BREAKING NEWS
Search

រដ្ឋមន្ត្រី​សុខាភិបាល ​ជំរុញ​ឲ្យ​មន្ត្រី​បង្កើន​ការ​ត្រួតពិនិត្យ​ និង​រុករក​ករណី​សង្ស័យ​កូ​វីដ​១៩​ដល់​អ្នកដំណើរ​ ដែល​ចូល​មក​កម្ពុជា

​ភ្នំពេញ ​៖ ​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល ​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ និង​រុករក​ករណី​សង្ស័យ​ជំងឺ​កូ​វីដ​១៩​ ដល់​អ្នកដំណើរ​ ដែល​ចូល​មក​ប្រទេស​កម្ពុជា​ឲ្យ​បាន​តឹងតែង​ជាទីបំផុត​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​មាន​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​។​

ការ​ជំរុញ​របស់​លោក​រដ្ឋមន្ត្រី​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​កម្ពុជា ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជំងឺ​កូ​វីដ​១៩​ទៅលើ​អ្នកដំណើរ​ទាំង​ជនជាតិ​ខ្មែរ ​និង​បរទេស​ ដែល​ចូល​មក​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​។

​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ពិធី​ដាំ​កូនឈើ​នៅ​ទីតាំង​ទី​៣​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ​ខែ​សីហា លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​«​នៅ​ពេល​ដែល​យើង​រក​ឃើញ​ករណី​សង្ស័យ​បាន​លឿន​និង​ទាន់​ពេល​វេលា​វា​អាច​កាត់បន្ថយ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​នេះ​ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ដាក់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ ដើម្បី​បន្ត​តាន​ដាន​សុខភាព​បន្តទៀត​»​។ លោក រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​ ត្រូវ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ដើម្បី​ការពារ​ខ្លួនឯង​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​និង​ចម្លង​ជំងឺ​នេះ​ទៅ​អ្នកដទៃ​បន្ត​ទៀត​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា​«​យើង​នៅតែ​បន្ត​អនុវត្ត​ទៅតាម​អនុក្រឹត្យ ​ដែល​មាន​ស្រាប់​ ដើម្បី​ដាក់ទោស​ទណ្ឌ​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ណា​ ដែល​មិនបាន​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួង​ មានការ​ដាក់​ពិន័យ​ឬ​ឈាន​ដល់​ព្រហ្មទណ្ឌ​»​។​

​ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ផ្លាស់​ប្តូរ​ឥរិយាបថ​និង​ទម្លាប់​របស់​ខ្លួន​នៅ​ចំពោះ​មុខការ​រាតត្បាត​ជំងឺ​នេះ​ ដោយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀបចំ​ការរស់នៅ​តា​មគ​ន្ល​ង​ថ្មី​នៃ​ជីវភាព​ធម្មតា​របស់​ខ្លួន​ ដើម្បី​ចៀសវាង​ការ​ចម្លង​រោគ​ដូចជា​ការ​ធ្វើ​អនាម័យ​ ដោយ​លាងដៃ​ជាមួយ​ទឹក​ស្អាត​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ឬ​ទឹក​ជែ​ល​លាងដៃ​ឲ្យ​បាន​ញឹកញាប់ បរិភោគ​អាហារ​ដែល​ឆ្អិន​ល្អ រក្សា​គម្លាត​សុ​វត្ថិភាព​សង្គម​និង​កម្លា​ត​សុ​វត្ថិភាព​បុគ្គល​។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​«​បើទោះ​បីជា​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ​ជា​ករណី​នាំចូល​ក៏​ពិត​មែន​តែ​បើសិនជា​យើង​ម្នាក់ៗ​ មានការ​ធ្វេសប្រហែស​មិន​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ទេ នោះ​នៅ​ថ្ងៃ​ណាមួយ​យើង​នឹង​អាច​ប្រឈម​នឹង​ការ​ឆ្លង​រាតត្បាត​ចូល​សហគមន៍​ជាមិនខាន​ឡើយ​។ ​ដូចនេះ​បុគ្គល​ម្នាក់ៗ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​»​។

​ទន្ទឹម​នឹង​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ប្រពន្ធ​ផ្សព្វផ្សាយ​ជួយ​ផ្សាយ​ពី​ជំងឺ​កូ​វីដ​១៩​នេះ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត​ ដើម្បី​ឲ្យ​ពួកគាត់​មានការ​យល់ដឹង​និង​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ទាំង​អស់​គ្នា​។ គួរបញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​សីហា​នេះ​ កម្ពុ​ជា​មាន​អ្នក​ឆ្លង​ចំនួន​២៦៦​នាក់​ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​២២០​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​៤៦​នាក់​៕​
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ​ កម្ពុជា មាន​អ្នកជំងឺ​ម្នាក់ លាប់​ជំងឺ​កូវីដ-១៩ ឡើងវិញ