ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង​ក្រៅ​ឆាក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក​

(​បាងកក​)៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ​។ ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ខ្នាត​ធំ​ចុងឆ្នាំ ថៃ​បាន​ព្យាយាម​ចំរាញ់ និង​ជ្រើសរើស​អ្វីដែល​ល្អៗ​រួមទាំង​ទីតាំង​ដ៏​ធំ​សម្បើម​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ការរៀប​ចំ​កិច្ចប្រជុំ​អាស៊ាន ក្នុង​រយៈពេល​ពីរ​ទស្ស​វត្សរ៍​កន្លងមកនេះ​។ ចង់ដឹងថា​មាន​អ្វី​ប្លែក​ខ្លះ​មាន​អ្វី​ល្អ និង អ្វី​មិនល្អ សូម​តាមដាន​ដូចតទៅ​៖

* កម្លាំង​សន្តិសុខ​ពង្រាយ​ស្ទើរ​ពេញទី​ក្រុង​បាងកក​៖
​ថៃ​បានដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ហួស​ពី​ការ​ស្មាន​រហូតដល់​ទៅជិត​២​ម៉ឺន​នាក់ ដើម្បី​ធានា​សុវត្ថិភាព​មេដឹកនាំ​ធំៗ​មកពី​ប្រទេស​ទាំង​១៨ ។ ប៉ុន្តែ​រាសី​របស់​ប្រទេស​ថៃ​នៅ​ចុងឆ្នាំ​២០១៩​នេះ ដូចជា​មិនសូវ​ល្អ​សោះ​ដោយសារតែ​នៅពេល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ស្រាប់តែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក មេដឹកនាំ​ខ្នាត​យក្ស Donald Trump អវត្តមាន​មិន​មក​ចូលរួម​ប្រជុំ​។​

* តើ​កត្តា​អ្វីដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី Trump មិន​មក​ប្រជុំ​នៅ​ថៃ​?
​មានការ​បកស្រាយ​ថា មកពី​បញ្ហា​ផ្ទាល់ខ្លួន​ដែល​ត្រូវគេ​ហៅ​សួរចម្លើយ (impeachment) និង​បញ្ហា​មួយចំនួនទៀត​កំពុង​កើតឡើង​នៅ​សហរដ្ឋអាមេរិក រួមទាំង​ការរៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​ផង​។ ប៉ុន្តែ​មានការ​បកស្រាយ​មួយ​ទៀតថា លោក Trump មិន​ទម្លាប់​ឱ្យ​តម្លៃ​វេទិការ​ប្រជុំ​រួម​ធំៗ​ឡើយ ពោលគឺ​ស្ទីល​ដឹកនាំ​របស់គាត់​ចូលចិត្ត​របៀប​ជំនួប​មួយ​ទល់​មួយ​ជាង​ជំនួប​ជា​ក្រុម ដើម្បី​ងាយស្រួល​គាត់​យក​ប្រៀប​ឈ្នះ​លើ​ដៃគូរ​។​

​ចាប់តាំងពី​លោក Trump ចូលកាន់​តំណែង​ជា​ប្រធានាធិបតី គាត់​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​តែ​ម្តងគត់ ហើយ​ចូល​ប្រជុំបាន​តែមួយ​ភ្លែត​ជាមួយ​មេដឹកនាំ​អាស៊ាន​១០​ប្រទេស រត់​បាត់ គាត់​គេច​ចេញពី​កិច្ចប្រជុំ​ធំ​ជាមួយ​មហា​យក្ស​ចិន រុស្ស៊ី និង​មេដឹកនាំ​មកពី​១៥​ប្រទេស​ផ្សេងទៀត​។​
​កាលពី​ឆ្នាំមុន​នៅ​ប្រទេស​សឹង្ហ​បុរី លោក Trump បញ្ជូន​អនុ​ប្រធានាធិបតី Mike Pence ឲ្យ​តំណាង​ចូលប្រជុំ​ជំនួស​គាត់​។​

