រឿង សោ​ភ័​ណ្ឌ ជួប ផ្លាំ​ង​នុម ឯ ម៉ន សា​ម៉េ​ត ជួប ទួន​ប៉េ នៅ​សង្វៀន​បិទទ្វារ​ឯក​ភ្នំ

រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ជើង​ខ្លាំង ​នៃ​ក្លិប​មកុដ​រាជសីហ៍ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ផ្លាំ​ង​នុម ប៉​.​យុទ្ធភូមិ​(Phlangnum Phor.Yutaphum) អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ នា​យប់​ថ្ងៃអាទិត្យ​ ទី​២២ ខែ​មីនា​ឆ្នាំ​២០២០​នេះ នៅលើ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ របស់​ទូរទស្សន៍​បាយ័ន។

ការប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅ​សង្វៀន​ឯក​ភ្នំ ខេត្ត​បាត់ដំបង​នេះ ក៏​ជាការ​ប្រកួត​បិទទ្វារ​ដែ​រ ដោយ​ពុំ​មាន​ឲ្យ​ទស្សនិកជន​ចូល​មើល​ទេ គឺ LIVE តាម​ប៊ី​ធី​វី​សម្រាប់​ឲ្យ​បងប្អូន​ទស្សនា​តាម​ផ្ទះ​ប៉ុណ្ណោះ។

សោ​ភ័​ណ្ឌ និង ផ្លាំ​ង​នុម នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​កន្លងមក តែ​ពុំ​ដែល​ប៉ះ​ជាមួយ​រឿង សោ​ភ័​ណ្ឌ ​នោះទេ។ ដូច្នេះ​ជំនួប​គ្នា​លើក​នេះ ជា​ជំនួប​លើក​ទី​១ របស់ ​ផ្លាំ​ង​នុម និង រឿង សោ​ភ័​ណ្ឌ ហើយ​មិនដឹងថា រឿង សោ​ភ័​ណ្ឌ អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន ​ឬ​អត់​នោះទេ?។

ផ្លាំ​ង​នុម ប៉​.​យុទ្ធភូមិ ជា​ជើង​ខ្លាំង​របស់​ប្រទេស​ថៃ ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នេះ។ អ្នក​ប្រដាល់​ថៃ ផ្លាំ​ង​នុម នេះ គេ​មាន​កំណត់ត្រា​ប្រកួត​ច្រើន​គួរសម​ដែរ គឺ​ចំនួន​៩៤​លើក ឈ្នះ​៧៥ លើក ចាញ់​១៧​លើក​ និង​ស្មើ​០២​លើក ហើយ​គេ​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៦​លើក​។ បើតាម​ប្រភពពី​អ្នកតាម​ដាន​កីឡាប្រដាល់​ឲ្យ​ដឹង​នោះ​ថា ផ្លាំ​ង​នុម​ប៉​.​យុទ្ធភូមិ ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ដែរ ​នៅ​ស្រុកថៃ​ពីមុនមក ​តែ​សម្រាប់​បច្ចុប្បន្ន ​មិនដឹងថា​គេ​រក្សា​នូវ​ភាព​ខ្លាំង​ដដែល ​ឬ​យ៉ាង​ណា​នោះ​ទេ​។

ទោះជា​យ៉ាងណា រឿង សោ​ភ័​ណ្ឌ គេ​មិន​ខ្លាច​នោះ​ឡើយ ទោះបីជា​មិនដែល​ធ្លាប់​ប៉ះ​គ្នា​ក៏ដោយ។ សោ​ភ័​ណ្ឌ គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ច្រើន​ស្ថាប័ន​ដែរ។ គេ​មាន​ផ្លែ​កណ្ដាប់ដៃ ទាត់ និង​ កែង​ល្អ​ណាស់ ហើយ​ថែមទាំង​មាន​កម្លាំង​កាយសម្បទា​ល្អ​រឹងមាំ មិន​ចាញ់​អ្នក​ប្រដាល់​បរទេស​ឡើយ​។

