រាជរដ្ឋាភិបាលកម្ពុជាបានសន្សំសំចៃថវិកាបន្ថែម ៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​កម្ពុជា​បាន​សរសេរ​នៅ​បណ្តាញសង្គមហ្វេសបុក​ថា ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានដឹងច្បាស់ហើយអំពីការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកដែលធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទោះបីអត្រានៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតទាប ហើយការព្យាបាលបានជាច្រើនឡើងជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជំងឺនេះគឺនៅតែជាជំងឺឆ្លងដ៏កាចសាហាវបំផុត។

ជាក់ស្តែង នៅជុំវិញប្រទេសយើងដូចជាប្រទេសថៃ និងវៀតណាម គឺកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងខ្លាំង។ ដូច្នេះកម្ពុជា​ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកាសម្រាប់ទិញសម្ភារៈនិងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុកសម្រាប់ជួយប្រជាពលរដ្ឋក្នុងស្ថានភាពដែលយើងមិនអាចមើលឃើញណាមួយ។

កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺបានទទួលជាង១១លានដុល្លារអាមេរិករួចហើយ។​ នៅថ្ងៃទី ៧​ មេសា ម្សិលមិញនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់ជាសាធារណះអំពីការសម្រេចកាត់បន្ថយថវិកាចំនួន៩១៨លានដុល្លារអាមេរិកថែមទៀត ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង លើកទីមួយ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងលើកទីពីរនេះ កាត់បន្ថយការចំណាយចំនួន៤៧៥លានដុល្លារអាមេរិកថែមទៀត។ បូកសរុបទាំងពីរលើកនេះគឺមានចំនួន៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ”៕