រថយន្ត​ក្រុង​បើក​មិន​ប្រយ័ត្ន​ កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​របួសធ្ងន់​

រតនគិរី ៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ​បាន​ជ្រុល​ចង្កូត​កៀរ​ម៉ូតូ​អ្នក​ធ្វើ​ដំណើរ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​ពី​លិច​ទៅ​កើត​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ភូមិ​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹង​ថា បើកបរ​រថយន្តក្រុង​ឈ្មោះ តយ សុខា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ូ​ដំណាក់ ឃុំ​វាល ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ បើកបរ​រថយន្តក្រុង​ ពាក់​ស្លាក​លេខ​ព្រះវិហារ​3A-0062​ហើយ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវជាតិ បុក​រះ​ដើមឈើ​និង​ប៉ះ​ស្លាក​គណបក្ស​នៅ​ចិញ្ចើម​ផ្លូវ ហើយ​បាន​គេច​ចេញពី​កន្លែង​កើត​ហេតុ​ចម្ងាយ​ប្រហែល​២៨០​ម៉ែត្រ​។

រីឯ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ពូ​យ យុង ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ ជនជាតិ​ខ្មែរ បាន​រង​របួស​ធ្ងន់​បោក​ក្បាល​ពីក្រោយ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​2018 ពណ៌​ខ្មៅ អត់​ស្លាក​លេខ បាន​ខូចខាត​ម៉ូតូ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្រោយពេល​កើតហេតុ​គេ​បាន​ឃើញ​ មាន​កម្លាំង​ប៉ុស្តិ៍​និង​កម្លាំង​អធិការ​ស្រុក​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ បាន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​ស្រុក​អូរ​យ៉ា​ដាវ​នេះ​។​

បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​និង​ម៉ូតូ កម្លាំង​ជំនាញ​បាន​រឹបអូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​ដើម្បី​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​