រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​ ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម​ថ្មីៗ​

​ភ្នំពេញ ​៖​ លោក​បណ្ឌិត អ៊ិត ​សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានស្នើ​ឲ្យ​មន្ត្រី​ក្រសួង​ទាំងអស់​ធ្វើការ​ពិភាក្សា​ទៅលើ​បញ្ហា​ប្រឈម​ថ្មីៗ​ដែលមាន​ឥទ្ធិពល​មកពី​ខាងក្រៅ ដូច​ជា ​សេដ្ឋកិច្ចពិភពលោក បញ្ហា​ជំងឺ​កូ​រ៉ូ​ណា​វីរុស​ថ្មី ករណី EBA សង្គ្រាម​ពាណិជ្ជកម្ម​ផ្សេងៗ ដែល​កំពុង​កើតមានឡើង​នាពេល​បច្ចុប្បន្ននេះ​ ដើម្បី​ដាក់ចេញ​នូវ​ដំណោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​កាលពី​ថ្ងៃទី​១៩​កុម្ភៈ​ នៅ​ទីស្ដីការ​ក្រសួង លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​«​យើងទាំងអស់គ្នា​បាន​ដឹង​ហើយ​ថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កើន​ឡើងជា​មធ្យម ៧​ភាគរយ រហូត​បានប្រែក្លាយ​កម្ពុ​ជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក៏ប៉ុន្តែ​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមជាតិ​យើង​បាន​ឈានចូល​មកដល់​បរិបទ ប្រឈម​នឹង​បញ្ហា​ថ្មី​ទាំង​នៅ​កម្រិត​តំបន់ និង​សកលលោក ដែល​តម្រូវឲ្យ​យើង​ខិតខំ​ជម្នះ​ដោះស្រាយ​ឲ្យ​បាន ​សំដៅ​រក្សា​បាន​កំណើន​ខ្ពស់ បង្កើត​ការងារ និង​មុខរបរ​កាន់តែ​ប្រសើរ ស្របតាម​ក្តី​ប្រាថ្នា​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ធានាថា ​យុវជន​ជំនាន់​ក្រោយ​របស់​យើង​ នឹងមិន​ក្លាយជា​អ្នក​ទទួលរង​ហានិភ័យ​ធ្ងន់ធ្ងរ​ នៃ​ការ​អត់​ការងារ​ធ្វើ​ដូច​ដែល​យុវជន​នៅក្នុង​ប្រទេសមួយ​ចំនួន​កំពុង​ជួបប្រទះ​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ភាព​តានតឹង​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​, បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​, សន្តិសុខ​សកល​, ការ​កើត​ចលាចល​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​, ការប្រែប្រួល​អាកាសធាតុ​ និង​គ្រោះ​ធម្មជាតិ ហើយ​ករណី​ថ្មីៗ​នេះ​ទៀត​វីរុស​កូ​រ៉ូ​ណា ហៅ​កូ​វីត​១៩ និង​ការដក​ផ្នែក​ខ្លះ​នៃ EBA របស់​សហ​ភាព​អឺរ៉ុប ជាដើម បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ចកម្ពុជា ដែលជា​សេដ្ឋកិច្ច​បើកចំហ​ខ្លាំង និង​ពឹង​ផ្អែកលើ​កត្តា​ខាងក្រៅ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​ទន្ទឹមនេះ ការរីកចម្រើន​បច្ចេកវិទ្យា​ថ្មី​យ៉ាង​ឆាប់រហ័ស ដែលនាំឲ្យ​កើត​មាន​ឡើង​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤.០ កំពុង​ជះឥទ្ធិពល ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ា​ង​ខ្លាំង​នូវ​របៀប​របប​ប្រតិបត្តិការ​ធុរកិច្ច​ និង​ការ​បំពេញ​ការងារ និង​តម្រូវ​ការ​ជំនាញ​គ្រប់​ប្រភេទ​។ នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ យើង​ក៏​កំពុង​ទទួលរង​ឥទ្ធិពល នៃ​ការ​ផ្លាស់ប្តូរ​គ្រប់ផ្នែក​ ដែល​បណ្តាលមកពី​បដិវត្តន៍​នេះ​ដែរ ដូចជា ​សេវា​ដឹកជញ្ជូន ​និង​ធ្វើដំណើរ សេវា​ធនាគារ​-​ហិរញ្ញវត្ថុ ការទិញ​-​លក់ សេវា​ទេសចរណ៍​ និង​បដិសណ្ឋាកិច្ច​ជាដើម​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​ប្រឈម​នឹង​បរិបទ​នេះ ការ​លើកកម្ពស់​ជំនាញ សមត្ថភាព ​និង​ផលិត​ភាព និង​កិច្ច​គាំពារ​សង្គម ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជា​អាទិភាព​ខ្ពស់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុ​កោណ​-​ដំណាក់កាល​ទី​៤ ក៏ដូចជា​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដើម្បី​បន្ត​ពង្រឹង​ភាព​ប្រកួតប្រជែង ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​ និង ធានាបាន​កំណើន​ខ្ពស់ បន្ត​ការបង្កើត​ការងារ​កាន់តែ​ប្រសើរ និង​បង្កើន​ប្រាក់ចំណូល​ប្រកបដោយ​ស្ថិរភាព និង​បរិ​យា​ប័ន្ន ព្រមទាំង​បញ្ចៀស​បាន​នូវ​ហានិភ័យ និង​ផលប៉ះពាល់​អវិជ្ជមាន​ណាមួយ ដែល​កើតមាន​ឡើង​ជាយថាហេតុ​។​