* មាន​អ្វី​កើតឡើង​នៅពេលដែល​លោក​ត្រាំ​អវត្តមាន​នៅឯ​កិច្ចប្រជុំ​នោះ​?
​មេដឹកនាំ​អាស៊ាន​ជា​ពិ​សេ​សម្ព័ន្ធមិត្ត​នៅ​អាស៊ី រួមមាន​៖ វៀតណាម សឹង្ហ​បុរី ជប៉ុន អូស្ត្រាលី និង​ថៃ​ជា​ម្ចាស់ផ្ទះ មានការ​អាក់អន់ស្រពន់ចិត្ត​ជាខ្លាំង​ទៅនឹង​លោក ដូ​ណា​ល់ ត្រាំ ដែល​បញ្ជូន​មន្ត្រី​ថ្នាក់ទាប លោក Robert O’Brien ជាទី​ប្រឹក្សា​សន្តិសុខ​មួយរូប ដែល​មិន​ស្ថិតក្នុង​ក្របខណ្ឌ​គណៈរដ្ឋមន្ត្រី​មក​ប្រជុំ​ជំនួស​នៅ​ថៃ ជាមួយ​មេដឹកនាំ​កំពូល​របស់​អាស៊ាន រួមទាំង​ដៃគូ​ដែលជា​ប្រទេស​មហាអំណាច​ធំៗ​ទៀត​ដែលមាន​ទាំង​ចិន ជប៉ុន កូរ៉េ ឥណ្ឌា និង​អូស្ត្រាលី​ផង​។​

​ជាការ​ឆ្លើយតប មេដឹកនាំ​អាស៊ាន​ក៏​សម្រេច​ធ្វើពហិការ​ជាង​ពាក់កណ្តាល​មិន​ចូលរួម​ប្រជុំ​ជាមួយ​លោក O’Brien​។ មាន​មេដឹកនាំ​ជា​នាយករដ្ឋមន្ត្រី​តែ​បី​រូប​ប៉ុណ្ណោះ​ចូលរួម​ប្រជុំ​ជាមួយនឹង​ភាគី​អាមេរិក ក្នុងនោះ​មាន​ថៃ ជា​ម្ចាស់ផ្ទះ វៀតណាម​ជា​ម្ចាស់ផ្ទះ​ប្រជុំ​បន្ទាប់​សម្រាប់​ឆ្នាំក្រោយ និង​ឡាវ ដែលជា​ប្រទេស​សម្របសម្រួល​រវាង​អាស៊ាន និង​អាមេរិក​។ ក្រៅពីនោះ​ត្រឹម​ឋានៈ​រដ្ឋមន្ត្រីការបរទេស​ប៉ុណ្ណោះ​។​

​ដោយឡែក​សម្រាប់​អាមេរិក​វិញ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា អាស៊ាន​បន្ទាប​ថ្នាក់ដឹកនាំ​ចូលរួម​ប្រជុំ​ជាមួយ​តំណាង​របស់ខ្លួន លោក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​សម្ងាត់​មួយ​មកកាន់​ប្រទេស​ឡាវ ដែលជា​អ្នកសម្របសម្រួល​ដើម្បី​ធ្វើការ​តវ៉ា​មក​មេដឹកនាំ​អាស៊ាន ចំពោះ​សមាសភាព​ដែល​ត្រូវ​ចូលរួម​ប្រជុំ ជាមួយនឹង​តំណាង​របស់គាត់ ដោយ​និយាយថា «​ការធ្វើ​ពហិការ​ទាំងស្រុង ឬ​ខ្លះ​ពី​មេដឹកនាំ​អាស៊ាន​នឹងត្រូវ​បាន​គេ​មើលឃើញថា ជា​ចេតនា​ដើម្បី​បំបាក់មុខ ប្រធានាធិបតី​សហរដ្ឋអាមេរិក ហើយ​ចំណុច​នេះ​នឹង​ធ្វើឱ្យ​ខូចខាត​ដល់​ទំនាក់ទំនង​រវាង​អាស៊ាន និង អាមេរិក​»​។​

