រាជរដ្ឋាភិបាល​បង្កើត​កម្មវិធី​ជំនួយ​ផ្លូវច្បាប់​នៅតាម​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​ភាពចលាចល​នៅក្នុង​សង្គម

​ភ្នំពេញ​៖​ ​រាជរដ្ឋាភិបាល​ បាន​បង្កើត​កម្មវិធី​ ជំនួយ​ផ្លូវច្បាប់ ​នៅតាម​មូលដ្ឋាន ​ដើម្បី​កាត់បន្ថយ​ភាព​ចលាចល​ នៅក្នុង​សង្គម​ សំដៅ​ធ្វើយ៉ាងណា​ ឲ្យ​ប្រជាពលរដ្ឋ ​រស់នៅ​បាន​សុខសាន្ត​ មិនមាន​ជំលោះ​និង​ ​ហិង្សា​ផ្សេងៗ​ឡើយ​។​

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ​ស្តីពី​តួនាទី​ ភារកិច្ច​ និង​ គោល​ការណ៍​​សន្ធាន​ការី​ កាលពី​ព្រឹក​ថ្ងៃទី​២៦​ ខែកុម្ភៈ​ នៅ​សណ្ឋាគារ​សាន់វ៉េ ​លោក ជិន​ម៉ា​លីន ​អនុរដ្ឋលេខាធិការ​ ក្រសួងយុត្តិធម៌​បាន​មានប្រសាសន៍ថា ​កម្មវិធី​ជំនួយ ​ផ្លូវច្បាប់​ ដល់​ប្រជាពលរដ្ឋ​ តាម​មូលដ្ឋាន​នេះ ​ធ្វើឡើង​តាមរយៈ​ការិយាល័យ​ នីតិកម្ម ​និង​សម្រុះសម្រួល​វិវាទ ​មូលដ្ឋាន​ ដែល​ពី​មុន គេ​ហៅថា​មណ្ឌល​សេវាកម្ម​យុត្តិធម៌ ​ដែល​ស្ថិត​នៅក្រោម​ ក្រសួងយុត្តិធម៌ ​ដែល​យើង​ បាន​បង្កើត​ ចំនួន​៦៨​កន្លែង​ នៅតាម​១០​រាជ​ធានី​ខេត្ត​។

​លោក​បាន​ ​បន្តទៀតថា​ ជា​ទិសដៅ​ ទៅ​ថ្ងៃមុខ​ យើង​នឹង​បង្កើត​ឲ្យ​ បាន​គ្រប់​ ស្រុក​ ខណ្ឌ​ទូទាំង​ប្រ​ទេសតែម្តង ​ដើម្បី​ជួយ​ផ្សព្វផ្សាយ ​និង​អប់រំ​ផ្នែក​ច្បាប់​ គ្រប់​សំណុំរឿង​ទាំងអស់​ ដល់​ប្រជាពលរដ្ឋ​ និង​ផ្ដល់​ប្រឹក្សា ​ផ្លូវច្បាប់​ ព្រមទាំង​សម្រុះសម្រួល ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។​

លោក​បាន​បន្តថា ​​ការផ្ដល់​សេវា​ ផ្លូវច្បាប់​ទាំងនេះ ​មាន​សារសំខាន់​ណាស់ ​ក្នុង​ការជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​ ទទួលបាន​ នូវ​ភាព​យុត្តិធម៌ ​និង​កាត់បន្ថយ​បញ្ហា​អសន្តិសុខ​ និង​ភាពចលាចល​ នៅតាម​មូល​ដ្ឋាន​ ព្រមទាំង​កាត់បន្ថយ​ ការកកស្ទះ ​សំណុំរឿង​នៅ​តុលាការ​ផងដែរ​។

