រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ បាត់​ភ្ញៀវ​ច្រើន ដោយសារ​​មេរោគ​កូ​រ៉ូ​ណា​

​ភ្នំពេញ ៖ អាជីវករ​លក់ដូរ​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ បាន​ត្អូញត្អែរ​ថា ពួកគាត់​បាត់បង់​អតិថិ​ជន​(​ភ្ញៀវ​)​ច្រើន​សព្វថ្ងៃនេះ ដោយសារមេរោគ​​​កូ​រ៉ូ​ណា ឬ មេរោគ​កូវីដ​១៩ ដែល​កំពុង​តែ​រាតត្បាត​ពាសពេញ​ពិភពលោក ​ក្នុងនោះ​ក៏មាន​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​ផងដែរ មាន​ស្ថិតិ​អ្នក​កើត​ជំងឺ​នេះ​ ១០២នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០។ ជាមួយគ្នានេះ ​រដ្ឋាភិ​បាល​ បាន និង​កំពុង​ ណែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ការពារ​ខ្លួន​ និង ទប់ស្កាប់​ការ​រីករាលដាល នៃ​ជំងឺ​កូវីដ-១៩​នេះ​ផងដែរ។​

​ម្ចាស់​អាហារដ្ឋាន​ដ៏​ល្បី​មួយ ​ឈ្មោះ ចាន់​ធី បាន​និយាយថា ហាង​របស់​គាត់​ បាន​បាត់បង់​អតិថិជន​ច្រើន​ជាង​ពាក់កណ្តាល ខណៈ​ហាង​ផ្សេង​ទៀត​ អ្នកខ្លះ​គ្មានភ្ញៀវ​ទាល់​តែ​សោះ ទោះបី​នៅ​ថ្ងៃ​សៅរ៍​ ឬ​ថ្ងៃអាទិត្យ​ក៏ដោយ ដោយសារតែ​អតិថិជន​មានការ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​នោះ​។​

លោកស្រី សឿន សុគ​ន្ឋា ម្ចាស់ផ្ទះ​សំណាក់ វិមាន​ចរណៃ ដែល​មាន​ទី​តាំង​នៅ​ជើងភ្នំ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ នោះ​ដែរ​បាន​មាននិយាយ​ត្អូញត្អែរ​ថា នៅក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​២០២០ នេះ ​បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាសថា មេរោគ​កូ​រ៉ូ​ណា ឬ មេរោគ​កូវីដ​១៩ បាន​ឆ្លង​រាតត្បាត​ដល់​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រកាស​ណែ​នាំឲ្យ​ប្រជាជន​ត្រូវ​ចេះ​ការពារ​ខ្លួន​រួចមក​នោះ នៅពេលនេះ​ ផ្ទះ​សំណាក់​របស់​លោក​ស្រី ​ក៏​បាន​បាត់បង់​ភ្ញៀវ​អស់​ជាង​ពាក់កណ្ដាល​ដែរ។ ដែល​កន្លងមក ​មាន​ភ្ញៀវ​ចូល​មក​ស្នាក់នៅ​ចន្លោះ​ពី​៧​បន្ទប់​ ទៅ​១០​បន្ទប់​ ក្នុង​១​ថ្ងៃៗ ឥឡូវ​មក​នៅ​ត្រឹមតែ​ក្រោម​៤​បន្ទប់ ឬ​ជួន​ពេលខ្លះ​អត់​មាន​ភ្ញៀវ​សោះ​ក៏​មាន​ដែរ​។​

​អាជីវករ​លក់ដូរ​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ ស្ទើរតែ​ទាំងអស់ ​សុទ្ធតែ​មាន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ប្រចាំថ្ងៃ​បែបនេះ​ដូចៗ​គ្នា ។ ស្ថានភាព​ផ្ទុះ​ការ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ដ៏​កំណាច​ បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ នៅ​លើ​ពិភពលោក​ទាំងមូល​។ ចំណែក​នៅ​ប្រទេស​កម្ពុជា ​ក៏ត្រូវ​បាន​គេ​រកឃើញ​ថា បាន​ឆ្លង​ជំងឺ​នេះ​ជាង១០២​នាក់​ ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២០ នេះ​៕

អត្ថបទ ៖ ប៊ុន​សឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114