រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​វិស័យ​កីឡា​ឡើងវិញ​ ចាប់ពី​ខែមិថុនា​ខាងមុខនេះ​តទៅ​

​ភ្នំពេញ​ ៖ ​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​វិស័យ​កីឡា​ឡើងវិញ​ជា​បណ្តើរៗ​ ចាប់ពី​ខែមិថុនា​ ឆ្នាំ​២០២០​ខាងមុខនេះ​តទៅ​ ប៉ុន្តែ​ត្រូវ​គោរព​លក្ខខណ្ឌ​មួយចំនួន​និង​អនុវត្ត​ទៅតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ដើម្បី​កុំ​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការ​ចម្លង​វីរុស​កូ​វីដ​១៩​។

យោង​តាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ដែល​បានចេញ​ផ្សាយ​ កាលពី​ថ្ងៃទី​២២ ​ខែឧសភា​ ឆ្នាំ​២០២០ ​បាន​អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ​ដោយ​មិន​មាន​អ្នកទស្សនា​ដែល​មាន​តែ​កីឡាករ​កីឡាការិនី​និង​មន្ត្រី​ទេស​ក្នុង​ចំនួន​មិន​លើស​ពី១០០​នាក់​ ក្រោម​ការគ្រប់គ្រង​ទទួលខុសត្រូវ​ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ និង​ត្រូវអនុវត្ត​អនាម័យ​តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​។

​ជា​មួយ​គ្នា​នេះ​ដែរ ​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រុមកីឡា​ជម្រើសជាតិ​ឡើងវិញ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​វិធានការ​ការពារ​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​១៩​ និង​ ការពារ​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​នេះ​របស់​ក្រសួងសុខាភិបាល​។

យ៉ាងណាក៏ដោយ​គណៈកម្មកា​រ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ​បាន​ណែនាំ​ថា ​មុននឹង​បើក​ឲ្យ​ដំណើរការ​ត្រូវមាន​ការចាត់ចែង​រៀបចំ​ជាមុន​នូវ​វិធានការ​ការពារ​នានា​ដូចជា​ការអនុវត្ត​ការ​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ដោយ​ប្រើ​ទឹក​ស្អាត​និង​សាប៊ូ​ ឬ ​ទឹក​អាកុល​ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ ការប្រើប្រាស់​ម៉ាស​ក្នុង​ករណី​ចាំបាច់​ ឬ​កន្សែង ​ឬ​ក្រមា​ ឬ​ក្រដាស​ជូត​មាត់​ ដើម្បី​ខ្ទប់មាត់​ច្រមុះ​រាល់ពេល​ក្អក​កណ្ដាស់​រួច ​ត្រូវ​បោះ​ចោល​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ការអនុវត្ត​គំលាត​សុវត្ថិភាព​សង្គម ​និង​គំលាត​សុវត្ថិភាព​បុគ្គល​ជាដើម។

ជាងនេះ​ទៅ​ទៀត​ ត្រូវ​ធានា​ថា​ ទីតាំង​ដែល​បើក​ដំណើរការ​កីឡា​ដូច​មាន​ជម្រាប​ខាងលើ​នេះ ​មានការ​អនុវត្ត​ន៍​វិធានការ​ការពារ​ចម្លង​វីរុស​កូ​វីដ​១៩​បាន​ត្រឹមត្រូវ ​និង​ម៉ត់ចត់​និង​មាន​អ្នកត្រួតពិនិត្យ​ត្រឹមត្រូវ​ហើយ​មិន​ត្រូវ​ឲ្យ​កន្លែង​ធ្វើ​សកម្មភាព​កីឡា​របស់​ខ្លួន​ក្លាយទៅជា​កន្លែង​រាតត្បាត​ជំងឺ​កូ​វីត​១៩​ឡើយ​។

គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​តាមរយៈ​ក្រសួងសុខាភិបាល​សូម​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ពី​ខ្លួន​ជា​ចាំបាច់​នៅក្នុង​ដំណាក់កាល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ​ដើម្បី​ការពារ​ការ​ចម្លង​វីរុស​កូ​វីត​១៩​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​និង​កុំ​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩​។

គួរ​បញ្ជាក់​ថា​ ក្រសួងសុខាភិបាល ទើបបាន​រកឃើញ​ករ​ណី​ឆ្លង​កូ​វីដ​១៩​ថ្មី ១​ករណី​ទៀត​ធ្វើ​ឲ្យ​ករណី​កូ​វីដ​១៩​នៅ​កម្ពុជា​កើន​ឡើងដល់​ចំនួន​១២៣​នាក់​ដែល​ករណី​ទី​១២៣​នេះ​កើត​ឡើងលើ​បុរស​ម្នាក់ អាយុ​២៦​ឆ្នាំ ដែលមាន​ទីលំនៅ នៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្តកំពត​ដែល​បានធ្វើ​ដំណើរ​ក្នុង​ចំ​ណោ ម​អ្នកដំណើរ​ទាំង​៦៣​នាក់​(​ស្រី​១៤​នាក់​) ដែលមាន​ជនជាតិ​កូរ៉េ​២៣​នាក់ (​ស្រី​៣​នាក់​) ខ្មែរ​៣៤​នាក់ (​ស្រី​១០​នាក់​) ប៊ែ​ល​ហ្សិ​ក​១​នាក់ ចិន​(​តៃវ៉ាន់​)១​នាក់ ជប៉ុន​៣​នាក់​(​ស្រី​ម្នាក់​) បុរស​ហូ​ឡង់​១​នាក់​ដែល​បានធ្វើ​ដំណើរ​វិលត្រឡប់​ពី​ប្រទេស​ហ្វីលីពីន មកកាន់​ប្រទេស​កម្ពុជា ដោយ​បន្ត​ជើងហោះហើរ​ពីសារ​ធារ​ណ​រដ្ឋ​កូរ៉េ មក​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លងទៅនេះ​។
​បច្ចុប្បន្ន​អ្នកជំងឺ​កូ​វីដ​ទី​១២៣​នេះ​ ត្រូវ​បាន​ក្រសួងសុខាភិបាល​ប​ញ្ជួ​ន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114