​លោក​ជិន​ម៉ា​លីន​ បាន​ពន្យល់ថា ​«​កន្លងមកនេះ​ ដោយសារ​ប្រជាពលរដ្ឋ​ មិនបាន​យល់ដឹង​ពី​ផ្លូវ​ច្បាប់ ​និង​សិទ្ធ​របស់ខ្លួន ​ឬ​មិនមាន​មេធាវី​ ការពារ​ក្តី​ ធ្វើ​ឲ្យ​គាត់​ថ្លោះ​ធ្លោយ ​បោះបង់​សិទ្ធ​ និង​ចាញ់ក្តី​នៅ​តុលាការ​។​ ម្យ៉ាងវិញទៀត​ នៅពេលដែល​ប្រជាពលរដ្ឋ​ មាន​បញ្ហា​មិនដឹង ​ទៅ​ដោះស្រាយ​វិវាទ​នៅ​កន្លែង​ណា​ មិនដឹង​នរណា​អាច​រក​យុត្តិធម៌ ​ជួន​ពួកគាត់​បាន ​ពេលនោះ​ គាត់​ប្រើប្រាស់​មធ្យោ​បាយ​ផ្ទាល់ខ្លួន​ តាមរយៈ​កម្លាំង​បាយ​ និង​តាម​មធ្យោបាយ ​សម្ភារ​ដែល​គាត់​មាន ​ដើម្បី​យកឈ្នះ​រៀង​ៗ​ខ្លួន​ ពេល​នោះ​មាន​អំពើហិង្សា ​ភាពចលាចល​ និង​អំពើ​អសន្តិសុខ​សង្គម ​នឹង​កើតមាន​នៅក្នុង​មូលដ្ឋាន​។​ អញ្ចឹង​ការផ្តល់ ​ផ្នែក​ច្បាប់​ដល់​ពួកគាត់ ​ការផ្សព្វផ្សាយ​ ផ្នែក​ច្បាប់​ គឺ​កាត់បន្ថយ​អំពើ​ទាំង​នេះ​ធ្វើ​ឲ្យ​គាត់ ​រស់នៅ​ប្រកបដោយ​សុខដុមរមនា​ជាមួយគ្នា​»​។​
​លោក​បាន​បន្តថា​ ចំពោះ​ការកាត់បន្ថយ ​ការកកស្ទះ​សំណុំរឿង​ នៅ​តុលាការ​វិញ ​គឺថា​យើង​មិន​លើក​ទឹកចិត្ត ​ឲ្យ​មានការ​ប្ដឹង​ផ្ដល់​ មក​តុលាការ​ទេ ​គឺ​ចង់​មានការ​សម្រុះសម្រួល​គ្នា​នៅតាម​មូលដ្ឋាន​ជា​មុន​សិន​ ដូចជា​រឿងក្តី​ស៊ីវិល ​រឿង​ក្រុម​គ្រួសារ ​និង​ទំនាស់​ដីធ្លី​ តិចតួច​លើកលែង ​តែ​បទល្មើស​ព្រហ្ម​ទណ្ឌ​ ដែល​មិនអាច​ធ្វើការ​សម្រុះ​ស​ម្រួល​គ្នា​បាន ​ព្រោះថា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ត្រូវ​ប​ញ្ជូន​មក​តុលាការ​ ដើម្បី​ដំណើរការ​ទៅតាម​នីតិវិធី​តាមផ្លូវ​ច្បាប់​។

​លោក​បាន​បញ្ជាក់​ថា​ ​ការិយាល័យ​នីតិកម្ម​ និង​សម្រុះសម្រួល​ វិវាទ​មូលដ្ឋាន​នេះ ​មាន​តួនាទី​ដោះ​ស្រាយ​វិវាទ ​ត្រឹមតែ​ក្នុង​សំណុំរឿង ​រដ្ឋប្បវេណី​ និង​បទល្មើស ​ព្រហ្មទណ្ឌ​តូចៗ​ ពាក់ព័ន្ធ​ចរាចរណ៍​តែ​ប៉ុណ្ណោះ​ ដោយ​មិន​គិត ​កម្រៃ​ទេ​ចំពោះ​រឿង​ ព្រហ្មទណ្ឌ​ធំៗ​ ត្រូវ​ប​ញ្ជូ​ន​ទៅ​តុលាការ​ហើយ​។

