រថយន្ត​ម៉ាក​ព្រូស បើក​ជៀស​មិន​ប្រ​យ័​ត្ន​ត្រូវ​រថយន្ត​ម៉ាក International ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ខូចខាត​ជា​ទម្ងន់

ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស ពណ៌ស បើក​ជែង​ជាមួយ​រថយន្ត​ម៉ាក International ពណ៌លឿង វ៉ា​ក់​អើ​ជាមួយ​រថយន្ត​ម៉ាក Hyundai ពណ៌​ខៀវ ដែល​បើក​ច្រាស​ទិស​គ្នា រួច​គេច​មក​ស្តាំ​ដៃ​បណ្តាល​ឲ្យ​រថយន្ត​បើក​ពីក្រោយ​បុក​ខ្ទាត​ទៅ​បុក​នឹង​ដើមឈើ​បណ្តាល​ឲ្យ​ខូចខាត​ទាំងសងខាង។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា ១៩និង​២០នាទី​យប់ នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ ២០១៧ ត្រង់​ចំណុច មុខ​ឃ្លាំង​ថ្លឹង​រថយន្ត​លី​ឆ​យ ផ្លូវជាតិ​លេខ ៥ ភូមិ ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ពី​រថយន្ត​ម៉ាក ព្រូស ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​2K-5289 បើកបរ​ដោយ​ឈ្មោះ​រ៉េត គ្រី​ម ភេទ​ប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ ភូមិ​រលាំង ឃុំ ត្បូង​ខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បើកបរ​ពី​ត្បូង​ទៅ​ជើង មាន​គ្នា​ពីរ​នាក់។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​រថយន្ត​ម៉ាក ព្រូស បើក​មកដល់​ចំណុច​ខាងលើ ក៏បាន​វ៉ា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក់ International ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ3C -8333 បើកបរ​ដោយ​ឈ្មោះ ឡូញ វុត្ថា ភេទ​ប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅ ភូមិ​ព្រែក​ន្ទោ​ច ឃុំសុរ​ព័​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មាន​ទិសដៅ​ស្របគ្នា​។

ពេលនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-5229 មាន​ទិសដៅ​បញ្ច្រស​ទិស​គ្នា​នោះ បាន​ឃើញ​ដូចនេះ​រថយន្ត​បង្ក​ក៏​អែប​ចូល​មក​ស្តាំ ក៏​បណ្តាល​ឲ្យ​រថយន្ត​មាន​ទិសដៅ​ស្របគ្នា​នោះ​បុក​ពីក្រោយ​តែ​ម្តង និង​ជ្រុល​ទៅ​ប៉ះ​ដើមឈើ​នៅ​ពីមុខ​ទៀត រួច​ប៉ះ​លោកតា​ម្នាក់ ឈ្មោះ លី គ្រី​យ៉ី អាយុ ៦០ ឆ្នាំ ជនជាតិ ឥស្លាម ស្នាក់នៅ ភូមិ ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ ព្រែក​ព្នៅ ដែល​អង្គុយលេង​ក្បែរ​ដើមឈើ​នោះ បណ្តាល​ឲ្យ​រង​របួស​ស្រាល។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុ​ការ​ណ៍បុក​គ្នា​ពីក្រោយ​នេះ បណ្តាល​ឲ្យ​រង​របួស​ស្រាល ០១​នាក់ និង ខូចខាត​រថយន្ត ០២​គ្រឿង​ស្រាល និង ខូចខាត ធ្ងន់​០១ គ្រឿង​។

មូលហេតុ​បណ្តាល​មក​ពី​រថយន្ត​ព្រូស​ខ្វះ​ការប្រុងប្រយ័ត្ន ​និង​រថយន្ត​កុង​តឺ​ន័​រ បើកបរ​ស្រប​ខ្វះ​ការប្រុងប្រយ័ត្ន​។ ក្រោយ​កើតហេតុ​រថយន្ត​ទាំង​៣​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ព្រែក​ព្នៅ​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114