ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​រួមគ្នា​លើកកម្ពស់​ដល់​ក្មេងស្រី​ងាយ​រងគ្រោះ​និង​ផ្ទុកមេរោគ​អេដស៍​នៅតាម​សហគមន៍

ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​បាន​រួមគ្នា​លើកកម្ពស់​ដល់​ក្មេងស្រី​ងាយ​រងគ្រោះ​និង​ផ្ទុកមេរោគ​អេដស៍​នៅតាម​សហគមន៍​នានា​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ការថែទាំ​សុខភាព​និង​ការសិក្សាអប់រំ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង ប្រធាន​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​ការរួម​គ្នា​គាំពារ​ដល់​ក្មេងស្រី​ងាយ​រងគ្រោះ​និង​ផ្ទុកមេរោគ​អេដស៍​នេះ​ដោយសា រ​បច្ចុប្បន្ននេះ​មាន​ក្មេងស្រី​មួយចំនួន​មិនទាន់​ទទួលបាន​ការសិក្សាអប់រំ មានការ​រើសអើង ការរំលោភបំពាន អំពើហិង្សា សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​និង​សិទ្ធ​ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​រប​ស់​ពួកគេ​គួរ​ឲ្យ​ព្រួយបារម្ភ​។​

ថ្លែង​ក្នុង​វេទិកា​ពិភាក្សា “ លើកកម្ពស់​ក្មេងស្រី ដើម្បី​អនាគត​ភ្លឺស្វាង​”​ដែល​រៀបចំឡើង​ដោយ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងែ​ទី​២៤​ខែតុលា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោកស្រី វេជ្ជ​ប​ណ្ឌិ ត ហួ យ ស៊ី​ខេង​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជួយ​គាំទ្រ​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត​ដល់​ក្មេងស្រី​នៅតាម​សហគមន៍ ដើម្បី​ធានាបាន​ថា ពួកគេ​មានលទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព និ ង​ការសិក្សាអប់រំ​ព្រមទាំង​ទទួលបាន​ការធ្វើ​តេស្តរ​ក​មេរោគ​អេដស៍ ការការពារ និង​ការព្យាបាល​ពេញ​មួយជីវិត​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្តថា​«​ការរៀបចំ​វេទិកា​ពិភាក្សា “ លើកកម្ពស់​ក្មេងស្រី ដើម្បី​អនាគត​ភ្លឺ​ស្វា ង​”​នេះ​គឺជា​កិច្ច​ចាប់ផ្តើម​ការយកចិត្តទុកដាក់​និង​អនុវត្ត​ការងារ​ជាមួយ​ដៃគូ​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដល់​ក្មេងស្រី និង​ដើម្បី​ពិភាក្សា​ជារួម​មួយ​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល សង្គម​ស៊ីវិល​ពាក់ព័ន្ធ ដែល​បាន​ចូ ល​រួមចំណែក​ក្នុងការ​ឆ្លើយតប​ឲ្យ​បាន​សមស្រប​ទៅនឹង​បញ្ហា​របស់​ក្មេងស្រី​និង​ជាពិសេស​ចំពោះ​ក្មេងស្រី​ដែល​ងាយ​រងគ្រោះ និង​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ »​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា​វេទិកា​នេះ​ជា​វេទិកា​របស់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ជា​សកល​ទូទាំង​៤៣​ប្រទេស​ដែល​អនុវត្ត​ការងារ និង​មាន​សុច្ឆន្ទៈ ប្រកាន់​គោលជំហរ​គាំទ្រ​ក្មេងស្រី​ទូទាំង​ពិភពលោក​ដែលជា​អ្នក​បណ្តុះ​គំនិត​ផ្លាស់ប្តូរ និង​ទទួលខុសត្រូវ​លើ​អនាគត​របស់គាត់​ដោយ​ខ្លួនឯង​។​

លោកស្រី​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា​«​ពិភពលោក​ទាំងមូល​កំ​ពុង​តែ​យកចិត្តទុកដាក់ ជាពិសេស​ស្ត្រី និង​ក្មេង​ស្ត្រី ដែល​កំពុង​ប្រឈមមុខ​ទៅនឹង​បញ្ហា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​នៃ​ការអភិវឌ្ឍ​ខ្លួន​គាត់ ក្រុមគ្រួសារ និង​ប្រទេសជាតិ​ទាំងមូល​និង​ជាពិសេស​ស្ត្រី​ងាយ​ទទួលរង​គ្រោះ ពី​ការឆ្លង​មេរោគ​អេដស៍​។ AHF បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ​នេះ តាមរយៈ​ការបង្កើត​ព្រឹត្តិការណ៍​សំខាន់ៗ និង​កម្មវិធី​ជាច្រើន​ដើម្បី​ក្មេងស្រី​និង​ស្ត្រី​របស់​យើង​! នៅតាម​បណ្តា​ប្រទេស​នានា រួមទាំង​កម្ពុជា​ដែរ »​។​

