ព័ត៍មានទាន់​ហេតុការណ៏
Search

រឿងរ៉ាវមិនគួរឱ្យជឿរបស់ Arnold Schwarzenegger មុនពេលក្លាយជាមហាសេដ្ឋី

លោក Arnold Schwarzenegger ជាអ្នកនយោបាយ តារាសម្ដែង អ្នកផលិតភាពយន្ត អ្នកជំនួញ អ្នកនិពន្ធ និងជាកីឡាករកាយវប្បកម្មដ៏ជំនាញដែល​គិតមកត្រឹមចុងខែតុលា ឆ្នាំ២០១៩នេះ មានទ្រព្យសម្បត្តិសរុបជាង ៤០០ លានដុល្លារ។

តារា និងជាសេដ្ឋីរូបនេះបាន​​សម្តែងនៅក្នុងខ្សែភាពយន្តចំនួនជាង​ ៥០ រួមទាំង​មាន​កុងត្រា​សិទ្ធិផ្តាច់មុខលើរឿង​ Terminator ដ៏ល្បីផង​ដែរ​។ តើមុនពេលទទួលបានជោគជ័យជីវិត​លោក​ Arnold Schwarzenegger បានឆ្លងកាត់នូវរឿងរ៉ាវអ្វីខ្លះ?

Arnold Schwarzenegger កើតនៅថ្ងៃទី៣០ កក្កដាឆ្នាំ១៩៤៧ ក្នុងប្រទេសអូទ្រីស។ លោក Arnold ធំដឹងក្ដីនៅក្នុងគ្រួសារដែលមានជីវភាពដ៏ក្រីក្រលំបាក​ ក៏ប៉ុន្តែតារារូបនេះ​មិនធ្លាប់យល់ឃើញថា គ្រួសាររបស់ខ្លួន​ក្រីក្រនោះឡើយ ដោយសារតែក្នុងសហគមន៍ជុំវិញ​ខ្លួន​សុទ្ធសឹងតែមានជីវភាពដូចគ្នា ពិបាកឱ្យធ្វើការ​ប្រៀបប្រដូច​។

សម័យកាលនោះ នៅក្នុងប្រទេសអូទ្រីសឪពុកម្ដាយភាគច្រើន និយម​បង្ខំកូនឲ្យឈប់រៀនទាំងវ័យក្មេង ប៉ុន្តែ Arnold​ ជាកូនម្នាក់ដែលមានឆន្ទៈចង់សិក្សារៀនសូត្រ និងតវ៉ាប្រឆាំងនឹងការបង្ខំនេះរហូតបានជោគជ័យ។

ជារឿយៗលោកArnoldតែងនិយាយអំពីសារៈសំខាន់នៃចក្ខុវិស័យនិង​គោលបំណងក្នុងជីវិត​ខ្លួន​ដែល​ ចង់​ក្លាយជាកីឡាករកាយវប្បកម្មជើងឯក ក្លាយជាអ្នកមាន​ និងក្លាយជាអ្នកនយោបាយល្បីឈ្មោះផង។ Arnold បានលះបង់កម្លាំងកាយចិត្តខ្លាំងបំផុតជាមួយនឹងកីឡាកាយវប្បកម្ម រហូតទទួលបានជ័យលាភីក្លាយជា Mr.Universe ជាបន្តបន្ទាប់ និងបានក្លាយជាម្ចាស់ជ័យលាភី Mr.Olympiaផងដែរក្នុងឆ្នាំ១៩៦៧។

ការជោគជ័យមួយនេះ វជាឱកាសដ៏ល្អសម្រាប់លោកក្នុងការបានចេញ​ទៅរស់នៅសហរដ្ឋអាមេរិកដើម្បី សម្រេច​ក្ដីស្រមៃក្នុងការ​ក្លាយជាអ្នកមាន និងជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់។ លោកបានផ្លាស់ទៅទីក្រុង Los Angeles រដ្ឋCaliforniaនៅក្នុងឆ្នាំ ១៩៦៨ នៅពេល​មានអាយុ២១ឆ្នាំ ដើម្បីទទួលការបណ្ដុះបណ្ដាលបន្ថែមផ្នែកកាយវប្បកម្មនៅទីនោះ។ ប៉ុន្តែបញ្ហាធំ​នៅពេល​នោះគឺថា Arnoldមិនចេះភាសាអង់គ្លេសនោះទេ។

