ពិធី​សិត​រូប​សំណាក​អាចារ្យ​លាក់​អតីត​បុព្វបុរស​ដ៏​ល្បី​របស់​ខ្មែរ​ សម្រាប់​ដាក់​តាំង​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង

កំពង់ធំ​ ៖​ ​លោក​សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី សិតរូប​សំណាក​អាចារ្យ​លាក់ ​អតីត​បុព្វបុរស​ដ៏​ល្បី​របស់​ខ្មែរ និង​មាន​ការ​ចូលរួម​​ពី​ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជការ កងកម្លាំង​ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​​ផង​ដែរ។

ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ ក្នុង​វត្ត​ឥន្ទ្រី​សំវសៈ ហៅ​វត្ត​កំពង់ធំ ក្នុង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២០។

ដើម្បី​បន្ត​ការ​ថែរក្សា​ និង​ជា​ការ​រំលឹក​គុណ​ដល់​បុព្វបុរស​ខ្មែរ ដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​ថា ​មាន​បារមី​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​, ​​លោក​សុខ លូ ​អភិបាល​ខេត្ត​កំពង់ធំ រៀបចំ​​ដំឡើង​រូបសំណាក​អាចារ្យ​លាក់ នៅ​ចំណុច​ផ្លូវបំបែក​ចូល​ក្រុង និង​ផ្លូវ​វាង​ក្រុង ​ស្ថិត​ក្នុង​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។

នៅ​ក្នុង​ឯកសារ​ជីវប្រវត្តិ​បាន​បញ្ជាក់​ថា អាចារ្យ​ពៅ ឬ​អាចារ្យ​លាក់ ដែល​គេ​បាន​ប្រសិទ្ធ​នាម​ឲ្យ​គាត់​ជា ពោធិ​កំបោ បាន​ដឹកនាំ​តស៊ូ ប្រឆាំង​ជាមួយ​បារាំង នៅ​ខេត្ត​រោងដំរី ដែល​ជា​ស្រុកកំណើត​របស់​គាត់ ក្រោយពី​បាន​ជ័យជំនះ​ចលនា​អ្នកតស៊ូ​របស់​លោក​អាចារ្យ វីរភាព​តស៊ូ​របស់​លោក​ត្រូវ​បាន​គេ​ចងចាំ​មកទល់​សព្វថ្ងៃ​ និង​មាន​ភូមិ​មួយ​នៃ​ខេត្ត​កំពង់ធំ​”​ភូមិ​អាចារ្យ​លាក់។

លោក​ សុខ លូ បាន​ឲ្យ​ដឹង​ថា រូបសំណាក​អាចារ្យ​ ដែល​គ្រោង​តម្កល់​នៅ​ផ្លូវ​ច្រមុះ​ កម្ពស់ ៩,៩៥​ម៉ែត្រ​​បែរមុខ​ទៅ​ទិស​ខាង​ជើង​ ​ក្នុង​របៀប​ជា​អ្នកចេះ​​​មន្តអាគម ​អ្នក​ព្យាបាល​ ផ្នែក​ខាងមុខ​ដៃ​ទាំងសងខាង​ដក​ចេញពី​ស្រោម​ក្នុង​គោលបំណង​អំពី​កេតនភណ្ឌ​ដែល​គាត់​យក​មក​ប្រើប្រាស់ ​​បង្ហាញ​អំពី​វីរភាព​ឬ​អ្នកក្លាហាន។

ប្រជាពលរដ្ឋ​ជាច្រើន​ បាន​កោតសរសើរ ​លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​មន្ត្រីរាជការ ទាំងអស់ ដែល​បាន​សហការ​គ្នា រៀបចំ​ឲ្យ​មានការ​រីកចម្រើន​ក្នុង​ខេត្ត​ជាច្រើន ដែល​មិន​ធ្លាប់​មាន​កន្លង​មក​នេះ។ មិនតែប៉ុណ្ណោះ​បាន​ធ្វើ​ឲ្យ ខេត្ត​កំពង់ធំ​ទាំងមូល​បាន​ប្រែ​មុខមាត់​ថ្មី គួរ​ឲ្យ​កត់សម្គាល់ ​ និង​ក្លាយ​ជា​ខេត្ត​ដែល​កំពុងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ជាតិ​និង​អន្តរជាតិ មក​កម្សាន្ត និង​ស្នាក់នៅ ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ។ សមិទ្ធផល​ទាំងនេះ បាន​កំពុងតែ​បង្ហាញ​វត្តមាន នៅ​តាម​សួនច្បារ និង​តាម​ដង​ផ្លូវ បង្កើន​សោភ័ណភាព​ស្រស់បំព្រង ក្រោម​ការដឹកនាំ​របស់​លោក​សុខ លូ អភិបាលខេត្ត​កំពង់ធំ៕
​​ប៊ុន រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114