ចំណែក​កញ្ញា​សួន វិច្ឆិកា តំណាង​ក្មេងស្រី​រស់នៅក្នុង​សហគមន៍​បាន​គាំទ្រ​ចំពោះ​វេទិកា​នេះ​ព្រោះ​បាន​ជួយ​ឲ្យ​ក្មេងស្រី​ដែល​ងាយ​រងគ្រោះ​និង​ផ្ទុកមេរោគ​អេស​ដ៍​ទទួលបាន​ចំណេះដឹង​ថែមទៀត​ទាក់ទិន​នឹង​សេវា​ព្យាបាល​ក៏ដូចជា​ការអប់រំ​ជាដើម​។​

កញ្ញា​បាន​ស្នើ​ឲ្យ​មាន​រៀបចំ​វេទិកា​របៀបនេះ​ឲ្យ​បាន​ច្រើន​នៅតាម​សហគមន៍​ជាជាង​ធ្វើ​នៅតាម​សណ្ឋាគារ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​បាន​យល់ដឹង​ព័ត៌មាន​ទាក់ទិន​នឹង​ការ​ប្រឈម​និង​បញ្ហា​នានា​ដែល​កើតឡើង​ចំពោះ​ក្មេងស្រី​នៅតាម​សហគមន៍​ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ដោះស្រាយ។

ជាមួយគ្នា​នវ​ដែរ​កញ្ញា​បានស្នើ​ឲ្យ​អាជ្ញាធរ​ភូមិ​ឃុំ​បង្កើត​កម្មវិធី​យុវជន​នៅតាម​មូលដ្ឋាន​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្តល់​ចំណេះដឹង​ទាក់ទិន​នឹង​សុខភាព​ដល់​ក្មេងស្រី​ក្រីក្រ​នៅក្នុង​សហគមន៍​ឲ្យ​ជៀស​ផុតពី​ការឆ្លង​ជំងឺអេដស៍​ក៏ដូចជា​បានស្នើ​ឲ្យ​មានការ​បង្កើន​ការផ្តល់​អាហារូបករណ៍​ដល់​ក្មេងស្រី​ក្រីក្រ​នៅតាម​សហគមន៍​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឲ្យ​ពួកគេ​អាចមាន​លទ្ធភាព​បន្ត​ការសិក្សា​បាន​កាន់តែ​ខ្ពស់​ងាយស្រួល​ក្នុងកា​ស្វែងរក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹមជីវិត​ខ្លួនឯង​ផង​និង​ក្រុមគ្រួសារ​បានល្អ​ប្រសើរ​។​

លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ណែនាំ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ក្រសួង​កិច្ចការនារី​ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នានា​ត្រូវ​រួមគ្នា​លើកស្ទួយ​សមត្ថភាព បង្កើន​ចំណេះដឹង​ទាក់ទិន​នឹង​វិធី​ការពារ​សុខភាព ការ​រួមភេទ​ប្រកប ដោយ​សុ​វត្តិភាព លើកកម្ពស់​បំ​ណិ​ន​ជីវិត​ផ្ទាល់ខ្លួន​ដល់​ក្មេងស្រី​ដើម្បីអោយ​ពួកគេ​ជៀស​ផុតពី​ការបំពាន​រាងកាយ ផ្លូវភេទ​និង​ការពារ​ខ្លួន​ពី​ការចម្លង​មេរោគ​អេដស៍​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា​«​ភាព​ងាយ​រងគ្រោះ របស់​ក្មេងស្រី និង​យុវវ័យ​ជានា​រី ក្នុង​ការឆ្លង​មេរោគ​អេដស៍ ជា​បញ្ហា​ចំបង​មួយ​ក្នុងស្ថានភាព​ដែល​យើង បាននិងកំពុង​ជួប និង​ត្រូវ​រួបរួមគ្នា​ដោះស្រាយ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​«​ភាព​ងាយ​រងគ្រោះ របស់​ក្មេងស្រី និង យុវវ័យ​ជានា​រី​ទូទៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទូលំទូលាយ ក៏ដូចជា ក្រុម​ស្ត្រី​ងាយ​រងគ្រោះ គឺជា​អ្វីដែល សា​ម៉ី​ខ្លួន​ជា​យុវជន អាណាព្យាបាល ក្រុមគ្រួសារ ស្ថាប័ន គ្រឹ​ស្ថាន អប់រំ វិស័យ​ឯកជន អាជ្ញា​ធរមាន​សមត្ថកិច្ច និង​សង្គម​ស៊ីវិល ត្រូវ​ចូលរួមចំណែក​បន្ថែមទៀត បង្ការ និង ដោះស្រាយ​ភាព​ប្រឈម​របស់​ក្មេងស្រី និង​យុវវ័យ​ជានា​រី ខណៈដែល​យើងទាំងអស់គ្នា​ប្តេជ្ញាចិត្ត ចូល រួម​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ឈានឆ្ពោះ​ទៅរក ការបញ្ចប់​ការចម្លង មេរោគ​អេដស៍​ត្រឹម​ឆ្នាំ​២០២៥»៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114