​លោក​បាន​ឲ្យ​ដឹង​ទៀតថា ​ផ្នែក​តាម​កម្មវិធី​ កំណែទម្រង់ ​ថ្មី​រដ្ឋបាល​ ថ្នាក់ក្រោម​ជាតិ​ ដែល​តម្រូវ​ឲ្យ​សេវា​ ថ្នាក់ក្រោម​ជាតិ ​ឲ្យ​នៅតែ​មួយ​កន្លែង​ ពោលគឺ​ចូលមក​រដ្ឋបាល​ ​ថ្នាក់ក្រុង​ ស្រុក​ខណ្ឌ​ ដោយ​បង្កើត ​ទៅជា​ការិយាល័យ ​តែមួយ ​ហើយ​មន្ត្រី​ ដែល​ស្ថិតនៅ​មណ្ឌល​សេវាកម្ម​យុត្តិធម៌ ​ត្រូវធ្វើ​​សមាហរណកម្ម​ ទាំង​មនុស្ស មន្ត្រី ​ក្របខណ្ឌ ​សម្ភារៈ​ ​ហិរញ្ញវត្ថុ​ ទៅកាន់​ការិយាល័យ​ នីតិកម្ម​និង​សម្រុះសម្រួល ​វិវាទ​មូលដ្ឋាន​ ដែល​គ្រប់គ្រង​ ដោយ​ស្រុក​ខណ្ឌ​ក្រុង​វិញ​។

​លោក​ ជិន​ម៉ា​លីន ​បាន​បន្ថែមទៀតថា​ ការធ្វើសមាហរណកម្ម​នេះ ​មិនមែន​តែ​ក្រសួងយុត្តិធម៌​មួយ​នោះ​ទេ ​គឺមាន​ក្រសួង​ជាច្រើន​ទៀត​ដូចជា​ ក្រសួង​អប់រំ សុខាភិបាល កសិកម្ម ធារាសាស្ត្រ អ​ភិ​វឌ្ឍន៍​ជនបទ​ជាដើម​។

​លោក​បាន​បញ្ជាក់​ថា​ ដើម្បី​ឲ្យ​ការអនុវត្ត​ជោគជ័យ ​ក្រសួងយុត្តិធម៌​នៅតែ​បន្ត​រក្សា​តួនាទី​រៀបចំ​គោល​នយោបាយ ​ផែនការ​យុទ្ធសាស្ត្រ​ បទដ្ឋាន​បច្ចេកទេស​ និង​ត្រួតពិនិត្យ​ កិច្ចដំណើរការ ​នៃ​ការផ្តល់​សេវា​កម្ម​យុត្តិធម៌​ នៅ​ថ្នាក់មូលដ្ឋាន​ដដែល ​រួមទាំង​ការ​បណ្តុះបណ្តាល ​ដល់​មន្ត្រី​ផងដែរ​។

​លោក សុខ​ បូរ៉ា ​ប្រធាន​នាយកដ្ឋាន​ សន្ធានកម្ម​ និង​យុត្តិធម៌​ មូលដ្ឋាន​ បាន​មានប្រសាសន៍ថា​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​តួនាទី​ភារកិច្ច​​ និង​គោល​ការ​ណ៍​សន្ធានការី​នេះ​មានការ​ចូលរួម​មន្ត្រី​ នៃ​ការិ​យាល័យ​នីតិកម្ម​ និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ​មកពី​ខណ្ឌ​ទាំង​១៤​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​វគ្គ​នេះ​ អាច​ចាត់ទុកជា​ការ​ បើក​ទំព័រ​សករាជ​ថ្មី​មួយ​ នៃ​វិស័យ​យុត្តិធម៌ ​នៅ​មូលដ្ឋាន​បន្ទាប់ពី​ការកែ​ទម្រង់​ ស៊ី​ជម្រៅ​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​ចំ​ពោះ​ថ្នាក់ក្រោម​ជាតិ​។

លោក​បាន​បន្តថា ​ការ​ក្នុង​ការធ្វើ ​សមាហរណកម្ម​នេះ​ នាយកដ្ឋាន​ត្រូវ​ ផ្ទេរ​មន្ត្រី​ចំនួន​១៩៥​នាក់​ ពី​ក្រប​ខណ្ឌ​ក្រសួងយុត្តិធម៌ ​ទៅ​ក្រប​ខណ្ឌ​មហាផ្ទៃ​ ថ្នាក់ក្រោម​ជាតិ ​ក្នុង​ក្រុង ​ស្រុក​ខណ្ឌ ​ដែល​កំពុង​បម្រើ​ការងារ​ និង​ផ្ទេរ​សម្ភារៈ ​និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ទៅជា​មួយ​ផងដែរ​៕


អត្ថបទ៖ ​​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114