រន្ធត់​! ស្លាប់​ភ្លាមៗ មួយ​រំពេច ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ បុក​ជាមួយ​រថយន្ត នៅ​ភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន

ប៉ៃលិន ​៖ បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង ដោយសារតែ​បើកបរ​ម៉ូតូ​វ៉ា​ជែង មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​ទៅ​បុក​ជាមួយ​រថយន្ត​មួយគ្រឿង ក្នុងស្ថានភាព​បញ្ច្រាស​ទិស​គ្នា កាលពី​វេលា​ម៉ោង​១៤ និង ១០​នាទី​រសៀល ថ្ងៃ​សៅរ៍ ១​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវលំ​មួយ​ខ្សែរ ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

តាម​សាក្សី ដែល​ឃើញ​ហេតុការណ៍ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​គេ​ឃើញ​បុរស​ម្នាក់ បើកបរ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ទីតាំង​កើតហេតុ ក៏​ស្រាប់តែ​រ៉េ​ចង្កូត ទៅបុក​រថយន្ត​មួយ​គ្រឿង ដែល​បើកបរ​មកពី​មុខ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង​តែម្តង។ ប្រភព​ព័ត៌មាន បាន​បន្ត​ថា ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត បាន​ចុះ​ពី​រថយន្ត គេច​ខ្លួន បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​នឹង​កន្លែង ចំណែក​សមត្ថកិច្ច​ចរាចរណ៍​ក្រុងប៉ៃលិន ក៏​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ រក​ម្ចាស់​រថយន្ត​ផងដែរ​។

បើ​តាម​លោក​វរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា នៅ​វេលា​កើតហេតុ ខាងលើ ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ បុក​ជាមួយ​រថយន្ត ពិតប្រាកដ​មែន ដោយ​ករណី​នេះ បណ្តាល​ឲ្យ​សម្នាក់ និង​កន្លែង​។ លោក​អធិការ បាន​បន្តថា ភាគី​ម៉ូតូ​ឈ្មោះ រិ​ទ្ធ រ៉ា​ត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​ប្រជា​ការពារ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន បើកបរ​ម៉ូតូ​ម៉ាក់​ស្កុប​ពី ពណ៌​ស ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង ១M ១៣៧៨ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ស្លាប់​នៅ​កន្លែង​កើតហេតុ (​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ​) ចំណែក​ភាគី​រថយន្ដ មិន​ស្គាល់​អត្ដសញ្ញាណ (​គេចខ្លួន​) បើកបរ​រថយន្ដ​ម៉ាក​តូ​យូ​តា សេរី​ចាស់ ពាក់​ស្លាក​លេខ (​រលុប​) ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខូចខាត​រថយន្ដ​កម្រិត​ស្រាល។ លោក​ក៏​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​ពី​វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់។

បច្ចុប្បន្ន វត្ថ​តាង​ម៉ូតូ និង​រថយន្ត ត្រូវ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា តាម​នីតិវិធី ចំណែក​សព​ភាគី​ម៉ូតូ ត្រូវ​ប្រគល់​ជូន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕
សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114