BREAKING NEWS
Search

រដ្ឋាភិបាល​ថៃ​ អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ ភូមា​និង​ឡាវ​ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឡើងវិញ​

​ភ្នំពេញ ​៖ ​លោក អន ប៊ុន​ហាក់ ប្រធាន​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០​សីហា​នេះ​ថា ​រដ្ឋាភិបាល​ថៃ​ បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចំនួន​៣​ នៅ​ក្នុង​តំបន់​អាស៊ាន​រួមមាន​កម្ពុជា ភូមា​និង​ឡាវ​បញ្ជូន​ពលករ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឡើងវិញ​ បាន​ចាប់ពី​ ខែ​សីហា ​ឆ្នាំ​២០២០​នេះ​តទៅ​។​

​លោក​បាន​បន្ត​ថា ​ជា​ជំហាន​ដំបូង​ក្នុង​១​ខែៗ​រដ្ឋាភិបាល​ថៃ​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា​ប​ញ្ជូន​ពលករ​ខ្មែរ​ចំនួន​២៤០០​នាក់ ភូមា​៤៥០០​នាក់​និង​ឡាវ​១០០០​នាក់​ទៅ​ធ្វើ​ការ​នៅ​តាម​ក្រុមហ៊ុន​នានា​នៅ​ប្រទេស​ថៃ ​ដោយ​ផ្តោត​ទៅ​លើ​វិស័យ​សំណង់​និង​ចំណីអាហារ​ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
​លោក​បាន​បន្ថែម​ទៀត​ថា ​ចំពោះ​លក្ខខណ្ឌ​វិញ​រដ្ឋាភិបាល​ថៃ​ មិន​តម្រូវ​ឲ្យ​ពលករ​បរទេស​ទាំងនោះ​ មាន​វិញ្ញាបនបត្រ​បញ្ជាក់​ថា ​គ្មាន​ជំងឺ​កូ​វីដ​១៩​នោះ​ ប៉ុន្តែ​ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​ពេល​ទៅ​ដល់​ប្រទេស​ថៃ​និង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ជាមុនសិន​ មុននឹង​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​ដោយ​ក្រុមហ៊ុន​ទទួល​ពលករ​នៅ​ថៃ​ជា​អ្នក​ធានារ៉ាប់រង​ទាំង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក អាហារ​បី​ពេល សម្ភារ​ផ្សេងៗ​និង​ការ​ធ្វើ​តេស្ត​ចំនួន​២​ដង ​ដែល​សរុប​ការ​ចំណាយ​ទាំងអស់​ចំនួន​១៣៩០០​បាត​ហើយ​ ក្នុង​កំឡុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ​ពលករ​ទទួល​បាន​ប្រាក់​ឈ្នួល​ចំនួន​ពាក់​កណ្តាល​នៃ​ប្រាក់ខែ​គោល​ផងដែរ​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ករណី​ពលករ​ណា​ម្នាក់​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះ ​ថៅកែ​ក្រុមហ៊ុន​ជា​អ្នក​ធានារ៉ាប់រង​ទៅលើ​ការ​ព្យាបាល​និង​សេវា​ផ្សេងៗ​ទៀត​រហូតដល់​ចេញពី​មន្ទីរពេទ្យ​។ លោក​បាន​បញ្ជាក់​ថា ​តាម​ផែនការ​នៅ​ឆ្នាំ​២០២០​នេះ​កម្ពុជា​គ្រោង​នឹង​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​២០​ម៉ឺន​នាក់​ ក្នុង​នោះ​ប្រទេស​ថៃ​១​ម៉ឺន​នាក់ ជប៉ុន សឹង្ហ​បុរី ហុងកុង​និង​ម៉ាឡេស៊ី​ប៉ុន្តែ រហូតមកដល់​ពេលនេះ​បញ្ជូន​បាន​ត្រឹមតែ​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ ដោយសារ​ប្រទេស​ទាំងនោះ​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩​។​ សូម​រំលឹក​ថា​បច្ចុប្បន្ន​នេះ​ កម្ពុ​ជា​មាន​ពលករ​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ប្រមាណ​១​លាន​២​សែន​នាក់ ​ក្នុង​នោះ​ប្រទេស​ថៃ​មាន​ច្រើន​ជាង​គេ​ គឺ​មាន​រហូត​១​លាន​នាក់​ដោយ​បាន​ផ្ញើ​ថវិកា​មក​ក្រុម​គ្រួសារ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ​ ដែល​បាន​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​និង​សេដ្ឋកិច្ច​ជាតិ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕
អត្ថបទ៖ ​សំអឿន​

សូមចុចអាន៖ អាជ្ញាធរ​ខេត្ត​ ក្រើនរំលឹក​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ពលរដ្ឋ ​ត្រូវ​ចូលរួម​​ការពារ​ថែ​រក្សា​ធនធាន​ធម្មជាតិ​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​​ទាំង​អស់​គ្នា