រឹត​បន្តឹង​​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី រក​ឃើញ​យានយន្ត​ល្មើស​១,២១៦​គ្រឿង
BREAKING NEWS
Search

រឹត​បន្តឹង​​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី រក​ឃើញ​យានយន្ត​ល្មើស​១,២១៦​គ្រឿង

ភ្នំពេញ ៖ ការ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រក​ឃើញ​យានយន្ត​ល្មើស​ប្រមាណ ១,២១៦​គ្រឿង។ នេះ​បើ​យោង​តាម​របាយការណ៍ ដែល​កាសែត​កម្ពុ​ជាថ្មី ទទួល​បាន​ពី​នាយកដ្ឋាន​នគរបាល ចរាចរណ៍ និង សណ្ដាប់ធ្នាប់​សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

ក្នុងចំណោម​យាន​យន្ដ​ទាំង ១,២១៦​គ្រឿង​នេះ គឺ មាន​ម៉ូតូ ចំនួន ៨៩០​គ្រឿង និង​រថយន្ដ ចំនួន ៣២៦​គ្រឿង។ បទល្មើស​ចរាចរណ៍ ​ដែល​រក​ឃើញ​ភាគច្រើន បើកបរ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ដោយឡែក​សម្រាប់​អ្នក​បើក​រថយន្ដ​ល្មើស រួមមាន មិន​ពាក់​ខ្សែ​ក្រវាត់ ល្មើស​ល្បឿន និង​ករណី​ផ្សេងៗ​ជាច្រើន​ទៀត។ ដោយឡែក​សម្រាប់​រយៈពេល ១២​ថ្ងៃ នៃ​ការ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រក​ឃើញ​យានយន្ត​ល្មើសច្បាប់​ប្រមាណ ២០,៨៩៦​គ្រឿង ក្នុង​នោះ គឺ មាន​ម៉ូតូ ចំនួន ១៥,៣៨៨​គ្រឿង និង​រថយន្ដ ចំនួន ៥,៥០៨​គ្រឿង។

សូម​ជំរាប​ជូន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​សុក្រ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២០ តទៅ កម្លាំង​នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ .​ប​.​ក ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២០ ស្តីពី ការ​កែ​សម្រួល​អនុក្រឹត្យ​លេខ ៤៤ អនក្រ .​ប​.​ក ចុះ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៧ ស្តីពី ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ដែល​បាន​ដំឡើង​កម្រិត​ទឹកប្រាក់​ពិន័យ​ក្នុង​ចំនួន​ពី ៣ ( បី ) ទៅ ៥ ( ប្រាំ ) ដង។ ជា​មួយ​គ្នា​នេះ ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ប្រកបដោយ​ឆន្ទៈ​ភ្ញាក់​រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​សណ្ដាប់ធ្នាប់​សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕
​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ច្បាប់​ថ្មី​នៅ​ឥណ្ឌណេស៊ី អ្នកបំពានវិធានការគម្លាតសង្គមត្រូវពិន័យឲ្យលាងបង្គន់