រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្ដីពី ការវិវឌ្ឍន៍​រីកចម្រើន​លើ​វិស័យ​ធនធាន​ទឹក និង​ឧតុនិយម​ជូន​ដល់​អង្គប្រជុំ របស់ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់

ភ្នំពេញ​ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នា ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ ២០១៩ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ លើ​ការវិវឌ្ឍន៍​រីកចម្រើន​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដល់ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​។

ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ ប្រព្រឹត្ត​ទៅដោយ​មានការ​សម្របសម្រួល​ពី​លោក ឯក សំអុល ប្រធាន​ប្ដូរ​វេន​របស់​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ។ នា​កាស​នោះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី ការវិវឌ្ឍន៍​រីកចម្រើន​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម​ជូន​ដល់​អង្គប្រជុំ ។ តាមរយៈ​បទ​បង្ហាញ​នេះ ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ បាន​ធ្វើ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​បានធ្វើ​ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​លើ​ការងារ​ស្រោចស្រព ដើម្បី​ដោះស្រាយ​ទឹក​ជូន​ដល់​បងប្អូន​ប្រជាកសិករ បន្ថែម​លើស​ពី​នេះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ក្រុម​អ្នកបច្ចេកទេស​របស់​ក្រសួង ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ប្រមូល​ចងក្រង​ទិន្នន័យ ទុកជា​ឯកសារ​ដ៏​មានតម្លៃ សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ របស់​អ្នកជំនាន់ក្រោយ។

បន្ទាប់​ពី​បទ​បង្ហាញ ស្ដីពី​សមិទ្ធផល​ការងារ និង​ការសិក្សា​ស្រាវជ្រាវ​របស់​លោក រដ្ឋមន្ត្រី​រួចមក សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ បាន​លើក​ឡើង​នូវ​សំណួរ និង​សំណូមពរ​មួយចំនួន ពិសេស​ពាក់ព័ន្ធ​លើ​ការគ្រប់គ្រង​ធនធាន​ទឹក ការ​អភិរក្ស​បឹងបួរ ស្ទឹង ទន្លេ ព្រែក អូរ​… ព្រមទាំង​បាន​ពាំនាំ​នូវ​សំណើ​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន​ស្នើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី នៅ​តំបន់​អាងទឹក​មួយចំនួន។ ជា​ការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី​បាន​ទទួល​យក​នៅ​ធាតុ​ចូល​នានា ដែល​បានលើកឡើង​ដោយ​តំណាង​គណបក្ស នៅ​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដើម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​ផែនការ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​របស់​ក្រសួង។ ចំពោះ​សំណើសុំ​សិទ្ធិ​កាន់កាប់​ដីធ្លី ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​អាង​ទឹក​តូច​មួយ​ចំនួន លោក រដ្ឋមន្ត្រី​នឹង​លើកយក​បញ្ហា​នេះ ទៅពិនិត្យ ពិភាក្សា​ជាមួយ​លោក អភិបាល នៃ​គណៈ​អភិបាលខេត្ត​ដែលមាន​ការពាក់ព័ន្ធ។

ចំពោះ​បញ្ហា​ការ​យក​ប្រាក់ ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​កម្សាន្ត​តាម​បណ្ដា​ប្រព័ន្ធ​ធារាសាស្ត្រ​នានា លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ជូន​ថា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ពុំមាន​ការពាក់ព័ន្ធ​នឹង​ការតម្រូវ​ឲ្យ​បង់​ប្រាក់​នេះ​ទេ លោក រដ្ឋមន្ត្រី និង​លើក​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែនដី​ដែល​មាន​ការពាក់ព័ន្ធ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114