BREAKING NEWS
Search

រយៈពេល​ពីរ​ថ្ងៃនេះ នៃ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខេត្ត​សៀមរាប ​​ប្រព្រឹត្ត​ទៅ​ដោយ​រលូន

សៀមរាប ៖ នៅ​ចុង​​សប្ដាហ៍​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧​នេះ​ នៅ​ទូទាំង​ខេត្តសៀមរាប ការ​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នេះ ពុំ​មាន​ចំណុច​អវិជ្ជមាន​ណាមួយ​កើត​ឡើយ​ ដោយ​សកម្មជន​របស់​គណបក្ស​នយោបាយ​ទាំងអស់ បាន​គោរព​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ដែល​បាន​ចែង​សម្រាប់​យុទ្ធនាការ​នោះ សំខាន់​គឺ​ប្រកាន់យក​នូវ​ក្រមសីលធម៌​អហិ​ង្សា បង្ហាញ​តែ​ពី​គោលនយោបាយ​ល្អៗ​នៃ​គណបក្ស របស់ខ្លួន​តែប៉ុណ្ណោះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​គណបក្ស​ផ្សេង​នោះឡើយ។ ក្នុងនោះ​យើង​សង្កេតឃើញ​មានតែ គណបក្ស​នយោបាយ ៣​ប៉ុណ្ណោះ​ដែល​បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ នៅ​តាម​មូលដ្ឋាន​ទូទាំង​ខេត្ត។​

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​លោក នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ទូទាំង​ខេត្តសៀមរាប មាន​គណបក្ស​នយោបាយ​ចំនួន ៧ ក្នុងការ​នោះ​មាន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ,​គណបក្ស​សង្គ្រោះ​ជាតិ ,​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​, គណបក្ស​ហ៊ុនស៊ិនប៉ិច , គណ​ប​ក្ស​បង្រួបបង្រួម​ជាតិ គណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​បាន​មាន​បេក្ខជន​ឈរ ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ។



ក្នុង​យុទ្ធនាការ​ថ្ងៃទី​២​នេះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធាន​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​កណ្តាល ចុះជួយ​ខេត្ត សៀមរាប បាន​ចុះ​ជួប​ធ្វើការ​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា បេក្ខជន​ក្រុមប្រឹក្សាឃុំ ក្នុងស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង ខេត្តសៀមរាប នៅ​ចុង​សប្តាហ៍​ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ​២០១៧។​



មានប្រសាសន៍​សំណេះសំណាល​នោះ​ឯកឧត្តម ទៀ បាញ់ បាន​បញ្ជាក់ថា នេះ​ជា​ឱកាស​ឲ្យ​គណបក្ស និង បេក្ខជន​យើង​គ្រប់រូប​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ជា​ម្ចាស់ឆ្នោត ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​របស់​គណ​បក្ស​យើង ក្នុង​ការបន្ត​អភិវឌ្ឍន៍​ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យ​បាន​ទូលំទូលាយ និង ស៊ីជម្រៅ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​លំដាប់​លេខ​រៀង និង រូប​សញ្ញា​របស់​គណបក្ស​នៅលើ​សន្លឹកឆ្នោត តាម​ឃុំ​នីមួយៗ ព្រមទាំង​ធ្វើការ​ណែនាំ​អំពី​របៀប​គូស​សន្លឹកឆ្នោត​ផងដែរ។ ឯកឧត្តម​ក៏បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤​នេះ​ផងដែរ។ ឯកឧត្តម ទៀ បាញ់ បាន​គូសបញ្ជាក់ថា ដោយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់ លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង ភាព​ជាក់ស្តែង លើ​ស្ថិរភាព​នយោបាយ សន្តិសុខ និង បាន​ទប់ស្កាត់ ការវិលត្រឡប់​ជា​លើក​ទី​២ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ព្រមទាំង​បានបញ្ចប់​នូវ​ជីវិត​នយោបាយ​ដឹកនាំ​របស់​ខ្មែរ ក្រហម ក្រោម​គោលនយោបាយ​ឈ្នះៗ របស់​រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រទេស ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន ក្រោម​ដំបូល​សន្តិភាព​ពេញ លេញ​ទូទាំងប្រទេស។

ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​អំពាវនាវ ដល់​គ្រប់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ស្រុក​សូទ្រនិគម និង ស្រុក​ជីក្រែង​ទាំងអស់ ទៅ​ចូលរួម បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ទៅតាម​លំដាប់​លេខ​រៀង​នៃ ឃុំ សង្កាត់​របស់ខ្លួន ដែលមាន​រូប​ទេវតា​បាចផ្កា។ ក្នុងនោះ ដែរ​ក៏​សូម​ឲ្យ​គ្រប់​សមាជិក​គណបក្សនយោបាយ​ទាំងអស់​ត្រូវ​រក្សា​ឲ្យ​ខាងតែបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ប្រកាន់យក​នូវ​ក្រមសីលធម៌​អហិង្សា កុំ​ឲ្យ​កើតមាន​នូវ អំពើហិង្សា​ណាមួយ ក្នុងពេល​គ្រប់​គណបក្សនយោបាយ ទាំងអស់ ធ្វើ​យុទ្ធនា​ការឃោសនា​រក​សំឡេង​គាំទ្រ​គណបក្ស​របស់ខ្លួន​តែប៉ុណ្ណោះ៕​​

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684