BREAKING NEWS
Search

រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​លើក​ទី​៧ មាន​មនុស្ស​ចូលរួម ជាង​៥.៣០០​នាក់​កើន​ជាង​ឆ្នាំមុន​២០%

ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​លើក​ទី​៧ ដែល​រៀបចំ​ធ្វើ​នៅមុខ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៧​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ជោគជ័យ ដោយមាន​មនុស្ស​ចំនួន​ជាង​៥.៣៥២​នាក់ បាន​ចូលរួម​នៅក្នុង​ព្រឹ​ត្តិការណ៍​នេះ​។​

ក្នុង​ចំនួន​៥.៣៥២​នាក់​នេះ មាន​អ្នករត់​ដែលជា​ជនបរទេស​ចំនួន​៥២៣​នាក់ ​ដែល​មកពី​ប្រទេស​ចំនួន ៣៣ និង​អ្នករត់​ដែលជា​ជនជាតិខ្មែរ​ចំនួន​៤.៨២៩​នាក់ គឺមាន​ការកើនឡើង​ចំនួន​២០​ភាគរយ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៦។​

លោកប៉ា សុជាតិ​វង្ស ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​នេះ គឺ​ដើម្បី​អបអរសាទរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរមាតា​ជាតិខ្មែរ និង ដើម្បី​ស្វែងរក​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​ចូលរួម​ក្នុង​យុទ្ធនាការ ទីក្រុង​ស្អាត ទីក្រុង​បៃតង និង​រត់​ដើម្បី​ភ្នំពេញ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​។​

លោក ប៉ា សុជាតិ​វង្ស បានបង្ហាញ​ពី​មោទនភាព​ក្រៃលែង ចំពោះ​ការចូលរួម​ដ៏​ច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ។ លោក​ក៏បាន​សំណូមពរ​សូម​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិ គោរព​បទបញ្ជា​ការប្រកួត និង​គោរព​គ្នា​ទៅវិញទៅមក ដោយ​ឈរលើ​ស្មារតី​មិត្តភាព និង​សាមគ្គីភាព ហើយ​ហាម​ដាច់ខាត​ការ​ប្រជែង​គ្នា​ដោយ​បង្ក​ឧបសគ្គ​ដល់​អ្នក​ដៃ ឬ​បន្លំ​ដើម្បី​ឈ្នះ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បញ្ជាក់ថា វិញ្ញាសា​ដែល​ដាក់​ឲ្យ​រត់​មាន​ចម្ងាយ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង រត់​ចម្ងាយ ៣ គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114