BREAKING NEWS
Search

រាជ​រដ្ឋាភិបាល​ ចំណាយ​ថវិកា​ជិត​២.៥​លាន​ដុល្លារ ឧបត្ថម្ភ​ដល់​កម្មការិនី​សម្រាល​កូនជាង​២​ម៉ឺន​នាក់

ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជាង​៩​ពាន់ ៨​រយ​លាន​រៀល ស្មើនឹង​ជិត ២.៥​លាន​ដុល្លារ​អាមេរិក ឧបត្ថម្ភ​ដល់​កម្មការិនី ដែល​សម្រាល​កូនជាង ២​ម៉ឺន ៤​ពាន់​នាក់ និង​សម្រាលកូន​បាន​ជិត ២​ម៉ឺន ៥​ពាន់​នាក់​នៅក្នុង​រយៈពេល​ជាង​៥​ខែ​ឆ្នាំ​២០១៨​កន្លង​មកនេះ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដល់​កម្មការិនី​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង នៅ​ពេល​ដែល​ពួកគេ​សម្រាលកូន​។ គោលការណ៍​ឧបត្ថម្ភ​នេះ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ ខែ​មករា ឆ្នាំ​២០១៨​តទៅ​។​

តាម​របាយការណ៍​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃទី​០១ ខែ​មករា​ ដល់​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ​មានកម្ម​ការិនី ដែល​សម្រាល​កូនជាង ២​ម៉ឺន ៤​ពាន់​នាក់ និង​សម្រាលកូន​បាន​ជិត ២​ម៉ឺន ៥​ពាន់​នាក់​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។​

រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោលការណ៍​ដោយ​កំណត់ថា​ កម្មការិនី សម្រាល​បានកូន​១ ទទួល​បាន​ការឧបត្ថម្ភ ៤០​ម៉ឺន​រៀល​, កម្មការិនី​សម្រាល​បានកូន​ភ្លោះ​២ ទទួលបាន ៨០​ម៉ឺន​រៀល សម្រាប់​កម្មការិនី​ទទួលបាន​កូនភ្លោះ​៣ ទទួលបាន ១​លាន ២០​ម៉ឺន​រៀល​។ ការសម្រេច​នេះ ក្នុង​គោលបំណង​ជួយ​សម្រួល​ទុក្ខលំបាក និង​លើកកម្ពស់​ជីវភាព​រប​ស់​កម្ម​ការិនី​។​

តាម​របាយការណ៍​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ទៀតថា​ នៅក្នុង​រយៈពេល​ជាង​៥​ខែ​ឆ្នាំ​២០១៨​កន្លង​មក​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជាង​៩​ពាន់​៨​រយ​លាន​រៀល ស្មើនឹង​ជិត ២.៥​លាន​ដុល្លារ​អាមេរិក ឧបត្ថម្ភ​ដល់​កម្មការិនី ដែល​សម្រាល​កូនជាង ២​ម៉ឺន ៤​ពាន់​នាក់ និង​សម្រាលកូន​បាន​ជិត ២​ម៉ឺន ៥​ពាន់​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114