លើសពីនេះទៀត​គាត់មានប្រាក់តិចតួចណាស់មិនគ្រប់គ្រាន់ទេ​​ក្នុងការ​ញាំ​អាហារប៉ូវៗ​​បង្កើតកាយវប្បកម្ម​ឡើងឱ្យ​ខ្លួនឯង។ ដោយមិនមានញាតិ​ឬ​មានស្គាល់នរណា ក៏ពុំមានកន្លែងណាព្រមទទួលលោកឲ្យធ្វើការទេ។ ហេតុផល​គឺ​លោក​មានមាឌធំពេក ហើយ​មាន​ឈ្មោះលោកបែបកំប្លែងៗ និងគ្មានមានបទពិសោធន៍សម្ដែងម្ដងណាសោះ​។

ឧបសគ្គ​នេះ​ ធ្វើឲ្យ Arnold សម្រេចចិត្តបណ្ដាក់ទុនរកស៊ី នៅអាជីវកម្មឡឥដ្ឋ ជាមួយនឹងដៃគូ​កាយ​វប្បកម្មម្នាក់ទៀត​ឈ្មោះលោក Franco Columbu។ អាជីវកម្មឡឥដ្ឋ របស់ Arnoldនិង Franco មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ពួកគេបាន​យកប្រាក់ចំណេញ​ទៅវិនិយោគទិញដីវាលខ្សាច់នៅជ្រលងភ្នំប៉ុន្តែ​ពួកគេដូចយកប្រាក់ទៅចោលក្នុង​ខ្សាច់​បែបនោះដែរ ព្រោះថាវិយោគទុនថ្មីនេះត្រូវខាតប្រាក់ទាំងស្រុង។

ក្នុងពេលនោះដែរលោក Arnoldបាននិយាយដោយភាពជឿជាក់និងក្ដីសង្ឃឹមថា ភាពខុសគ្នារវាងអ្នកឈ្នះ​និងអ្នកចាញ់ក្រោយពីបរាជ័យ គឺអ្នកចាញ់នៅកន្លែងដដែល ប៉ុន្តែអ្នកឈ្នះតែងតែក្រោកឈរឡើងវិញ!”

ក្រោយមកលោកArnoldខិតខំសន្សំប្រាក់ពីការលក់ឥដ្ឋនិងការប្រកួតកាយវប្បកម្មរហូតបាន ១០,០០០ដុល្លារ​ ដើម្បីវិនិយោគលើអាគារផ្ទះល្វែងដែលមានកម្ពស់ ៦ ហ្វីត។ ៣ឆ្នាំបន្ទាប់ពីទិញអាគារដំបូង គាត់បានលក់វា ហើយទិញខុនដូដែលមានតម្លៃទ្វេដង។ បន្ទាប់មកគាត់បានតំឡើងអាគារខុនដូ​មួយដែលមាន ៣៦ បន្ទប់។ គាត់បន្តទិញនិងលក់ទ្រព្យសម្បត្តិ ហើយមិនយូរប៉ុន្មានទ្រព្យសម្បត្តិ​របស់គាត់មានដល់ រាប់លានដុល្លារ​អាមេរិក។

ជំហានចុងក្រោយរបស់លោក Arnold គឺក្លាយជាតារាសម្ដែងល្បីឈ្មោះ និងក្លាយជាអ្នកនាំរឿង។ដោយសារតែ​លោក​មាន​ធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ពីការធ្វើជំនួញរបស់លោក ដូច្នេះការប្រឡូកចូលសិល្បៈ វា​គ្មានបញ្ហាឡើយសម្រាប់លោក។

បច្ចុប្បន្នលោកArnoldកំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅរដ្ឋកាលីហ្វញ៉ាផងដែរ។ លោកArnold Schwarzeneggerតែងតែបានប្រមើលមើលឃើញច្បាស់ពីចក្ខុវិស័យរបស់លោកជានិច្ច ហើយចុងក្រោយ​គាត់ក៏បានសម្រេចក្ដីសុបិន្តរបស់គាត់ដោយជោគជ័យ។

ដោយ ៖ សន្យា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114