​បើទោះបីជា​សម្ដែង​ការមិន​ពេញចិត្ត ឬ ជំទាស់​ទៅនឹង​ការសម្រេចចិត្ត​របស់​មេ​ដឹកនាំ​អាស៊ាន​ក៏ដោយ ក៏​ទីបំផុត​លោក ត្រាំ ហាក់ដូចជា​ដឹងខ្លួន រួច​ក៏​បន្ទន់ឥរិយាបថ​មកវិញ ដោយ​សូម​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៅ​អាមេរិក​វិញ​នៅ​ដើមឆ្នាំ​ក្រោយ​។ រហូតដល់​ថ្ងៃនេះ មេដឹកនាំ​អាស៊ាន​មិនទាន់បាន​ឆ្លើយ​ជា​ផ្លូវការ​ថា ឯកភាព​ទៅ​ចូលរួម ឬក៏​អត់​នៅឡើយ​ទេ ព្រោះ​មេដឹកនាំ​ខ្លះ​ចង់​ប្រាប់​អាមេរិក​ថា «​អាស៊ាន​មិនគួរ​ឲ្យ​ខ្លួន​ទៅ​អាមេរិក​ញ៉ែ​បាន​ស្រេច​តែ​ចិត្ត និង ពេលណា​ក៏បាន​ដែរ​នោះទេ​»​។​

​ការអញ្ជើញ​នេះ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មេដឹកនាំ​អាស៊ាន​ដែល​មិន​រំពឹងថា មេដឹកនាំ​អាមេរិក​ដែល​បាន​បដិសេធ​មិន​មក​ប្រជុំ តែ​បែរជា​មក​បបួល​គេ​ទៅ​ជួប​គាត់​ទៅវិញ​។ កាយវិការ​នេះ​ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង «​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​អ្នកលក់​ដែល​បាន​បរាជ័យ​ក្នុង​ការលក់​ដំបូង ដោយ​ប្តូរ​ទៅជា​ការអញ្ជើញ​ភ្ញៀវ​ឲ្យ​ទៅលេង​ផ្ទះ​ដើម្បី​ជូន​កាដូ​»​។​

* មាន​អ្វី​កើតឡើង​មុន និង​ក្រោយ​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅដល់​ទីក្រុង​បាងកក​?
​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ដែល​លោក សម រង្ស៊ី រៀបចំ​ផែនការ​ត្រៀម​ឡើង​យន្តហោះ​ពី​ប៉ារីស ដើម្បី​វិល​ត្រឡប់មក​កម្ពុជា​វិញ​តាម​ប្រទេស​ថៃ ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា Patrick Murphy ក៏​កំពុង​ស្ថិតនៅក្នុង​ទីក្រុង​បាងកក​ដែរ​។ ដោយសារ​មាន​ចម្ងល់​អំពី​វត្តមាន​របស់​ឯកអគ្គ​រដ្ឋទូត Murphy នៅ​ទីនោះ ខ្ញុំ​ក៏​ព្យាយាម​ស្វែងយល់ និង​សិក្សា​ថា​តើ​លោក Murphy ទៅ​ទីនោះ​ធ្វើ​អ្វី​? ទីបំផុត​ទើប​ដឹងថា គាត់​មក​ទីក្រុង​បាងកក​ដើម្បី​ទទួល​ភារកិច្ច​ជួយ​សម្របសម្រួល​ការងា​រ​គណៈប្រតិភូ​អាមេរិក​ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​តែប៉ុណ្ណោះ​។​

​ព្រឹត្តិការណ៍​មួយទៀត ចុះ​ហេតុអ្វី​បាន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក អាប់​ភី​ស៊ីត វី​ចា​ជីវ៉ា ចូល​សណ្ឋាគារ​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​បាងកក​?
​បន្ទាប់ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ដល់​សណ្ឋាគារ​នៅ​ទីក្រុង​បាងកក បានតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​គេ​ឃើញ លោក អាប់​ភី​ស៊ីត វី​ចា​ជីវ៉ា ដើរ​ចេញពី​សណ្ឋាគារ​នោះ​វិញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ក​ង​សន្តិសុខ​។​

