ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​និង​អង្គការក្រៅរដ្ឋាភិបាល​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​អេដស៍​ដល់​ពលករ​ចំណាកស្រុក​ឆ្លងដែន​ធ្វើការ​នៅ​ប្រទេស​ថៃ

ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការក្រៅរដ្ឋាភិបាល​បាន​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺអេដស៍​ដល់​ពលករ​ចំណាកស្រុក​ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដើម្បី​ការពារ​ពួកគេ​ឲ្យ​ជៀស​ផុតពី​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

លោក​វេជ្ជបណ្ឌិត លី ប៉េង​ស៊ុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក​និង​កាមរោគ​នៃ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​អេដស៍​ដល់​ពលករ​ចំណាកស្រុក​នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលករ ​ឬ​ កម្មករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ឲ្យ​យល់ដឹង​ពី​វិធី​ការពារ​ខ្លួន និង ​ផល​ប៉ះពាល់​នៃ​ជំងឺ​អេដស៍​ក៏ដូចជា​ចែក​ស្រោមអនាម័យ​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ​ជា​បន្ត​ទៀត​។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ខែធ្នូ ឆ្នាំ​២០១៩ លោក​វេជ្ជបណ្ឌិត លី ប៉េង​ស៊ុន​បាន​បន្ត​ថា ក្រៅពី​នេះ​ក្រសួងសុខាភិបាល​បាន​សហការ​ជាមួយ​ភាគី​ថៃ​ជួយ​សម្រួល​ឲ្យ​ពលករ​ខ្មែរ​ ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​អាច​មក​ទទួលយក​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​នៅ​ស្រុក​ខ្មែរ​រយៈពេល​៦​ខែម្តង​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ការព្យាបាល​ពេញលេញ​។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ការ​បើក​ថ្នាំ​នេះ​ពលករ​ដែល​ធ្វើការ​នៅ​ខេត្ត​ត្រាត​និង​ខេត្ត​ស្រះកែវ​អាច​មក​បើក​ឱសថ​នៅ​មន្ទីរពេទ្យ​នៅ​ខេត្តកោះកុង មន្ទីរពេទ្យ​នៅ​ប៉ោយប៉ែត ប៉ៃលិន​និង​បាត់ដំបង​។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា ​ប្រសិនបើ​ពលករ​មាន​ផ្ទុក​មេរោគ​អេដស៍​មិនបាន​លេប​ថ្នាំ​ទៀងទាត់​ទេ​នោះ​នឹង​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​ភាពស៊ាំ​ថ្នាំ រើ​ជំងឺ​ឡើងវិញ​និង​ធ្វើ​ឲ្យ​ការ​ព្យាបាល​មិន​ទទួលបាន​ជោគជ័យ​ព្រមទាំង​ឈានដល់​ស្លាប់បាត់​បង់ជីវិត​ផង​ដែរ​។

ចំណែក​លោកស្រី​វេជ្ជបណ្ឌិត​ហួយ ស៊ី​ខេង ប្រធាន​គ្រប់គ្រង​កម្មវិធី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ដែល​ហៅ​កាត់​ថា AHF​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​អង្គការ​បាន​សហការ​ជាមួយ​អង្គការ​AHF​នៅ​ប្រ​ទេស​ថៃ​បង្កើត​គ្លីនិក​មួយ​នៅ​ខេត្ត​សាមុទ្រ​សា​ខន​សម្រាប់​ផ្តល់​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ដល់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​គ្រប់គ្រាន់​និង​ទាន់​ពេល​ដោយ​មិនចាំបាច់​ចំណាយ​ពេល​វេលា​ធ្វើដំណើរ​ទៅ​បើក​ថ្នាំ​នៅ​ស្រុក​ខ្មែរ​ឡើយ​។

លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ត​ថា ​ក្រៅ​ពី​នេះ​គ្លីនិក​ក៏​មាន​ផ្តល់​សេវា​ប្រឹក្សា ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ចែក​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ​ជួន​ដល់​ពលករ​ខ្មែរ​ផង​ដែរ។

លោក​ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​មានប្រសាសន៍ថា​ ប្រ​ទេស​កម្ពុជា​បាន​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​គួរ​ឲ្យ​កត់សំគាល់​ពោល​គឺ​បាន​ធ្លាក់​ចុះ​ពី​២​ភាគ​នៅ​ឆ្នាំ​២០០៨​មក​នៅត្រឹម​០.៦​ភាគរយ​នៅ​ឆ្នាំ​២០១៩​នេះ​ដោយ​បច្ចុប្បន្ន​នេះ​មាន​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ​៧៣០០០​នាក់​ក្នុង​នោះ​មាន​អ្នក​ផ្ទុក​ប្រមាណ​៦០០០០​នាក់​ទទួលបាន​ការព្យាបាល​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​។

លោក​បាន​បន្តថា​ បើ​ទោះ​បី​ជា​កម្ពុជា​បាន​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​អ្នក​ផ្ទុក​ជំងឺអេដស៍​យ៉ាងណាក៏ដោយ​ក៏​បច្ចុប្បន្ន​ជំងឺ​នេះ​ក៏​កំពុងតែ​យាយី​ទៅលើ​ក្រុម​ប្រឈម​មួយ​ចំនួន​គួរ​ឲ្យ​ព្រួយបារម្ភ​ផង​ដែរ​ដែល​ក្រុម​ទាំងនោះ​រួមមាន​ក្រុម​បុរស​ស្រលាញ់​បុរស ក្រុម​ក្លែងភេទ ក្រុម​ស្ត្រី​បម្រើ​សេវា​កម្សាន្ត​សប្បាយ ក្រុម​ប្រើប្រាស់​គ្រឿងញៀន ក្រុម​យុវវ័យ​និង​ក្រុម​ជន​ចំណាកស្រុក​ជាដើម​។

គួរ​បញ្ជាក់​ថា ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ប្រ មាណ​១​លាន​២​សែន​នាក់​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114