រថយន្ត​និង​ម៉ូតូ​ បើក​គេចពី​ម៉ូតូ​​ដឹកជ្រូក ទៅ​បុក​គ្នា​វិញ​ ពេញទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​​៣​នាក់​បាក់ជើង ​និង ​បែក​ភ្នែក​ម្នាក់
BREAKING NEWS
Search

រថយន្ត​និង​ម៉ូតូ​ បើក​គេចពី​ម៉ូតូ​​ដឹកជ្រូក ទៅ​បុក​គ្នា​វិញ​ ពេញទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​​៣​នាក់​បាក់ជើង ​និង ​បែក​ភ្នែក​ម្នាក់

បន្ទាយមានជ័យ ៖ នេះ​គឺជា​សោ​នា​កម្ម​មួយ​ដ៏​គួរ​ឲ្យ​ស្លុត​មាន​មនុស្ស​ចំនួន​៣​នាក់​បាក់ជើង​និង​ម្នាក់​ផ្សេងទៀត​បែក​ភ្នែក​ម្ខាង​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បុក​ម៉ូតូ​នៅវេលា​ម៉ោង​៤​និង​២៥​នាទី​ល្ងាច​ ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​នៅ ចំណុច​ខាងកើត​សាលាឆទាន​ព្រែ​វែង​ចម្ងាយ ១៥០​ម ស្ថិតក្នុង​ភូមិ​ព្រែ​វែង ឃុំ គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​ដឹក​ជ្រូក​១​គ្រឿង បាន​បត់​កាត់​ពីមុខ​រថយន្ត​១​គ្រឿង កំពុង​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត និង​បើក​កាត់​ពីមុខ​ម៉ូតូ​១​គ្រឿង​ទៀត កំពុង​បើក​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​រថយន្ត​និង​ម៉ូតូ​គេច​ពី​ម៉ូតូ​ដឹក​ជ្រូក​បុក​គ្នា ធ្វើ​ឲ្យ​មាន​អ្នក​រងរបួស​ធ្ងន់ បាក់ជើង​ចំនួន​៣​នាក់​និង​បែក​ភ្នែក​ម្ខាង​១​នាក់​ភ្លាមៗ ត្រូវ​បាន​នគរ​បាលចរាចរណ៍​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ថ្មពួក។

ចំណែក​ម៉ូតូ​ដឹក​ជ្រូក បាន​បើក​រត់​គេ​ខ្លួន​បាត់។ ​លោក​អធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​មូលហេតុ​បង្ក​ឲ្យ​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​នេះ គឺ​បណ្តាល​ពី​រថយន្ត​និង​ម៉ូតូ បាន​បើក​គេច​ពី​ម៉ូតូ​ដឹក​ជ្រូក​ដែល​បត់​កាត់​ពីមុខ​។ វត្ថុ​តាង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​ជំនាញ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114