រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ជំរុញ​លើកទឹកចិត្ត​មន្ត្រី​គ្រប់​ផ្នែក​គ្រប់​ជំនាញ​នៅ​មូលដ្ឋាន បន្ត​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​ថែមទៀត

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កោះសូទិន​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​គ្រប់ផ្នែក​គ្រប់​ជំនាញ​នៅ​មូលដ្ឋាន បន្តធ្វើ​យ៉ាង​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​
​ ​
ការលើកឡើង​បែបនេះ ក្នុងឱកាស​ដែល​ លោក ខៀវ កាញារីទ្ធ អញ្ជើញ​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ទូទាំង​ស្រុក​កោះសូទិន​ឆ្នាំ​២០១៩ និង​លើក​ដៅ​ភារកិច្ច​ឆ្នាំ​២០២០ កាល​ពី​ព្រឹក​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២០ នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។

លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កោះសូទិន ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​លទ្ធផល​ការងារ​ដែល​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ទូទាំង​ស្រុក​កោះសូទិន សម្រេច​អនុវត្តន៍​បាន​ក្នុង​រយៈពេល​កន្លងមក និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវខិតខំ​ធ្វើការ​កសាង​ស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ស្ថានភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ​ទ្វេ​ឡើង​បន្ថែម​ទៀត​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ ក៏បាន​ជម្រាប​ជូន​ពី​សភាព​ការណ៍​វិវត្តន៍​រួម​នៅ​ទូទាំងប្រទេស ដែល​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ មាន​សុខ​សន្តិភាព ហើយ​សេដ្ឋកិច្ច​ជាតិ មាន​កំណើន​កើន​ឡើងជា​លំដាប់​។ ជាពិសេស​លើ​កិច្ចការងារ​សំខាន់ៗ ជាច្រើន ​ដែល​ក្រសួង​ព័ត៌មាន ត្រៀម​ចូលរួម​បំពេញ​ឲ្យ​បាន​ល្អ ក្នុងនោះ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ASEM ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​២០២០ ដែល​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ជា​ថ្នាក់ដឹកនាំ​ធំៗ ក្នុង​ពិភពលោក​ជាង​៤០ ប្រទេស នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​ធំ​នេះ ដែល​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ​កិច្ចប្រជុំ​កំពូល​នេះ ដើម្បី​មុខមាត់​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។ យោងតាម​របាយការណ៍​របស់ លោក យី វណ្ណៈ អភិបាល ​នៃ​គណៈ​អភិបាលស្រុក​កោះសូទិន បាន​រាយការណ៍​ពី​វឌ្ឍនភាព​ការងារ​រួម នៅ​តាម​បណ្តា​ឃុំ​នានា​ទូទាំង​ស្រុក កោះសូទិន ដែល​សម្រេច​អនុវត្តន៍​បាន​ក្នុង​រយៈពេល​កន្លងមក​នេះ ដែល​ក្នុងនោះ​ការអភិវឌ្ឍ​ភូមិ ឃុំ មានការ​រីកចម្រើន រក្សា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់ ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ និង​ឆាប់រហ័ស​។ ជា​ទិសដៅ​បន្ត​ទៅមុខទៀត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ បាន​បញ្ជាក់​ពី​ជំហរ​ក្នុងការ​ធ្វើឲ្យ​ប្រសើរ​ឡើង នៅ​គ្រប់ផ្នែក គ្រប់​វិស័យ ពិសេស​រក្សាសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​តាម​បណ្ដា​មូល​ដ្ឋាន​បាន​កាន់​ល្អប្រសើរ ជីវភាព​រស់នៅ បាន​ធូរធារ ជា​លំដាប់​៕


អត្ថបទ ៖ សុងយោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114