រូបចម្លាក់តោថ្មចំនួន៤ ក្នុង​នោះ​មានមួយនៅល្អឥតខ្ចោះ កប់ជ្រៅទៅក្នុងដី​ អាយុកាល​ ៧​ សតវត្ស​ ត្រូវ​ក្រុម​ការងារ​អភិរក្សរក​ឃើញ​

រូបចម្លាក់តោថ្មចំនួន៤ ក្នុង​នោះ​មានមួយនៅល្អឥតខ្ចោះដែលកប់ជ្រៅទៅក្នុងដី​ មានអាយុកាល​៧​ សតវត្ស​ ត្រូវ​ក្រុម​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​ក្រុម​ប្រាសាទ​បន្ទាយ​ឆ្មារ​​ធ្វើ​កំណាយ​ជួស​ជុល​ស្រះ​ស្រង់​ឬ​នៅ​ក្បែរ​កំពង់​ទឹក​បុរាណ​មួយ​កន្លែង ​នៅ​ខាង​ជើង​ស្ពាន ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ ស្ថិត​ក្នុង​ភូមិ​បន្ទាយ​ឆ្មារកើត ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២០។

ការ​ប្រទះឃើញតោថ្មបុរាណនេះ ខណៈពេលដែលក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ បានកាយ រៀប​ចំ​តំបន់ទេសចរណ៍ នៅ​តំបន់​នោះ​ក្រោម​ការឧបត្ថម្ភពី លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធាន​កិត្តិយស​សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ។

ការប្រទះឃើញនេះ លោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹង​ថ្ងៃទី៤​ខែកុម្ភៈថា​ រូបចម្លាក់តោថ្មទាំង៤នេះ ត្រូវបានក្រុមការងារអភិរក្សនិងអភិវឌ្ឍន៍ប្រាសាទបន្ទាយឆ្មារ ធ្វើការកាយ​កែលម្អរសោភ័ណភាពបារាយណ៍មេបុណ្យនៅកំពង់ទឹកឬស្រះស្រង់បុរាណចាស់ក៏ប្រទះឃើញជាបន្តបន្ទាប់ ។
រូបចម្លាក់សត្វតោទាំង៤នោះមានមួយនៅរក្សាបាននូវសោភ័ណភាពរូបរាងល្អទាំងស្រុង ។

លោក ម៉ៅ ស៊ី បានបញ្ជាក់ថា៖រូបចម្លាក់តោថ្មទាំងនេះ គឺត្រូវបានកសាងឡើងតាធ្វើអំពីថ្មភក់ ដែលរូបតោនិមួយៗមានទម្ងន់ជាង១តោន ។

សូមបញ្ជាក់ថា ក្រោយពីបានធ្វើកំណាយនិងស្ទួចយកចេញពីក្រោមដីរួចមក នៅថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានដឹកនាំក្រុមការងារ រៀបចំធ្វើពិធីក្រុងពាលី សែនព្រេន បួងសួង ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនដល់ប្រជាពលរដ្ឋខ្មែរទូទាំងនគរផងដែរ៕