BREAKING NEWS
Search

រយៈពេល​១៤​ថ្ងៃ គ​.​ជ​.​ប ចុះ​ចែក​លិខិតអញ្ជើញ​ដល់​ប្រជាពលរដ្ឋ​បាន​៥៦.០៦​ភាគរយ​

ភ្នំពេញ​ ៖ នេះ​ជា​ការ​បញ្ជាក់​របស់លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការ “​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ និង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ​” នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។

លោក នុត សុខុម ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) តាមរយៈ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) ដែល​សហការ​អនុវត្ត​ដោយផ្ទាល់​ជាមួយ​អាជ្ញាធរ​ឃុំ សង្កាត់ និង​មេភូមិ បាន​ចុះ​ចែក​លិខិតអញ្ជើញ​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន ៤.៨៣៧.៥៣៨ នាក់ ស្មើនឹង​៥៦.០៦​ភាគរយ នៃ​ចំនួន​លិខិតអញ្ជើញ ដែល គ​.​ជ​.​ប បាន​បោះពុម្ព។

លោក​បន្ត​ថា ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ និង​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ត្រូវធ្វើ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​។

បើតាម​លោក នុត សុខុម គោលដៅ​នៃ​ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ បាន​ពិនិត្យ ផ្ទៀងផ្ទាត់ ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន​តាម​ឈ្មោះ និង​ទិន្នន័យ​ផ្លូវការ ដែលមាន​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី និង​ដើម្បី​អញ្ជើញ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩​។

ចំពោះ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ អនុប្រធាន​បានបញ្ជាក់​ថា មាន​គោលបំណង ដើម្បីឱ្យ​អ្នកបោះឆ្នោត (​អ្នក​បាន​ចុះឈ្មោះ​រួចហើយ​កាលពី ឆ្នាំ​២០១៦ ឬ ឆ្នាំ​២០១៧ ឬ​ឆ្នាំ​២០១៨ ឬ ឆ្នាំ​២០១៩) មក​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​។ ប្រសិនបើ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត មិន​ត្រឹមត្រូវ​តាម​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អ្នកបោះឆ្នោត​អាច​ស្នើសុំ​កែតម្រូវ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​។

នា​លោក នុត សុខុម បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​ដល់​គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ចូលរួម​ដាក់​ភ្នាក់ងារ ឬ​អ្នកសង្កេតការណ៍ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ពិនិត្យ​តាមដាន​មើល​ដំណើរការ​នេះ នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​ការអនុវត្ត​ដោយ​រលូន និង​ជោគជ័យ និង​បានស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ចូលរួម​សហការ ថែរក្សា ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ និង​បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ជួយ​ផ្សព្វផ្សាយ អំពី​ការងារ​រៀបចំ​ដំណើរការ​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ អំពី​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​។

ទាក់ទង​ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ​នេះ តំណាង​គណបក្សនយោបាយ និង​សង្គម​ស៊ីវិល​បាន​អះអាងថា ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ​មានការ​ខ្វះខាត​ច្រើន និង​បានស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជំរុញ​ការងារ​ឲ្យ​បាន​ដល់​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា ហើយ​ចំពោះ​នេះ លោក នុត សុខុម បាន​ទទួលស្គាល់ថា ការងារ​នេះ នៅមាន​ការខ្វះចន្លោះ ហើយ​លោក​សន្យាថា នឹង​ជំរុញ​ការងារ​នេះ​បន្ថែមទៀត​។

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​កិច្ចប្រជុំ “​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ និង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ​” ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ការិយាល័យ​កណ្ដាល​របស់ គ​.​ជ​.​ប ដែល​ស្ថិតនៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក នុត សុខុម អនុ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​មានការ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​, តំណាង​ព្រឹទ្ធសភា រដ្ឋសភា​, ក្រសួង​ពាក់ព័ន្ធ​នានា​, តំណាង​គណបក្សនយោបាយ​, តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​៕
កោះ​កែវ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114