ព័ត៍មានទាន់​ហេតុការណ៏
Search

រន្ធត់​ណាស់! រថយន្ត​បុក​កង់​សិស្សសាលា​ស្លាប់​នៅ​នឹង​កន្លែង​ទាំង​ភ្លើងស្តុប​ពណ៌​ក្រហម

សៀមរាប​ ៖​ យុវសិស្ស​ម្នាក់​ជិះ​កង់​ឆ្លង​ផ្លូវ ​ត្រូវបាន​រថយន្ត​ហាយ​ឡែ​ន​ដឺ បុក​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម ទាំង​ភ្លើងស្តុប​ចេញ​ពណ៌​ក្រហម នៅឡើយ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ លើ​ដង​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្តុប​សាលាបឋមសិក្សា​ ហ៊ុន សែន គ្រួស ក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តសៀមរាប ​បាន​ឲ្យ​ដឹងថា ករណី​នេះ ​បង្កឡើង​ដោយ រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ដឺ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2Z 0652 បើក​បុក កង់ ​ក្មេង​រងគ្រោះ​ នៅ​ចំណុច​ស្តុ​ប​សាលា​បឋមសិក្សា ហ៊ុន សែន គ្រួស បណ្ដាល​ឲ្យ​សិស្ស​ប្រុស​ម្នា​ក់បាន​បាត់បង់​ជីវិត​ភ្លាមៗ។

ប្រភព​បន្តថា នៅវេលា​ម៉ោង​ខាងលើ ពេលដែល​សិស្សានុសិស្ស​ចេញពី​សាលា ហើយ​ត្រូវបាន​ឆ្លងកាត់​ផ្លូវ ទៅតាម​ការ​បញ្ជា​ដោយ​ស្វ័យប្រវត្តិ​នៃ​ភ្លើង សញ្ញា​ចរាចរណ៍ ក៏​ស្រាប់តែ​រថយន្ត ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ បាន​បើកបរ​យ៉ាង​លឿន​ដើម្បី​ឆ្លងកាត់​ភ្លើង​សញ្ញា​ចរាចរណ៍ ដែល​កំពុង​ចេញ​សញ្ញា​ពណ៌​ក្រហម បាន​ទៅបុក​លើ​សិស្ស​ដែល​កំពុង​ជិះ​កង់​ឆ្លងផ្លូវ ដោយ​អូស​ជាច្រើន​ម៉ែត្រ បណ្តាល ឲ្យ​បាត់​បង់ជីវិត​ភ្លាមៗ​។ ក្មេងរងគ្រោះ​មានឈ្មោះ អ៊ុំ ឡៃ​ប៉ន អាយុ​១០​ឆ្នាំ ជា​សិស្សសាលា​បឋមសិក្សា ហ៊ុន សែន​គ្រួស​។

តាម​អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ ​ក៏បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​បានឃើញ​រថយន្ត​បង្កហេតុ​បើកបរ​យ៉ាង​លឿន ព្រមទាំង​និយាយ​ទូរស័ព្ទ​ទៀតផង ទើប​បង្ក​ឲ្យ​មាន​ករណីនេះ​កើតឡើង។ ក្រោយ​ពេលដែល​រថយន្ត​បុក​អូស​ក្មេងរងគ្រោះ​ និង​កង់​នៅក្រោម​រថយន្ត ដោយ​ទៅមុខទៀត​មិន​រួច ក៏បាន​បើកទ្វារ​រថយន្ត​ចុះ​រត់​ពី​កន្លែងកើតហេតុ​។ តែ​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ ចាប់​ឃាត់ខ្លួន​បាន ព្រមទាំង​បាន​បញ្ជូន​ខ្លួន និង រថយន្ត​បង្ក​ទៅកាន់​ស្នងការ​ខេត្ត​ភ្លាមៗ។

សមត្ថកិច្ច​បញ្ជាក់​ថា ​ជន​បង្ក​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ភុំ សំអាត ភេទ​ប្រុស​អាយុ​៤០ ឆ្នាំ ទីលំនៅ​ភូមិ​ម៉ក់​ហាន ឃុំ​គោក​និមិត្ត ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ​។ ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ហើយ ដោយ​រង់ចាំ​បន្ត​នីតិ​វិធី​ទៅទៀត​ក្រោយ​សាកសួរ​ចប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114