ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី កសិកម្ម បំពាក់​គ្រឿង​ឥស្សរិយយស ដល់ សាស្ត្រាចារ្យ​ជប៉ុន​ចំនួន ៣​នាក់​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​វិស័យ​កសិកម្ម

ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម បាន​នៅ​ថ្ងៃ​សុក្រ ១២​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន បំពាក់​គ្រឿង​ឥស្សរិយយស សហ​មេត្រី​ជូន​សាស្ត្រាចារ្យ​ជប៉ុន​ចំនួន ៣​នាក់ គឺ បណ្ឌិត Takano Katsumi សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​កសិកម្ម​តូ​ក្យូ សាស្ត្រាចារ្យ Yoichi Sakata និង​សាស្ត្រាចារ្យ Hironobu Shiwachi រួមជាមួយ​ជំនាញការ​កូរ៉េ ប្រចាំ​អង្គការ KOPIA កម្ពុជា ១​នាក់ គឺ Mr. Song, KL DEUK ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​វិស័យ​កសិកម្ម​នៅ​សាកល​វ​ទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​។

ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​សាទរ​ដោយស្មោះ​ចំពោះ​សាស្ត្រាចារ្យ​ទាំង ៤​រូប​ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស​នាពេលនេះ ហើយ​នេះ​គឺជា​សក្ខីភាព​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង តស៊ូ លះបង់ និង​ចែករំលែក​បទ​ពី​សោធន៍​ល្អៗ​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ប្រកបដោយ​គុណភាព​។ គ្រឿង​ឥស្សរិយយស​នេះ មិន​ត្រឹម​តែមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​សាស្ត្រាចារ្យ​ផ្ទាល់ និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ជា​កិត្តិយស​យ៉ាង​ឧត្តុងឧត្តម​សម្រាប់​សាកលវិទ្យាល័យ​ទាំងពីរ និង​អង្គការ KOPIA ជាពិសេស​សម្រាប់​ប្រទេសជាតិ​យើង​ទាំងបី (​កម្ពុជា ជប៉ុន និង​កូរ៉េ​) ក្នុងការ​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ ពេញលេញ និង​យូរអង្វែង​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា តាមរយៈ​ការ​អភិវឌ្ឍ និង​លើកកម្ពស់​ធនធានមនុស្ស ស្របតាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​។

លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​សាកល​វិ​ទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ក្នុងនាម​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​ធានាបាន​ទាំង​បរិមាណ និង​គុណភាព តាមរយៈ​ការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រសើរ​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​អន្តរជាតិ​នានា​នៅ​ទូទាំង​ពិភពលោក​។​លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​តាម​រយៈ គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​ធនធាន​ដ៏​មានតម្លៃ​នេះ​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន និង​ពេល​អនាគត ធានា​បាន​នូវ​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​។ លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា ​រាជរដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​កូរ៉េ ជាពិសេស​សាកលវិទ្យាល័យ​តូ​ក្យូ​នឹង​បន្ត​គាំទ្រ និង​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ប​ម្រើ​ឲ្យ​វិស័យ​កសិកម្ម​កាន់តែ​ចម្រើន​ឡើង​ថែមទៀត​នាពេល​អនាគត​។

​យោង​តាម​របាយការណ៍​របស់​លោក បណ្ឌិត ង៉ោ ប៉ុន​ថា​ន សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​ឲ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាកលវិទ្យាល័យ​កសិកម្ម​តូ​ក្យូ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំនេះ​ទទួល​បាន​លទ្ធផល​សំខាន់ៗ​ជាច្រើន​ដូចជា​៖ ទី​១. ផ្តល់​អាហារូបករណ៍ ដល់​មន្ត្រី​និង​និស្សិត​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិ​ញ្ញា បរិ​ញ្ញា​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​បាន​ចំនួន ១៣​នាក់ និង​អាហារូបករណ៍​ដល់​និស្សិត​ឲ្យ​ទៅ​ចូលរួម​សិក្ខាសាលា និង​សន្និសីទ​វិទ្យាសាស្ត្រ​ជា​រៀងរាល់​ឆ្នាំ​។ ទី​២. បាន​សហការ​រួមគ្នា​អនុវត្ត​គម្រោង ដើម្បី​អភិវឌ្ឍន៍​កសិកម្មសរីរាង្គ​និង​អភិរក្ស​បរិស្ថាន នៅ​ខេត្តកំពង់ចាម ក្រចេះ មណ្ឌលគិរី តាកែវ និង បាត់ដំបង​បាន​ចំនួន ៨​គម្រោង​។ គម្រោង​ក៏​បាន​ផ្តល់​ជា​កន្លែងធ្វើការ​អនុវត្ត​ន៍ ការស្រាវជ្រាវ និង​ការធ្វើ​កម្មសិក្សា​របស់​គ្រូ និង​និស្សិត​ដើម្បី​ផ្សារភ្ជាប់​ការសិក្សា​ទ្រឹស្តី និង​ការអនុវត្តន៍​។ ទី​៣. បាន​សាងសង់​អាគារ​វិទ្យាស្ថាន​មួយ​ខ្នង សម្រាប់​បម្រើការ​ងារ​គ​ម្រោ​ង និង​បាន​ផ្តល់​កន្លែង​ធ្វើ​កម្មសិក្សា និង​អនុវត្តន៍​ជាក់ស្តែង​ដល់​និស្សិត​បាន​ជាច្រើនរូប​។ ទី​៤. បាន​ជួយ​ពង្រឹងសមត្ថភាព​សាស្ត្រាចារ្យ និង​និស្សិត លើ​ការសិក្សា​ស្រាវជ្រាវ តាមរយៈ​សន្និសីទ​វិទ្យាសាស្ត្រ​អន្តរជាតិ​ផងដែរ​។ ទី​៥. ការបង្កើត​វិទ្យាស្ថាន​កែលម្អ និង​អភិរក្ស​បរិស្ថាន ហៅ​កាត់ អេ​រ៉េ​កុន (Institute of Environmental Rehabilitation and Conservation (ERECON)៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114