​បន្ទាប់ពី​មាន​ចម្ងល់​ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត ខ្ញុំ​ក៏បាន​សួរនាំ​អំពី​ហេតុការណ៍​នោះ​ទើប​ដឹងថា លោក​អាប់​ភី​ស៊ីត អញ្ជើញ​ទៅ​ចូលរួម​ពិធីការ​កូនក្រមុំ​ក​ម្លោះ​ថ្មី​មួយគូរ​ដែល​ប្រព្រឹត្តិ​ទៅ​នៅក្នុង​សណ្ឋាគារ​នោះ​តែប៉ុណ្ណោះ​។​

​លោក​អាប់​ភី​ស៊ីត​គឺជា​នាយករដ្ឋមន្ត្រី​ថៃ​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ដែល​បាន​បង្កើត​អរិយ​ភាព​យ៉ាង​ធន់​ធ្ង​រ​ជាមួយនឹង​សម្ដេច​ហ៊ុន សែន ជាពិសេស​ជាមួយនឹង​កម្ពុជា​ជុំវិញ​ជម្លោះ​នៅ​តំបន់​ប្រាសាទព្រះវិហារ​នា​ឆ្នាំ​២០០៨ ដែល​នាំទៅដល់​កូន​សង្គ្រាម​និង​ការបង្ហូរ​ឈាម​រវាង​ប្រទេស​ទាំងពីរ​។​

* ប្រធានបទ​ដែល​អ្នក​សា​ព័ត៌មាន​ចាប់អារម្មណ៍​ជាងគេ​នៅឯ​កិច្ចប្រជុំ​៖
​អ្នកសារព័ត៌មាន​បរ​ទេស​បាន​ចាប់អារម្មណ៍​ខ្លាំងជាងគេ​លើ​កិច្ចប្រជុំ​កំពូល ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) ដែលជា​វេទិការ​សេដ្ឋកិច្ច​ថ្មី​មួយ​មាន កំណើត​ចេញពី​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​សម្លឹងមើល​អំពី​សក្តានុពល​ដ៏​ធំធេង​ដោយសារ​មាន​ប្រទេស​ចំនួន​១៦​បាន​ផ្គុំ​គ្នា រួមទាំង​មហា​យក្ស​ចិន និង មហា​យក្ស​ឥណ្ឌា បូក​ជាមួយ​អាស៊ាន ជប៉ុន កូរ៉េ អូស្ត្រាលី និង ណូ​វែ​ល​ហ្សឺ​ឡង់ ។​

​ដៃគូ​សេដ្ឋកិច្ច​តំបន់​ថ្មី​នេះ​មាន​ប្រជាជន​សរុប​ជាង ៥០% នៃ​ប្រជាជន​ទាំងអស់​នៅលើ​ពិភពលោក ធ្វើ​ឲ្យ​អាមេរិក​សម្លឹង​មិន​ដាក់​ភ្នែក​ឡើយ ហើយ​ចុង​ក្រោយនេះ​ឥណ្ឌា​ហាក់​រារែក ចង់​ដកខ្លួន​ចេញ​វិញ ធ្វើ​ឲ្យ​ជប៉ុន​ចង់​ងាក​ទៅជា​មួយ​ដែរ ព្រោះ​អាមេរិក​ហាក់ដូចជា​កំពុង​នៅ​ពី​ក្រោយខ្នង​ស៊ីញ៉ូ​ឆ្វេងៗ​ស្តាំ​។ សម្រាប់​មេដឹកនាំ​អាស៊ាន​វិញ បានចាត់ទុក​សេចក្តីប្រកាស​កិច្ចព្រមព្រៀង RCEP នៅពេលនេះ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល ទោះបីជា​នៅមាន​បញ្ហា​ខ្លះ ដែល​ត្រូវ​ចរចារ​បញ្ចប់​មុននឹង​ឆ្លង​នីតិវិធី​ផ្ទៃក្នុង​សម្រាប់​ការចុះហត្ថលេខា​នៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​២០២០​ខាងមុខ​។​

