រថយន្ត​ក្រុង​ ធ្លាក់​ស្នាមភ្លោះ​ធ្វើ​ឲ្យ​អ្នកដំណើរ​ជិះ​ក្នុង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​៤​នាក់

បន្ទាយមានជ័យ ៖ អ្នកដំណើរ​ជិះ​ក្នុង​រថយន្តក្រុង​របស់​ក្រុមហ៊ុន​D L P​ជាច្រើន​នាក់ ​មានការ​ភ័យ​តក់ស្លុត​ព្រលឹង​ចុងសក់​ បន់​ម៉ែ​បន់​ឪ​ឲ្យ​ជួយ​ជីវិត​គ្រប់គ្នា ​ដោយសារតែ​រថយន្តក្រុង​នោះ​ បើក​ធ្លាក់​ស្នាមភ្លោះ​ដោយ​ខ្លួនឯង​បណ្តាល​ឲ្យ​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​រង​របួស​ធ្ងន់ ស្រាល​៤​នាក់​នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៥​ ខែមករា ​ឆ្នាំ​២០១៧​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុង​ភូមិ​គោក​ទ្រាស ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

លោក​វរសេនី​យ៍​ត្រី​ សី​ន​ រ៉ា​ស៊ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ មាន​រថយន្ដក្រុង​របស់​ក្រុមហ៊ុន D L P​ម៉ាកហ៊ីយ៉ាន់​ដាយ​ ពណ៌ខៀវខ្ចី​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3C-4585​ បើកក្នុង​ល្បឿន​លៀន​ លុះ​​មកដល់​ចំណុច​កើតហេតុ​នោះ​ប្រហែលជា​អ្នក​បើករថយន្ត​ងោក​មួយ​ភាំង​ហើយ​មើល​ទៅ​ បណ្តាល​ឲ្យ​បើករថយន្ត​ធ្លាក់​ចូល​ស្នាមភ្លោះ​បណ្តាល​ឲ្យ​អ្នកធ្វើ​ដំណើរ​តាម​រថយន្ត​រង​របួស​ធ្ងន់​ស្រាល​៤​នាក់​។

លោក​ស៊ីន​ រ៉ា​ស៊ី ​បាន​បញ្ជាក់​ទៀត​ថា ​ជនរ​ង​គ្រោះ​ទាំង​៤​នាក់​នោះ ​១​មានឈ្មោះ​ហាក់ កុសល ​ភេទប្រុស អាយុ​២៥​ឆ្នាំ ​រស់នៅ​ភូមិ​អង្គ​ជ័យ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ រង​របួស​ស្រាល ២​មានឈ្មោះ​ន​សារី ភេទស្រី​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ខេត្តក្រចេះ របួសធ្ងន់ ៣​មានឈ្មោះ​ជូន សំអាត​ ភេទស្រី​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ខួច ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង របួសធ្ងន់ ៤មានឈ្មោះ​ភា​រ៉ា ភេទស្រី​ អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចំបក់ ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ​ខេត្តស្វាយរៀង របួសធ្ងន់។ ​ក្រោយពី​កើតហេតុ​ ​ជនរងគ្រោះ​ទាំង​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ជញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​មង្គល​បូរី ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ ចំ​ណែក​អ្នក​បើករថយន្ត​រត់គេច​ខ្លួន​បាត់​។

លោក​ស៊ី​ន ​រ៉ា​ស៊ី បាន​បញ្ជាក់​ទៀត​ថា​ រថយន្ដ​ក្រុង​នោះ​ ត្រូវ​បាន​សមត្ថកិច្ច ​យក​មក​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ដោះស្រាយ​ទៅតាម​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114