ៗ​ដូច​នៅ​ស្រុក​គេ​តែ​យើង​ អាច​មាន​សមត្ថភាព​ក្នុង​ការ​ទទួល​ការថែទាំ​បាន​ល្អ​។​ ជា​ជំហាន​មួយ​ ដែល​យើង​ត្រូវ​គិតគូរ​រៀន​បន្ថែម​ទៀត​និង​បំពាក់​ឧបករណ៍​បន្ថែម​ធ្វើ​ម៉េច ​ឲ្យ​មានការ​រីកចម្រើន​ទាំង​ចំណេះដឹង ធនធានមនុស្ស​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតប​ការ​ឆ្លង​ជាយថាហេតុ​ណាមួយ​»​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ប្រសិនបើ​អត់​មាន​ឆ្លង​ជំងឺ​កូ​វីដ-​១៩​​ជា​បន្ត​ទៀត​វា​ គឺជា​ការ​ល្អ​តែ​បើ​មាន​នោះ​យើង​មាន​បទ​ពិសោធន៍​និង​ឧបករណ៍​កាន់តែ​ទំនើប​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​បច្ចុប្បន្ន​នេះ​យើង​មាន​គ្រូពេទ្យ​ជួរមុខ​ប្រមាណ​៦០០​នាក់ ​នៅ​ទូទាំង​ប្រទេស​ដែល​ពួកគាត់​ធ្វើការ​ឆ្លាស់​វេន​គ្នា​ទៅវិញទៅមក​ នៅ​ពេល​ដែល​មាន​ករណី​ជំងឺ​កូ​វីដ-​១៩​​។

​សូម​រំលឹក​ថា ​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ជំងឺ​កូ​វីដ-​១៩​​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី​២៧ ​ខែ​មករា​ ឆ្នាំ​២០២០​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ បាន​ព្យាបាល​ជាសះស្បើយ​ទាំងអស់​១០០​ភាគរយ​ហើយ​ ដែល​អ្នកជំងឺ​ចុងក្រោយ​ជា​ស្ត្រី​ម្នាក់​ មាន​អាយុ​៣៦​ឆ្នាំ​មកពី​ខេត្ត​បន្ទាយមានជ័យ ​បានជា​សះស្បើយ​និង​បាន​ចេញពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ​ដោយមាន​ការចូលរួម​ជួន​ដំណើរ​ពី​លោក​សាស្ត្រាចារ្យ​ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល​និង​លោកស្រី​វេជ្ជបណ្ឌិត លី អាយ លែ​ន​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​៕​
អត្ថបទ៖ សំអឿន​
សូមចុចអាន៖ ហ្វីលីពីន បង្រ្កាបមន្ទីរពេទ្យ​ព្យាបាល​កូវីដខុស​ច្បាប់ ចាប់​បាន​ជនជាតិចិន ២នាក់