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ​ក្រសួង​បាន​ណែនាំ​រួចហើយ​ដល់​អគ្គនាយក​ដ្ឋាន​ការងារ​ ត្រូវ​ពិនិត្យមើល​នីតិវិធី​ព្យួរ​កិច្ចសន្យាការងារ ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​ការទូទាត់​អត្ថប្រយោជន៍​សម្រាប់​កម្មករ​និយោជិត ការសម្រួល​បែបបទ​នីតិវិធី​ក្នុងការ​បញ្ចូល​ពលករ​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។

ចំណែក​គណៈកម្មការ​ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​កូដកម្ម​-​បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា ត្រូវ​បន្ត​ពង្រឹង​ការ​គ្រប់គ្រង តាមដាន​ករណី​ថៅកែ​រត់ចោល​រោងចក្រ​មិន​បើក​ប្រាក់ខែ​ជូន​កម្មករ ឬ​ករណី​កូដកម្ម បាតុកម្ម ជាយថាហេតុ​ណាមួយ​ត្រូវតែ​គ្រប់គ្រង​ឲ្យបាន​។ ​ចំណែក​ខាង​វិទ្យាស្ថាន​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវ​ពិនិត្យ​លទ្ធភាព​ នៃ​ការ​បណ្ដុះបណ្ដាល​ធនធាន ជំនាញ​វិជ្ជាជីវៈ​ថ្មី ត្រូវ​ពិនិត្យ​លើ​លទ្ធភាព​ នៃ​ការទទួល​សិស្ស​បណ្ដុះបណ្ដាល ពិនិត្យ​លើ​ជំនាញ​ណាខ្លះ​ដែល​អាច​បង្កើន​ផលិតភាព​ខ្ពស់ ម្យ៉ាងទៀត​ក៏ត្រូវ​ពិនិត្យថា​ តើ​ត្រូវការ​គ្រូ​បណ្ដុះបណ្ដាល​ប៉ុន្មាន​នាក់​បន្តបន្ទាប់​ទៀត​។​

ចំពោះ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ត្រូវ​ចុះ​សិក្សា​លើ​ចរន្ត​ទីផ្សារការងារ​រ​ក្នុងប្រទេស ដើម្បី​រក​ឲ្យ​ឃើញ​ថា ​កន្លែង​ណាខ្លះ​ត្រូវការ​កម្លាំង​ពលកម្ម កន្លែង​ណាខ្លះ​សម្បូរ​កម្លាំង​ពលកម្ម ហើយ​ត្រូវ​បំពេញ​កម្លាំង​ពលកម្ម​ឲ្យ​ឆ្លើយតប​នឹង​តម្រូវ​ការងារ​ទីផ្សារ​ការងារ​។

ចំពោះ​បេឡា​ជាតិ​សន្តិសុខ​សង្គម ត្រូវ​ពិនិត្យ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​ក្នុងការ​សម្រួល​នីតិវិធី ឬ​កាតព្វកិច្ច​ដែល​អាចធ្វើ​វិស័យ​ឯកជន​នៅតែ​អាច​បន្ត​និរន្តរភាព​បាន ហើយ​បងប្អូន​កម្មករនិយោជិត​យើង​នៅតែ​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​។​
​ជា​ចុងក្រោយ​ លោក​រដ្ឋមន្ត្រី​ បានស្នើ​ដល់​សមាជិក សមាជិកា អង្គសន្និបាត​ទាំងអស់ ​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ប្រឈម​នានា និង​កិច្ច​ការងារ​មួយចំនួន​ដែល​យើង​មិនទាន់​សម្រេចបាន​នា​ឆ្នាំ​កន្លងមកនេះ មក​ពិភាក្សា​ឱ្យបាន​ផុលផុស និង​ដាក់ចេញ​នូវ​ដំណោះស្រាយ​សមស្រប​នានា សម្រាប់​ធ្វើជា​ទិសដៅ​ក្នុងការ​អនុវត្ត​បន្ត សំដៅ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ឱកាស​ការងារ និង​ការ​ផ្តល់​មុខជំនាញ​វិជ្ជាជីវៈ ដើម្បី​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ ឆ្នាំ​២០៣០ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០៕


អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114