​ដោយឡែក​និយាយ​ពី​ឥណ្ឌា​វិញ អ្វីដែល​ធ្វើ​ឲ្យ​ឥណ្ឌា​បារម្ភ ឬ​ភ័យខ្លាច​នោះ​គឺ​ការ​សង្គ្រប់​ចូល​នៃ​ទំនិញ​របស់​ចិន​ទៅក្នុង​ទីផ្សារ​ឥណ្ឌា​។ ក្តីបារម្ភ​នេះហើយ​បានធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​យ៉ាងខ្លាំង​ពី​កសិករ ពី​អ្នកនយោបាយ​ប្រឆាំង និង​សូម្បីតែ​ចលនា​ជាតិនិយម​ហិណ្ឌូ​ដែល​គាំទ្រ​គណបក្ស​របស់គាត់​ក៏​សូមឱ្យ​ឥណ្ឌា​នៅ​ឆ្ងាយ​ពី RCEP ដែរ​។​

* ថៃ​រៀប​មុខម្ហូប​ពិសេស​សម្រាប់​ថ្នាក់ដឹកនាំ​៖
​ថៃ​បានរៀបចំ​មុខម្ហូប​ពិសេស​ចំនួន​១១​មុខ​មកពី​បណ្ដា​ខេត្ត​ក្រុង​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​ទាំង​មី​នុយ (menu) មុខម្ហូប​សរសេរ​ចេញ​ជា​១៥ ភាសា​រួមទាំង​ភាសា​ខ្មែរ​ផង​។ សម្រាប់​អ្នកសារព័ត៌មាន​វិញ ក្រៅពី​កន្លែងធ្វើការ​ស្រួល សម្ភារៈប្រើប្រាស់​បរិបូ​ណ៍​នៅនឹងកន្លែង ម្ហូបអាហារ​សម្បូរបែប ថៃ​ក៏បានផ្ដល់​ម៉ាស្សា FREE ឱ្យ​ម្នា​ក់មួយៗ​រាល់ថ្ងៃ ដើម្បី​សម្រួល​ស​សៃ​ឈាម កុំ​ឲ្យ​អ្នកកាសែត​ស្ត្រេ​ស (stress) សរសេរ​មិនបាន​ល្អ​។​

* ជំនួប​បងប្អូន​ឥណ្ឌូចិន​ទាំងបី​៖
​ដូច​សព្វដង ចាប់តាំងពី​លោក ង្វៀន សួន​ហ្វុ​ក ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​វៀតណាម​មក​លោក​បានចាប់ផ្ដើម​ធ្វើ​ការជួបជុំ​អាហារ​ពេលព្រឹក​ជាប្រចាំ ជាមួយ​មេដឹកនាំ​កម្ពុជា និង ឡាវ​។ រាល់​ជំនួប​នៃ​អាហារ​ពេលព្រឹក​ម្ដងៗ នាយករដ្ឋមន្ត្រី​វៀតណាម​គឺជា​អ្នក​បោះ​មេ ជា​អ្នក​អញ្ជើញ​ភ្ញៀវ​ទាំងពីរ​ទៅ​សណ្ឋាគារ​របស់ខ្លួន​។ អ្នក​ដែល​នៅក្រៅ​ឆាក ឬក៏​មើល​ពី​ចំងាយ​ហាក់ដូចជា​គិតថា​នោះ​គឺជា​បំណង​របស់​វៀតណាម​ដើម្បី​ចង់​ធ្វើជា​បងធំ​នៃ​ប្រទេស​ទាំងបី​។​

ប៉ុន្តែ​បើ​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហោះ​នោះ មាន​ខ្លឹមសារ​ថា​៖ «​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី កម្ពុជា ឡាវ វៀតណាម បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការ​រឹតចំណង​សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងបី […] ភាគី​ទាំងបី​បាន ពិនិត្យ​រួមគ្នា​លើ​គម្រោង​អាទិភាព​នៃ​ការអភិវឌ្ឍ​ឲ្យ​មាន​ការតភ្ជាប់ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាពិសេស​ការលើកកម្ពស់​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​របស់​ប្រជាពលរដ្ឋ​»​។​