សោ​ភ័​ណ្ឌ មានចិត្ត​ប្រដាល់​ធំ មិនចេះ​ខ្លាច មិនចេះ​ញញើត ហើយ​មាន​ល្បិចកល​ច្រើន​ក្នុងការ​ផ្តួល​គូ​ប្រកួត​។​ ដូច្នេះ​អ្នក​ប្រដាល់​ថៃ ​ផ្លាំ​ង​នុម​ មិន​ប្រាកដ​ថា អាច​ឈ្នះ​រឿង ​សោ​ភ័​ណ្ឌ ​បាន​នោះ​ឡើយ​។ ប៉ុន្តែ​យ៉ាងណា សោ​ភ័​ណ្ឌ មិន​អាច​មើលស្រាល ​ផ្លាំ​ង​ នុម ​នោះដែរ។​

រឿង សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត​ជាង​១៦៨​លើក ដែល​ក្នុង​ចំនួន​នេះ គេ​វាយ​ឈ្នះ​១៤៧​លើក ចាញ់​១៧​លើក និង​ស្មើ​០៤​លើក ហើយ​គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ប៉ុន្មាន​ខ្សែ​ដែរ នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ។ ចាំមើល តើ​រឿង សោ​ភ័​ណ្ឌ ឬ ផ្លាំ​ង​នុម នរណា​ឈ្នះ​ក្នុង​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ។

សូមបញ្ជាក់ថា រឿង សោ​ភ័​ណ្ឌ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ផា ផាក​យ៉ា​ត​(Pha Phakyat) ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៤​មករា​កន្លងមក​នោះ​។​

ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រ ដាល់​ថៃ​ឈ្មោះ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក់ (Tuanpe Site samphayak)​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម។​

សា​ម៉េ​ត ជា​អ្នក​ប្រដាល់​ចិត្តធំ ក្លាហាន​ និង​មាន​ផ្លែ​វាយ​ចេញ​ល្អ ​រហ័ស តែ​អ្នក​ប្រដាល់​រូបនេះ​ចូលចិត្ត​កេង​បន្លំ​បន្ថែម​លើ​គូប្រកួត ក្នុង​ខណៈដែល​គូប្រកួត​ដួល ឬ ក្រោយពេល​អាជ្ញាកណ្ដាល​ឃាត់​ទៅ​ហើយ​នោះ។ មួយរយៈ​នេះ នៅលើ​សង្វៀន​ប្រកួត សា​ម៉េ​ត​ តែងតែ​បាន​ទទួល​លទ្ធផល​ល្អ​ភាគច្រើន ។

ចំពោះ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក់ វិញ គេ​ក៏​ឧស្សាហ៍​ឆ្លងដែន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ដែរ។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចរិត​ស្ងប់ស្ងាត់ តែ​គេ​មិនមែនជា​អ្នក​ប្រដាល់​ដែល​កម្សោយ​នោះឡើយ។

កាល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​កន្លងមក គេ​មាន​ឈ្នះ​មាន​ចាញ់​ជាធម្មតា។ សម្រាប់​លើក​នេះ ទាំង​ម៉ន សា​ម៉េ​ត ទាំង ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក់ ពិតជា​ទទួល​ការងារ​ធ្ងន់​ដូចគ្នា​ហើយ។

សា​ម៉េ​ត មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៥០​លើក ឈ្នះ​១១០​លើក ចាញ់​៣៣​លើក និង​ស្មើ​ចំនួន​៧​លើក។ ចំពោះ​អ្នក​ប្រដាល់​ថៃ​ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក់ វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៥៥​លើក ចាញ់​២១​លើក និង​ស្មើ​ពិន្ទុ​១​លើក។ ជំនួប​មួយ​នេះ មិនដឹងថា​ម៉ន សា​ម៉េ​ត បន្ថែម​ស្ថិតិ​ឈ្នះ​ក្នុង​កំណត់ត្រា​ប្រកួត​របស់ខ្លួន​ឬក៏​យ៉ាងណា​នោះទេ៕


អត្ថបទ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114