ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​ជប៉ុន ផ្តល់​ជំនួយឥតសំណង​នូវ​ទឹកប្រាក់​២.៤០៥.០០០.០០០​យ៉េន សម្រាប់​អនុវត្ត​គម្រោង “​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តពោធិ៍សាត់​”

ភ្នំពេញ​ ៖ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ជំនួយឥតសំណង​នូវ​ទឹកប្រាក់​ចំនួន ¥២.៤០៥.០០០. ០០០ (​ពីរ​ប៊ី​លាន​បួន​រយ​ប្រាំ​លាន​យ៉េន​) សម្រាប់​អនុវត្ត​គម្រោង “​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តពោធិ៍សាត់​” នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹង​ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ¥២.៤០៥.០០០.០០០ (​ពីរ​ប៊ី​លាន​បួន​រយ​ប្រាំ​លាន​យ៉េន​) សម្រាប់​អនុវត្ត​គម្រោង “​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តពោធិ៍សាត់​” ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ ២០១៩ វេលា​ម៉ោង​១០ និង​៣០ នាទី​ព្រឹក នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

គួរ​កត់​សម្គាល់​ថា ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ គឺជា​ការ​បង្ហាញ​អំពី​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ប្រទេស​ជប៉ុន ក្នុងការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​រស់នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ ទឹកស្អាត​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114