បើតាម​ការយល់ឃើញ​ពី​អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​វិញ វៀតណាម​ប្រហែលជា​បារម្ភ​មិនតិច​ឡើយ ហើយ​ប្រហែលជា​កំពុង​គិតថា កម្ពុជា​ងាក​កាន់តែ​ឆ្ងាយៗ​ទៅ​ទៅរក​ចិន ហើយ​ឡាវ​ក៏​កំពុង​ពិចារណា​ដើរ​លើផ្លូវ​តែមួយ​ជាមួយ​កម្ពុជា​ដែរ ដូចនេះហើយ ទើប​មេដឹកនាំ​វៀតណាម​ព្យាយាម​រៀបចំ​ជំនួប​ជាប្រចាំ​ជាក់ស្តែង​ការ​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ជាមួយគ្នា​ដល់​ទៅ​២​ដង ក្នុង​មួយឆ្នាំ ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅក្នុង​ឆាកនយោបាយ​តំបន់​។​

* លេខ ៩ នយោបាយ និង​លេខ ៩ កីឡា​៖
​មាន​អ្នកតាមដាន​នយោបាយ​នាំគ្នា​ឆ្ងល់​ថា ហេតុអ្វី​បានជា​នៅឯ​កិច្ចប្រជុំ​អាស៊ាន​លើក​នេះ ស្រាប់តែ​គេ​ផ្ដល់​អាវយឺត​ម្នាក់​មួយៗ​ដល់​ថ្នាក់ដឹកនាំ ជាពិសេស​លេខ ៩ ឲ្យ​ចំ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពេល​ដែល​លោក សម រង្ស៊ី កំពុងតែ​ប្រើប្រាស់​លេខ​៩ ក្នុង​យុទ្ធនាការ​នយោបាយ (​ម្រាម ៩) ដើម្បី​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​។​

​រឿង​ពិត​គឺ​មិនបាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​នយោបាយ​ទេ វា​គ្រាន់តែ​ជាការ​ចៃដន្យ​។ ក្រោយពី​ការចុះហត្ថលេខា​លើ​អនុស្សារណ​:​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​សមាគម​នៃ​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) រួច លោក​ប្រធាន FIFA បានប្រគល់​អាវយឺត​ឲ្យ​ថ្នាក់ដឹកនាំ​ម្នាក់​មួយ​ដោយ​លេខ ៩ សំដៅ​ទៅលើ​ថ្នាក់ដឹកនាំ​ដែលមាន​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ឯ​លេខ ១០ សម្រាប់​ប្រធានាធិបតី ឬ​ព្រះមហាក្សត្រ ដោយឡែក​លេខ ២១ ប្រគល់​ទៅ​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដោយ​មូល​ហេតុថា​ឥណ្ឌូនេស៊ី​ជា​ម្ចាស់ផ្ទះ U-20 Soccer World Cup នៅ​ឆ្នាំ ២០២១​។​

​ដោយឡែក​នៅក្នុង​វិស័យ​កីឡាបាល់ទាត់ លេខ​៩ ត្រូវបាន​គេ​ចាត់ទុកថា ជា​លេខ​ពិសេស​ព្រោះ​អ្នក​ដែល​ពាក់​លេខ​៩ គឺជា​ខ្សែប្រយុទ្ធ​ជា​អ្នក​ទាត់​បាល់ប​ញ្ជូ​ល​ទី (goal)​។ តារាបាល់ទាត់​ដែល​ពាក់​លេខ​៩ ហើយ​ប្រហែលជា​ល្បី​ជាងគេ​នៅលើ​ពិភពលោក​គឺ រ៉ូ​ណា​ល់​ដូ ដែល​ទាត់​បញ្ចូល​ទី​បាន​៦៨​គ្រាប់​នៅក្នុង​ការប្រកួត​ចំនួន​៩២​លើក​។ ដោយឡែក​សម្រាប់​លេខ ១០ វិញ​គឺជា​ខ្សែបម្រើ ហើយ​តារាបាល់ទាត់​ល្បីៗ​ដែល​ពាក់​លេខ ១០ រួមមាន​ប៉េ​ឡេ និង ម៉ា​រ៉ា​ដូ​ណា​។ ចំពោះ​កីឡាករ​បាល់ទាត់​ល្បី​ដែល​ពាក់​លេខ​២១ គឺ រ៉ូ​ណា​ល់​ឌី​ញ៉ូ មកពី​ប្រេ​ស៊ី​ល ។​

* នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា រត់​មក​អោប​មេដឹកនាំ​ឥណ្ឌូចិន​៖
​ក្រោយពី​កិច្ចប្រជុំ​ជាមួយ​សម​ភាគី​ចុងក្រោយ អាស៊ាន​-​ជប៉ុន ចប់​ភ្លាម លោក​ប្រា​យុទ្ធ គ្រាន់តែ​ឃើញ​មេដឹកនាំ កម្ពុជា វៀតណាម ឡាវ កំពុង​ឈរ​ជជែក​គ្នា​ស្រាប់តែ​រត់ មក​អោប​ពីក្រោយ​រហូត​អ្នក​នៅក្បែរ​ទាញ​ទូរស័ព្ទ​រៀងៗ​ខ្លួន​ស្ទើរតែ​មិនទាន់​ដើម្បី​ថតរូប រីឯ​នាយករដ្ឋមន្ត្រី​ឡាវ មិន​អស់ចិត្ត​ដែរ​ក៏​បក់ដៃ​ហៅ​កូនចៅ​លឿន​ឡើង «​ថត​មួយៗ​»​។​

* យន្តហោះ​អាមេរិក​ខូច ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រតិភូ​ដ​ទៃ​៖
​វា​ពិតជា​កម្រ​ណាស់​ដែល​យន្ត​ហោះ​អាមេរិក ជា​ប្រទេស​អ្នកមាន និង​ជា​មហាអំណាច​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​បែរជា​ខូច​។ យន្តហោះ​នោះ​ត្រូវការ​ពេល​ជួសជុល​អស់​មួយថ្ងៃ ទម្រាំ​អាចធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​បាន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មេដឹកនាំ​ដទៃទៀត​ដែល​ត្រូវ​ចេញដំណើរ​ដែរ​។​

* មុខមាត់​ថៃ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៩៖
ក្នុងនាម​ជា​ម្ចាស់ផ្ទះ​មួយឆ្នាំ​ពេញ អ្នក​តាមដាន​កិច្ចការ​អាស៊ាន​បាន​វាយតម្លៃថា​ទោះបីជា​លោក ប្រយុទ្ធ ចាន់​អូ​ចារ បាន​សម្ដែង​ក្តី​រីករាយ​នៅ​ថ្ងៃ​បញ្ចប់​នៃ​កិច្ចប្រជុំ​ក៏ដោយ ក៏​ប្រទេស​ថៃ​បាន​បាក់មុខ​មិន​តិច​ឡើយ ព្រោះ​ភ្ញៀវ​សំខាន់​ដល់​ទៅ​ពីរ​រូប គឺ​ប្រធានាធិបតី​អាមេរិក Donald Trump និង​នាយករដ្ឋមន្ត្រី​កាណាដា Justin Trudeau មិន​មាន​វត្ត​មាននៅ​ប្រទេស​ថៃ​ឡើយ ហើយ​កិច្ចព្រមព្រៀង RCEP ដែល​គ្រោង​ចុះហត្ថលេខា​នៅ​ប្រទេស​ថៃ​ចុង​ឆ្នាំនេះ​ក៏ត្រូវ​បាត់បង់​ទៅទៀត ទុក​ឲ្យ​វៀតណាម​ជា​អ្នក​ត្រង​យក​ចំណេញ​នៅ​ឆ្នាំក្រោយ៕

អត្ថបទ ៖ ពុយគា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114