រិ​ទ្ធ ប៊ុន​ម៉ៅ អាច​យកឈ្នះ ​អ៊ុំ កំសត់ ​បាន​ឬ​អត់​?
BREAKING NEWS
Search

រិ​ទ្ធ ប៊ុន​ម៉ៅ អាច​យកឈ្នះ ​អ៊ុំ កំសត់ ​បាន​ឬ​អត់​?

•​ជើង​ថ្មី​៤​រូប ​ប្រជែង​គ្នា​ដណ្ដើម​រង្វាន់​ប្រាក់​លាន​បាយ័ន​ ទម្ងន់​៦០​គីឡូក្រាម​
រិ​ទ្ធ ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ អ៊ុំ កំសត់ ​អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​០៩ ខែ​ឧសភា​ ឆ្នាំ​២០២០ នៅ​លើ​សង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។

ពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ទេ​កន្លងមក។ បើ​ពិនិត្យ​លើ​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​ទាំងពីរ​កន្លង​មក អ៊ុំ កំសត់ ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង​ និង​មាន​ផ្លែ​ល្អ​លើ ​រិ​ទ្ធ ប៊ុន​ម៉ៅ។​ ចំណែក ​រិ​ទ្ធ ប៊ុន​ម៉ៅ ថ្វីត្បិតតែ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ កំសត់ តែ​គេ​ក៏មាន​ថ្វីដៃ​ និង​ផ្លែ​មិន​ចាញ់ ​កំសត់ នោះទេ។ ដូច្នេះ ចាំមើល ​រិ​ទ្ធ ប៊ុន​ម៉ៅ គេ​អាច​យកឈ្នះ​លើ ​អ៊ុំ កំសត់ បាន​ឬ​អត់​?។​

ដោយឡែក អ្នក​ប្រដាល់​ជើង​ថ្មី​ទម្ងន់​៦០​គ​.​ក្រ ចំនួន​៤​រូប គឺ​ពេញ វ៉ាន់​ថង​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ , ឡុង សំណាង ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ , សូត្រ សាណូ ក្លិប​បក្សី​ស្លាប​ដែក និង ធា វាសនា ក្លិប​រាជ​សីហ៍​ខេត្តរតនគិរី នឹងត្រូវ​ប្រជែង​គ្នា​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ម៉ា​រ៉ា​តុង​ដណ្តើម​យក​រង្វាន់​ប្រាក់​លាន​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

​នៅក្នុង​ការប្រកួត​ជម្រុះ​លើកដំបូង​នោះ ពេញ វ៉ាន់​ថង គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ឡុង សំណាង។ ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ហើយ​សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ ឡុង សំណាង ទំនង​ជា​មាន​ឱកាស​នឹង​បាន​ឡើងទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ព្រោះ​គេ​រំពឹងថា នឹង​អាច​យកឈ្នះ​ពេញ វ៉ាន់​ថង ។ ទោះជា​យ៉ាងណា រវាង​ពេញ វ៉ាន់​ថង និង ឡុង សំណាង​នេះ មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះទេ​?។​

ចំណែក សូត្រ សាណូ និង ធា វាសនា ពួកគេ​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កន្លងមក ដោយ​សាណូ ចាញ់ វាសនា​ដោយ​ពិន្ទុ។ យ៉ាងណា​រវាង​ពីរ​នាក់​នេះ គឺមាន​ម្នាក់​ត្រូវ​ជ្រុះ​ធ្លាក់​បាត់ទៅហើយ នៅក្នុង​ការ​ប្រកួត​ជម្រុះ​វគ្គ​ដំបូង​នោះ។ ដូច្នេះ អ្នក​ដែល​អាច​ឈានទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ គឺ​មិន​អាច​ទាយ​មុន​បាន​ថា អ្នក​ណាមួយ​នោះទេ?។​

គួរ​បញ្ជាក់ថា ការប្រកួត​ដណ្ដើម​ប្រាក់​លាន​នេះ ប្រព្រឹត្តិ​ទៅតាម​រូបមន្ត​ជា​ការ​ប្រកួត​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រកឃើញ​ជើងឯក​ម្ចាស់​ពាន​ក្នុង​ពេល​តែមួយ។ ការ​ប្រកួត​ក្នុង​ជម្រុះ​លើក​ទី​១ គឺ​ប្រកួត​តែ​បី​ទឹក​ទេ ឯ​ការប្រកួត​ក្នុងដំណាក់កាល​ទី​២ គឺ​ប្រកួត​៥​ទឹក។ អ្នកឈ្នះ ​និង​អ្នកឈ្នះ នឹង​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើម​យក​រង្វាន់​ប្រាក់​លាន​តែម្តង៕

សូមចុចអាន ៖ ម្ចាស់​ស្បែកជើង​មាស ជើងឯក​វិទ្យាល័យ រំលឹក​ពេល​វេលា​មិន​អាច​បំភ្លេច​បាន ​នៃ​ការប្រកួត​


អត្ថបទ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114